ព័ត៍មានទាន់​ហេតុការណ៏
Search

ធាតុ​ដាក់​ឆ្អឹង​ចំនួន​២ ត្រូវបាន​អ្នកស្រាវជ្រាវ​ប្រទះឃើញ​នៅក្នុង​កំណាយ នៃ​បរិវេណ​ប្រាសាទបន្ទាយក្ដី

សៀមរាប​ ៖ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន គឺ​លោក ញឹម សុធា​វិន្ទ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​វត្ថុ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ពី​សម័យមុន​មួយចំនួន​ពាក់ព័ន្ធ​និង​សាសនា ក្នុង​នោះ​មាន​ធាតុ​ដាក់​ឆ្អឹង​ចំនួន​២ ត្រូវ​បាន​ប្រទះឃើញ ប៉ុន្ដែ​ទាន់​ដឹង​ច្បាស់​ថា កើតឡើង​នៅ​សម័យ​កាលណា​នៅឡើយ​នោះទេ ដោយ​រង់ចាំ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ខណៈ​ពេល​ដែល​កាលពី​ឆ្នាំ​១៩៩៦ ក្រុមមន្ត្រី​ជំនាញ បាន​ធ្វើ​កំណាយ​នៅក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្តី​នេះ​រួច​ម្តងមកហើយ ហើយ​ពេលនោះ គេ​បាន​រកឃើញ​កោដ្ឋ​ចិន​ដាក់​ឆ្អឹង ដែល​ក្រុម​អ្នកជំនាញ​អះអាងថា កោដ្ឋ​ដាក់​ឆ្អឹង​ទាំងនោះ ត្រូវបាន​គេ​យកមក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​សាសនា​នេះ។

លោក ថូ ថុ​ន បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ដើម្បី​បានដឹង​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ​បុរាណ​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្ដី មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​ធ្វើ​កំណាយ មួយកន្លែង​នៅ​ចន្លោះ​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ក្នុង​គោលបំណង​ស្រាវជ្រាវ​អំពី​រចនាសម្ព័ន្ធ និង​ការ​ទំនាក់ទំនង​គ្នា​រវាង​ខឿន​ព្រះពុទ្ធសាសនា និង​ប៉ម​C19 ដូច្នេះ​ការ​ធ្វើ​កំណាយ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​អប្សរា ព្រោះ​អាជ្ញាធរ​អប្សរា គឺ​អ្នកគ្រប់គ្រង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ដូច្នេះ​ការដែល​បាន​ដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ​បុរាណ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់ធ្វើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទបុរាណ​។

​លោក ថូ ថុ​ន បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពី​បាន​ដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ​បុរាណ​ហើយ​នោះ កំណាយ​នេះ​ក៏​បាន​ផ្តល់​ចំណេះដឹង​ដល់​និស្សិត​ផ្នែក​បុរាណ​វិទូ​ផង​ដែរ ព្រោះថា ការ​ធ្វើ​កំណាយ​នេះ​មាន​និស្សិត​ចូលរួម​សិក្សា​ឈ្វេងយល់ ហើយ​ពួកគេ គឺជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ៕
​កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114