ព័ត៍មានទាន់​ហេតុការណ៏
Search

សំណុំរឿង​អតីត​បងធំ​ទី​២ នួន ជា ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​មរណភាព

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩​ថា នៅថ្ងៃនេះ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​បញ្ចប់​កិច្ច​ដំណើរការ​នីតិវិធី​លើ​បណ្តឹង​សាទុក្ខ​ពាក់ព័ន្ធ​នឹង នួន ជា ប៉ុន្តែ​បាន​ទទួល​ពិនិត្យ​លើ​សំណើ​បន្ទាន់​របស់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ នៃ​មរណភាព​របស់ ​នួន ជា ទៅលើ​សាលក្រម និង ​ការ​ដាក់​ពិរុទ្ធ​ភាពជា​មូលដ្ឋាន​។​

លោក នេត្រ ភក្ត្រា ​អះអាង​ថា “​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានប្រកាសថា មរណភាព​របស់​ជន​ជាប់ចោទ នួន ជា មាន​អនុភាព​រំលត់​បណ្ដឹង​អាជ្ញា​លើ​រូប​គាត់ និង​បញ្ចប់​រាល់​កិច្ច​ដំណើរការ​នីតិវិធី​ពាក់ព័ន្ធ​នឹង​រូបគាត់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ហើយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បន្ត​ទទួល​ពិនិត្យ លើ​សំណើសុំ​បន្ទាន់​របស់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា​”​។​

នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​បដិសេធ​ពិរុទ្ធភាព​មួយ​ចំនួន ប៉ុន្តែ​តម្កល់​ការ​ផ្ដន្ទាទោស​របស់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ប្រល័យពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គ​ជំនុំជម្រះ​សាលាដំបូង បាន​រួម​បញ្ចូល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំរឿង ០០២/០១ និង​ សំណុំរឿង ០០២/០២ ទៅជា​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តែមួយ។

ជនជាប់ចោទ នួន ជា បានដាក់​សេចក្ដីជូនដំណឹង​អំពី​បណ្តឹង​សាទុក្ខ​របស់ខ្លួន​ប្រឆាំងនឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង ០០២/0២ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៩​។ ជនជាប់ចោទ នួន ជា អាយុ​៩៣​ឆ្នាំ បាន​ទទួល​មរណភាព​កាល​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ ក្រុម​មេធាវី​ការពារ​ក្តី នួន ជា បាន​ដាក់ សំណើ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​លើ​កិច្ច​ដំណើរការ​នីតិវិធី​បណ្តឹង ​នៃ​មរណភាព​របស់ នួន ជា នៅ​ពេលចេញ​សាលដីកា។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ​នៃ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា អនុលោម​តាម​មាត្រា​៧(១) នៃ​ក្រម​នីតិវិធី ព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មរណភាព​របស់​ជន​ល្មើស​ត្រូវ​រលត់​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​ជន​នោះ​។ អនុលោម​តាម​វិធាន ២៣​ស្ទួន (៦) នៃ​វិធាន​ផ្ទៃក្នុង​ដំណើរការ​នីតិវិធី​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​ជនជាប់ចោទ​នៅ​អ​វ​តក ត្រូវ​បញ្ចប់​នី​ពេល​មរណភាព​របស់​ជន​ជាប់ចោទ​។ ហេតុដូច្នេះ​ហើយ​បានជា​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​យល់ឃើញ​ថា តាម​ច្បាប់​កម្ពុជា និង​វិធាន​ផ្ទៃក្នុង​របស់​អ​វ​តក មរណភាព​របស់ នួន ជា មាន​អនុភាព​រលត់​បណ្តឹង​អាជ្ញា និង​បញ្ចប់​បណ្តឹង​រដ្ឋប្បវេណី​ចំពោះ​រូបគាត់​នៅ​ចំពោះ​មុខ ​នៃ​អង្គ​ជំនុំ​ជម្រះ​។​

លោក​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​រូបនេះ​បាន​ពន្យល់​បន្តថា ចាប់ពីពេលនេះ សំណុំរឿង នួន ជា ត្រូវបាន​បិទ​បញ្ចប់​នៅ​ចំពោះ​មុខ​តុលាការ​ខ្មែរក្រហម ហើយ​ចំពោះ​សំណើ​បន្ទាន់​របស់​ក្រុម​មេធាវី នួន ជា ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​លើ​កិច្ចដំណើរការ​នីតិវិធី​បណ្តឹង នៃ​មរណភាព​របស់ នួន ជា នៅ​ពេល​ចេញ​សាលដីកា នឹង​ត្រូវ​អង្គ​ជំនុំ​ជម្រះ​តុលាការ ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​សម្រេច​នៅក្នុង​ពេលវេលា​សមស្រប​ខាងមុខ​។​

ជនជាប់ចោទ នួន ជា ត្រូវបាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង​បណ្ដោះអាសន្ន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​តក​) ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ដើម្បី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​តាំងពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៩​មក​។ នួន ជា កើត​នៅ​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ ជា​ប្រធាន​សភា​តំណាង​ប្រជាជន ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧ និង​ បាន​ជំនុំជម្រះ​ក្តី​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114