ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​លោក​ផ្កាយ​២​យោធា​ម្នាក់ ​ឈូស​ដី​គម្រប​ព្រៃ​របស់​រដ្ឋ​អស់​ជាង​៦៨​ហិកតា​ នៅក្នុង​ភូមិ​ចំបក់ ប្រាសាទ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចហើយ​

កំពង់ឆ្នាំង ​៖ សមត្ថកិច្ច​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បានឲ្យ​ដឹងថា ​៖ សំណុំរឿង​លោក​ផ្កាយ​២​យោធា​ម្នា​ក់ នៅ​ខេត្ត​បាត់ដំបង លួច​ឈូសឆាយ​គម្រប​ព្រៃឈើ​របស់​រដ្ឋ​អស់​ចំនួន​ជាង​៧៨​ហិកតា​ នៅក្នុង​ភូមិសាស្ត្រ​ដី​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស កាលពី​ខែកក្កដា​មុន​នេះ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចហើយ កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៩​ថ្មីៗ​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។​

​ទាក់ទង​នឹង​សំណុំរឿង​ខាងលើនេះ លោក ចៅ សៀង នាយរង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គារ ស្រុក​ទឹ​កុស កាលពី​ល្ងា​ថ្ងៃទី​១៣​សីហា​នេះ បាន​រំលឹក​ឲ្យដឹងថា ​៖ នៅ​ល្ងាច​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត បាន​ចុះទៅ​បង្ក្រាប​ករណី​ឈូសឆាយដី​គម្រប​ព្រៃរបស់​រដ្ឋ​ឆ្នាំ​២០០២ នៅ​ចំណុច​ខាងលិច​ភ្នំ​ដី ស្ថិតក្នុង​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ​ស្រុក​ទឹកផុស ដែល​ក្នុងពេលនោះ​សមត្ថកិច្ច​ចម្រុះ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ តូ ជា​កម្មករ​បើក​គ្រឿងចក្រ និង​ដកហូត​វត្ថុតាង​គ្រឿងចក្រ​ចំនួន​៣​គ្រឿង មាន​អា​បុល​១​គ្រឿង អេ​ស្កា​វ៉ា​ត់​ទ័​រ​១​គ្រឿង និង​រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង ដែល​គេ​បាន​លាក់ទុក​នៅលើ​ដី​គម្រប​ព្រៃរបស់​រដ្ឋ ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្រោយពី​បញ្ចប់​ការបង្ក្រាប ក្នុងពេល​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​នាំ​ខ្លួន​ជន​សង្ស័យ​ជា​កម្មករ​ម្នាក់​នោះមក​ប៉ុស្តិ៍ ត្រូវបាន​កម្មករ​រូបនោះ​រត់គេចខ្លួន​បាត់ ក្នុង​ពេល​សុំ​សមត្ថកិច្ច​ទៅ​បត់ជើង​នៅក្នុង​ព្រៃ។​

សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានបញ្ជាក់​ឲ្យ​ដឹងទៀតថា​ ក្រោយពេល​បង្ក្រាប​ សមត្ថ​កិច្ច​បាន​ចុះទៅ​វាស់វែង​នៅ​ចំណុចកើតហេតុ ពិនិត្យឃើញថា ដីព្រៃ​គ្រប​ព្រៃឈើ​ឆ្នាំ​២០០២​ របស់​រដ្ឋ​មាន​២​កន្លែង ​សរុប​ចំនួន​ជាង​៦៨​ហិកតា ត្រូវបាន​ លោក លឹម ទា​ឡេង ផ្កាយ​២​យោធា ជា​ម្ចាស់​ដី​រស់នៅ​ខេត្ត​បាត់ដំបង បាន​ជួល​ឲ្យ​ ឈ្មោះ ច្រឹ​ក ច្រឹង ជា​ម្ចាស់​គ្រឿងចក្រ​រស់នៅ​ក្រុង​កំពង់ឆ្នាំង មក​ឈូស​យក​ធ្វើជា​កម្មសិទ្ធិ ដែល​ដី​ដីព្រៃ​ចំណុច​ទី​១ មាន​ចំនួន​២៦,៩៨៥១​ហិកតា គឺ​គេ​ទើបតែ​ឈូស​ថ្មីៗ​ក្នុង​ពេល​ថ្មីៗ និង​ចំណុច​ទី​២​ដីព្រៃ ចំនួន​៤១,៧១៣៤​ហិកតា គឺ​គេ​បាន​ឈូសឆាយ​កន្លងមក​ថ្មីៗ​នេះដែរ ។

​ចំពោះ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នេះ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​រួចរាល់ និង​បាន​បញ្ជូន​តុលាការខេត្ត​រួចហើយ ដោយ​ចោទប្រកាន់ តាម​មាត្រា​ទី​៩៣, ៩៦ និង ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ដើម្បីឲ្យ​តុលាការ​ចំណាត់ការ​តាម​នីតិ​វិធី ដែល​ខាងមុខនេះ ម្ចាស់​ដី​ជា​លោក​ផ្កាយ​២​យោធា​ខាងលើ នៅ​ខេត្តបាត់ដំបង នឹង​ត្រូវ​តុលាការ​កោះហៅ ជាមួយនឹង​ម្ចាស់​គ្រឿងចក្រ ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅក្នុង​សំណុំរឿង​ខាងលើនេះ។

​ដោយឡែក វត្ថុតាង​បទល្មើស​គឺ ​៖ គ្រឿងចក្រ​២​គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ស្គារ និង​១​គ្រឿង​ទៀត បាន​ធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ ប្រគល់ជូន​ប្រជាពលរដ្ឋ​ម្នាក់​រក្សាទុក​បណ្ដោះអាសន្ន នៅ​ជិត​ចំណុច​ដី​គ្រប​ព្រៃ​រដ្ឋ​ដែល​ត្រូវគេ​លួច​ឈូសឆាយ ដោយសារ​តែ​ដី​ជាប់​ផុង​មិន​អាច​ដឹក​ចេញមក​បាន៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114