ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អ៊ុំ​ រាត្រី​ ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវ​ស្រុក​មង្គល​បូរី​ ​ឃើញ​ថា ​ស្រូវ​បង្កើន​រដូវ​នៅ​តំបន់​នោះ​ ពុំ​មានការ​ប្រឈម​ខ្វះ​ទឹក​ទៀត​ទេ

បន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​រ័ត្ន​ ដា​ស៊ី​ណង់​ អភិបាលស្រុក​មង្គល​បូរី មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវ និង​ទឹក​ស្រោចស្រព​ស្រូវ​បង្កើន​រដូវ​របស់​ប្រជាកសិករ នៅ​ឃុំ​ស្រះ​រាំង ឃុំ​គោ​កប​ល័​ង្ក និង​ឃុំ​សំបួរ នៃ​ស្រុក​មង្គល​បូរី​។

​លោក​អ៊ុំ ​រាត្រី​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ជាក់ស្តែង ស្ថានភាព​ស្រូវ​បង្កើន​រដូវ​នៅ​តំបន់​នោះ ពុំមាន​ការ​ប្រឈម​ខ្វះ​ទឹក​នោះទេ ដោយសារ​យើង​មាន​ប្រព័ន្ធ​ប្រឡាយ​តូចធំ ត​ភ្ជាប់​មកពី​ស្ទឹង​មង្គល​បូរី តាម​ប្រឡាយ​ពោធិ​ពីរ​ដើម ស្រូវ​ល្អ កន្លែង​ខ្លះ​ចាប់ផ្ដើម​ចេញ​ផ្លែ បណ្តើរៗ​ហើយ ត្រៀម​ប្រមូល​ផល ឯ​កន្លែង​ខ្លះ​កំពុង​បង្ហូរទឹក និង​បូម យកទៅជួយ​ស្រោចស្រព​បន្ថែម​ចំពោះ​កន្លែង​ប្រឈម នៅ​មួយផ្នែក​ខ្លះ​នៃ ឃុំ​គោ​កប​ល័​ង្គ។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ខេត្តបន្ទាយមានជ័យ​ទាំង​៩​ក្រុង/​ស្រុក ​ដំណាំ​ស្រូវប្រាំង​ ដើម​រដូវ​វស្សា​ ឬ​ស្រូវ ស្រាល ស្រូវ​បង្កើន​រដូវ​ និង​ស្រូវវស្សា​របស់​ប្រជាកសិករ​នៅ​ឃុំ​ទាំង​៦៥​ នៃ​ស្រុក​ក្រុង​៩​របស់​ខេត្ត​បន្ទាយមានជ័យ នៅ​កន្លែង​ខ្លះ​បាន​ទទួល​ទឹកភ្លៀង​ឡើងវិញ​ហើយ​។

​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ ​លោក​បានធ្វើការ​វាយតម្លៃ​ស្ថានភាព​អាកាសធាតុ ក៏ដូចជា​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រូវ​ប្រជាកសិករ ​ដែល​បាន​និង​កំពុង​ខ្វះ​ទឹក ហើយ​ជួប​គ្រោះ​រាំងស្ងួត​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ និង​ឈានទៅ​ខូចខាត​។​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​មានប្រសាសន៍ថា​ នៅ​ភូមិសាស្ត្រ​មួយចំនួន​ បានទទួល​ទឹក​ភ្លៀង​ធ្លាក់ចំ​បង្គួរ​ច្រើន​ឡើងវិញ​ ហើយ​ក្នុង​នោះ​ក៏មាន​ការអន្តរាគមន៍​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​ធនធាន​ទឹក​ខេត្ត​បូម​ទឹក​ស្រោចស្រព​បាន​នៅ​ចំណុច​ខ្លះ​ផងដែរ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ការពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ស្រូវ​ឡើង​ទឹក ធ្ងន់ កណ្តាល ស្រាល ដើមរដូវ​ប្រមាណ​១៧.៨៤៧​ហិកតា ​រង​ផល​ប៉ះពាល់ ពោល​គឺ​លើ​ផ្ទៃដី​អនុវត្ត​បាន ២៣៤.៨៧៦​ហិកតា​ ​នៅ​ស្រុក/ក្រុង​ទាំង​៩​នេះ​៕​

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114