ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន ដែល​ពូកែ​ឆបោក​ប្រាក់គេ​រាប់​សែន​ដុល្លារ នឹង​ត្រូវ​បាន​បើក​សវនាការ​នៅ​ថ្ងៃទី​១៥សីហា​ខាងមុខ

ប៉ៃលិន​ ៖ តាម​ប្រភពព័ត៌មាន​ពី​សាលាឧទ្ធរណ៍ បាន​ឲ្យ​ដឹងកាលពី​រសៀល​ថ្ងៃទី​១៣​សីហា​ថា ស្ត្រី​ឈ្មោះ រឿន ចរិយា ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន ដែល​ពូកែ​បោកប្រាក់គេ យកលុយ​ទៅធ្វើ​ផ្ទះ​សំណាក់ និង​ទិញ​ដី​ឲ្យ​គេ​ដាក់ឈ្មោះ​ខ្លួន​ឯង​នោះ នឹង​ត្រូវបាន​បើកសវនាការ នៅ​ថ្ងៃទី​១៥ ខែសីហា ខាង​មុខនេះ​ហើយ ខណៈពេលដែល​ជនរងគ្រោះ កំពុងមាន​ការសង្ស័យ​ថា មន្ត្រី​ពុក​រលួយ​ខាងលើ អាច​នឹង​មានការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ព្រោះ​មាន​គេ​កំពុង​រត់​ឯកសារ​សម្របសម្រួល។​

​ប្រភព​ព័ត៌មាន​ពី​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ រឿន ចរិយា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន រស់នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ ក្រោម​បទ​ចោទ រំលោភ​លើ​ទំនុក​ចិត្ត និង​ការ​ក្លែងបន្លំ​ឯកសារ ហើយ​នឹង​ត្រូវ​បាន​បើកសវនាការ​នៅ​វេលា​ម៉ោង​៨និង​០០​នាទី ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​បន្ទប់​លេខ​«៣» សាលាឧទ្ធរណ៍ ដោយមាន​ការចូលរួម​ពី​ លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​ នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍​ផង​ដែរ។​

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា នេះ​ថា​ ៖ ពួកគាត់​កំពុង​មាន​ការសង្ស័យ ចំពោះ​ជន​ត្រូវ​ចោទ​ឈ្មោះ រឿន ចរិយា ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់ ដែល​ពូកែ​បោកប្រាស់ ពូកែ​ល្បិច ធ្វើ​ឲ្យ​ពួកគាត់​ជឿ​ទុកចិត្ត​ចេញ​លុយ រាប់សែន​ដុល្លារ អាច​នឹង​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​មានឈ្មោះ ហោ គា​ឡេង ចៅក្រម នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​យក​ឯកសារ ដោយ​សម្ងាត់ ទៅ​ជួបនឹង​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា ​នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍ កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ប្រភពព័ត៌មាន​បាន​បន្តទៀតថា​ បើតាម​ពួកគាត់ បានឮ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ នឹងត្រូវ​គេ​ហៅ​ស្ត្រី​ជាប់ចោទ​ទៅ​សាកសួរ ដើម្បី​ពិភាក្សា ដែល​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ ខ្លាចក្រែង​តែ​សាលាឧទ្ធរណ៍​ត្រូវរ៉ូវ ជាមួយនឹង​ជន​ត្រូវ​ចោទ ហើយ​រក​វិធី​ដោះលែង​ស្ត្រី​រូបនេះ ឲ្យ​នៅ​ក្រៅ​ឃុំ ប្រសិន​ដូច្នោះ​មែន ពួកគាត់ គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ព្រោះ​ស្ត្រី​បោកប្រាស់​ម្នាក់នេះ មិន​ព្រម​សងបំណុល​ជំពាក់​លុយ សុខចិត្ត​ជាប់​ពន្ធនាគា​រ​ជំនួស​វិញ ជាមួយគ្នានេះ ពួកគាត់​បាន​សំណូម​ពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​មេត្តា​ជួយ​តាមដាន​រឿង​ដែល​លេច​ធ្លាយ​ថា​មាន​ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន កំពុង​រត់ការ​បម្រុង​ដោះលែង​មនុស្ស​ខូច​ម្នាក់នេះ​ផងដែរ។

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ប៉ៃលិន​ជាច្រើន​នាក់ កំពុង​រង់ចាំ​មើល​រឿងរ៉ាវ​ឆបោក​លុយ​ដ៏​កក្រើក​មួយ​នេះ ថា​ តើ ខាង​អយ្យការ​អម​សាលាឧទ្ធរណ៍ និង​សាលាដំបូង​ខេត្ត​ប៉ៃលិន ផ្តល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដល់​កម្រិត​ណា​?

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ​ ភ្នាក់ងារ​សារព័ត៌មាន​យើង មិនអាច​សុំ​ការបកស្រាយ​ពី​លោក ហោ គា​ឡេង ចៅក្រម នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានទេ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ។ ចំណែក​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​ នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍ ក៏បាន​បដិសេធ​ដែរ​ថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ ហើយក៏​អត់​បាន​កាន់​សំណុំរឿង​នេះ​ផងដែរ​ដែរ៕

ដោយ ៖​ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114