ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អនាធិបតេយ្យ​ ដែល​ទន្ទ្រាន​កាប់​ព្រៃ យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុងព្រៃ​រនាមដូនសំ​ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​អាជ្ញាធរ​ចុះ​ទប់ស្កាត់

បន្ទាយមានជ័យ ​៖ ​សកម្មភាព​នៃ​ការ​ទន្ទ្រាន​កាប់​ព្រៃ​រនាម​ដូនសំ​ យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​អស់​ទាំង​ស្រុង​ ពី​ក្រុម​អនាធិបតេយ្យ ​ត្រូវ​បាន​ លោក ឯម សុខា អភិបាលស្រុក​ម៉ាឡៃ ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ រួមមាន​មន្ត្រី​បរិស្ថាន និង​សុរិយោដី ចុះ​ពិនិត្យ និង​ទប់ស្កាត់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៩។

ការ​ចុះ​ត្រួតពិនិត្យ​ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​រនាម​ដូន​សំ នៃ​ដែន​ជម្រក​សត្វ​ព្រៃ ក្នុង​ព្រះរាជក្រឹត្យ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​កាប់​រាន​ ធ្វើ​ឲ្យ​ព្រៃ​រនាម​ដូន​សំ មានការ​រេចរឹល និង អន្តរាយ។

លោក ឯម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន លើ​ការ​កាប់​រានទន្ទ្រាន​ព្រៃ ដែន​ជម្រក​សត្វ​ព្រៃ ក្នុង​ដែន​ទេសភាព​រនាមដូនសំ ដែល​ធ្វើឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែលមាន​មេខ្លោង​នៅ​ពី​ក្រោយខ្នង លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ជាក់ស្ដែង។ ជា​លទ្ធផល​ក្នុង​ការចុះពិនិត្យ​នេះ លោក​រក​ឃើញ​ថា ពិតជា​មានការ​កាប់​ទន្ទ្រាន​ដីព្រៃ​ពិតមែន ហើយ​ក្នុងនោះ​ឃើញ​មាន​ការ​សង់​ខ្ទម​ព្រោងព្រាត​នៅ​តាម​តំបន់​ព្រៃ​ដែល​បាន​កាប់​រុករាន​រួចរាល់ ហើយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ប្រមូល​ផ្ដុំគ្នា​កាប់​រាន​ដោយ​ខ្លះ​ប្រើ​​​កាំបិត​ពូថៅ និង​ខ្លះ​ទៀត​ប្រើ​ដោយ​គ្រឿងចក្រ។

ក្នុងនោះដែរ​ លោក​អភិបាលស្រុក បានធ្វើ​ការអប់រំ និង​ប្រាប់​ដល់​ប្រជាពលរដ្ឋ ទាំងអស់​ដែល​បាន​មក​កាត់​រាន​ហើយ​សាងសង់​ខ្ទម​អនាធិបតេយ្យ ដោយ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ បំពាន​ទៅលើ​ដី​ព្រះរាជក្រឹត្យ​នេះ គឺ​ឲ្យ​រុះ​រើចេញ​ជាបន្ទាន់​ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​ស្រុក នឹង​បង្កើត​គណៈកម្មការ​ចម្រុះ ចុះ​រុះរើ ឈូស​ឆាយ ដោយ​ប្រើ​កម្លាំង​ប្រដាប់អាវុធ ជាមិនខាន។

ជាមួយគ្នា​នោះ​ដែរ​ លោក​ក៏បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​តាម​ការ​ញុះញង់​របស់​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​បំផុសបំផុល​ឲ្យ​មក​កាប់​រាន​ដីព្រៃ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ឲ្យ​សោះ ​ព្រោះ​វា បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ និង​មាន​បញ្ហា​ដល់​ខ្លួនឯង​ផ្ទាល់ ជាពិសេស​ជាប់​ជំពាក់ជំពិន​ជាមួយ​នឹង​ច្បាប់។

គួរ​បញ្ជាក់ថា ការកាប់​រានទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ច្រើន​ជាងគេ គឺ ​នៅ​ចាប់ពី​អូរ​រាំវង់ ទៅដល់​ស្រះ​ថៅកែ​យ៉ នៃ​ដែន​ទេសភាព​រនាមដូនសំ ស្ថិតក្នុង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ ​អ ​ពៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114