ព័ត៍មានទាន់​ហេតុការណ៏
Search

ពីរ​នាក់​ឪពុក និង​កូន រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​ដឹក​ខ្សាច់​រេ​មក​បុក​

បាត់ដំបង ៖ ឪពុក និង​កូនប្រុស​ម្នាក់ ដែល​ទើប​តែ​មាន​អាយុ៤​ឆ្នាំ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ដែល​ជនរងគ្រោះ​ទាំង​២​នាក់​នេះ កំពុង​ជិះ​ម៉ូតូ​នៅលើ​ផ្លូវជាតិ ក៏ត្រូវ​រថយន្ត​ដឹក​ខ្សាច់​រេ​ចង្កូត​មក​បុក​តែម្តង។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បានកើត​ឡើង​កាលពី​វេលា​ម៉ោង៨និង៣០នាទី​យប់ ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២២១-២២២ ក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឬស្សី ខេត្តបាត់ដំបង រវាង​រថយន្ត និង ម៉ូតូ។​

បើតាម​ប្រភព​នៅ​ទី​នោះបាន​និយាយថា ករណីនេះ ​គឺ​បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ដឹក​ខ្សាច់ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2B.6427 បាន​រេ​ចង្កូត​ទៅបុក​លើ​ម៉ូតូ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-6398 ​អ្នកបើកបរ​ឈ្មោះ អូយ ផៃ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោងឬស្សី ដែល​កំពុង​ឌុប​កូនប្រុស​ម្នាក់​ឈ្មោះ ផៃ ណង​អៃ អាយុ​៤​ឆ្នាំ បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២នាក់ ដោយ​ភ្លាមៗ​នោះ​ដែរ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី។​

ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល​ទាំង​យប់​ ប៉ុន្តែ​ក្រោយពី​មានការ​ចូលខ្លួន​មក​ធានា​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​រួចមក ទើប​ដឹងថា អ្នក​បើកបរ​រថយន្ត​មាន ឈ្មោះ ធៅ ជូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។​

បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ បាន​នាំយក​រថយន្ត និង ម៉ូតូ មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​មោងឬស្សី​ជា​បណ្ដោះអាសន្ន ដើម្បី​ហៅ​អ្នកបើកបរ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​ច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114