ព័ត៍មានទាន់​ហេតុការណ៏
Search

Range Rover ១​គ្រឿង ​បោល​បុក​រថយន្ត​ស្ទូច​ពីក្រោយ រួញ​អស់​១​កំណាត់​មុខ នារី​រួម​ដំណើរ​សន្លប់​ឈឹង

ភ្នំពេញ ​៖​ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Range Rover មួយគ្រឿង​ បានទទួល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​រួញ​អស់​១​កំណាត់​មុខ និង​បាន​ធ្វើឲ្យ​នារី​រួម​ដំណើរ​ម្នាក់​សន្លប់​ឈឹង ក្រោយពី​រថយន្ត​មួយ​គ្រឿង​នេះ សង្ស័យ​ម្ចាស់​វា​ស្រវឹងធ្លាក់ភ្នែក បោល​ទៅបុក​រថយន្តស្ទូច​ពីក្រោយ​យ៉ាង​ពេញទំហឹង​នោះ។

ហេតុការណ៍​នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​២៨៩ មុខ​សាលាបឋមសិក្សា​ទួលគោក ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងធ្លាក់ភ្នែក បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក រ៉េ​ង​រូ​វើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AE-9998 និង​មាន​ស្ត្រី​ម្នាក់ទៀត​រួម​ដំណើរ តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិសដៅ​មកពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ព្យុះ​ លុះ​បើកបរ​មកដល់​ចំណុច​កើត​ហេតុ ដែល​មាន​រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​ទៀត ​ម៉ាក KATO ពណ៌​លឿង គ្មាន​ស្លាក់​លេខ ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ស្ទូច​បង្ក្រាប​ភ្លើង​នៅត្រង់ចំណុច​កើត​ហេតុ ដោយមាន​អ្នក​ឈរ​គ្រវី​ភ្លើង​ពិល​ជា​សញ្ញាណ​ផង​ដែរ។ ខណៈ​ពេល​នោះ ​ដោយ​អ្នក​បើកបរ​រថយន្ត​រ៉េ​ន​រ៉ូ​វើ​រ​ខាងលើ​ សង្ស័យ​ស្រវឹង​ខ្លាំង​ពេក ក៏​ជ្រុល​ទៅ​ខាង​ស្តាំ បុក​ពីក្រោយ​រថយន្ត​ស្ទូច​ខាង​លើ​ចំ​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ ដែល​រួម​ដំណើរ​នៅ​លើ​រថយន្ត​រ៉េ​ន​រ៉ូ​វើ​រ​សន្លប់​ស្ដូកស្ដឹង។ ​ចំណែក​ឯ​រថយន្ត​រង​ការខូចខាត​រួញ​អស់​មួយ​កំណាត់​ខាងមុខ រីឯ​រថយន្តស្ទូច​រង​ការខូចខាត​បន្តិចបន្តួច។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ខាង​លើ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ដោយឡែក ​រថយន្ត​ទាំងពីរ​គ្រឿង​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕

ដោយ ៖ ​ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114