ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ចម ប្រសិទ្ធ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​-​កែប ចុះ​ពិនិត្យ​ដំណើរការ​ស្ដារ​ឡើង​វិញ​នូវ​ទំនប់​ប្រទាក់​ក្រឡា​ ក្រោយ​ទទួលរង​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​

កំពត​-​កែប​ ៖ លោក ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពត និង លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ព្រមទាំង លោក កែន ស​ត្ថា អភិបាលខេត្ត​កែប រួម​មន្ត្រី​ថ្នាក់ដឹកនាំ​ នៃ​ខេត្ត​ទាំងពីរ នៅ​រសៀល​ថ្ងៃទី​១២ ​ខែ​សីហា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ស្ដារ​ជួសជុល​ឡើងវិញ​នូវ​ទំនប់​ប្រទាក់ក្រឡា​ក្រោយ​ទទួលរង​ការវាយប្រហា​ដោយ​ទឹកជំនន់​កាល​វេលា​រៀប​ភ្លឺ​នា​ថ្ងៃទី​១១ ខែ​សីហា ​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មី​នេះ​។​

មានប្រសាសន៍​សំណេះសំណាល ជាមួយ​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម និង​អាជ្ញាធរ​មូលដ្ឋាន ​ព្រមទាំង​ប្រជាពលរដ្ឋ​នាឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា បញ្ហា​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ គឺជា​ទុក​លំបាក​របស់​ថ្នាក់ដឹកនាំ​ នៃ​រាជរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់​ ពិសេស​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ តែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ហើយ​ សម្ដេច​តេ​ជោ​ តែងតែ​ក្រើន​រំលឹក​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ជួប​ទុក្ខ​លំបាក​គ្រប់​ពេល​វេលា​។

លោក ជាវ តា​យ ក៏បាន​សូម​ការ​អធ្យាស្រ័យ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ ​ក៏​ដូច​ក្រុមការងារ​ដែល​កំពុង​អវត្តមាន​មិនបាន​ចុះ​ជាប់​ផ្ទាល់​នៅពេល​ទំនប់​បាក់​ភ្លាមៗ​ ដោយសារ​បញ្ហា​សុខភាព​ដែល​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភារកិច្ច​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្តកំពត​។

លោក​អភិបាលខេត្ត​ ក៏បាន​បញ្ជាក់ថា ប៉ុន្តែ​ទោះបីយ៉ាងណា ​លោក​បាន​ណែនាំ​ចាត់​បញ្ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​មូលដ្ឋាន​ឲ្យ​នៅ​ជាប់​ជាមួយ​សភាពការណ៍ ​និង​បងប្អូន​ជាប្រចាំ​ជានិច្ច​។​

ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ​ចម ប្រសិទ្ធ ក៏បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ និង​មន្ត្រី​ នៃ​ខេត្ត​ទាំងពីរ កំពត​-​កែប ព្រមទាំង​ក្រុមការងារ​អន្តរាគមន៍​ក្រសួង​ធនធាន​ទឹក រួម​នឹង​ប្រជាពលរដ្ឋ ដែល​បានរួម​សហការគ្នា​បាន​ម្ចាស់ការ​គ្រប់គ្រង​ស្ដារ​ជួសជុល​ឡើងវិញ​នូវ​ការ​បាក់​ទំនប់ទឹក​នេះ​ដែល​ជា​សក្ដានុពល​ធនធាន​ទឹក​ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ខេត្ត​ទាំងពីរ​កំពត​-​កែប​។​

លោក​ទេសរដ្ឋមន្ត្រី​ ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​បច្ចេកទេស​ ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​ការ​ស្ដារ​ជួសជុល​ទំនប់​នេះ ​ទាំង​គុណភាព​ និង​បរិមាណ​ទឹក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើងវិញ​ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ពិសេស​បម្រើឲ្យ​វិស័យ​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្ត​ទាំងពីរ​កំពត​-​កែប​ផង​ដែរ​។​ជាមួយ​នោះដែរ ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ ក៏បាន​នាំយក​នូវ​ថវិកា​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ និង​ក្រុម​សូមបញ្ជាក់ថា ​៖​ ទំនប់​អាងទឹក​នេះ​ ជា​ប្រភេទ​អាងទឹក​ដែលមាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រ​គូប​។​

​ដោយសារ​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ​ពិសេស​នៅ​យប់​ថៃ្ង​ទី​១០ ខែ​សីហា ដែល​មាន​បរិមាណ​ទឹក​ច្រើន​ធ្វើ​ឲ្យ​មានការ​ស៊ី​រូងដី​នៅ​ផែ្នក​ក្បាល​ទំនប់​ប្រវែង​១៥​ម៉ែត្រ និង​តួ​ទំនប់​បង្ហៀរ​១៥​ម៉ែត្រ សរុប​ប្រមាណ​៣០​ម៉ែត្រ​ ធ្វើ​ឲ្យ​បាក់​ទំនប់​បង្ហៀរ ហើយ​ពេលនេះ​បាន​និង​កំពុង​ម្ចាស់ការ​គ្រប់គ្រង​ និង​ធ្វើ​ការ​ស្ដារ​ជួសជុល​ឡើងវិញ​ហើយ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114