ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រហើន​ហួស​ ក្លែង​ឈ្មោះ​មេ​ទាហាន ​ឆបោក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ​ត្រូវ​ចាប់ខ្លួន

ភ្នំពេញ ៖ លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ដើម្បី​ឆបោក​អ្នកដទៃ កំពុង​ត្រូវបាន​សាកសួរ​នៅ​ដំណាក់កាល​តំណាង​អយ្យការ​នៅឡើយ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ។​

​លោក​គុជ គឹម​ឡុង បាន​ឲ្យ​ដឹងទៀតថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​មក​សាលាដំបូង ទី​១​-ឈ្មោះថា ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦២ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ភោជនីយដ្ឋាន ណាន​ជី​ង ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។​

​ជនសង្ស័យ​ទី​២​-ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៣ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹងព្រលិត ខណ្ឌ​៧​មករា។​

​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា​ នៅ​ដំណាក់កាល​សាកសួរ​ជំហាន​ដំបូង ​ជន​សង្ស័យ​បាន​សារភាព​ថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច​ប្ដូរ​ឈ្មោះ​ ជា យឹម គឹមហុង ដើម្បី​កុហក​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់ ​ឯកឧត្ដម យឹម លាង ព្រមទាំង​កុហក​ជនរងគ្រោះ​ដទៃ​ទៀត​ថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ឯកឧត្ដម យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខ័ណ្ឌ​បាន ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្ដិ ក្នុង​នោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$​។

​ពួកគេ​បានធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជន​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំ​មាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខណ្ឌ​ឡើយ រហូត​មាន​ជនរងគ្រោះ​ម្នាក់​មានការ​សង្ស័យ ក៏​ប្តឹងទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114