ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​TV5 Boxing Knock Out Series 60 kg. លើក​ទី​៥ ៖ ភួង ណាំ​ហង ជួប ស៊ឹម ប៊ុនឆៃ , ពុទ្ធ សំបូរ ជួប ស៊ន រ៉ា​គីម​

​​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍ ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​៥ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់៤រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្តទៀត​នោះ​។​

​សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៥​នេះ ភួង ណាំ​ហង អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា នឹង​ជួប​ប្រកួត​ជា​មួយ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។

​ការជួបគ្នា​រវាង​ភួង ណាំ​ហង និង ស៊ឹម ប៊ុនឆៃ នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​ថា រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។ ព្រោះ​ភួង ណាំ​ហង ជា​អ្នក​ប្រដាល់​ជើង​ថ្មី ហើយ​មិនមាន​នរណា​គេ​ស្គាល់​ច្បាស់​នោះទេ។

​ចំពោះ ស៊ឹម ប៊ុនឆៃ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ក្តី តែ​គេ​វាយ​មិនជា​ខ្លាំង​នោះដែរ។​ គេ​ឡើង​សង្វៀន​ភាគតិច​ណាស់ ដែល​វាយ​ឈ្នះ​គូប្រកួត។ ប៉ុន្តែ​យ៉ាងណា ប៊ុនឆៃ មានចិត្ត​ប្រដាល់​ធំ ស៊ូ​ចំពោះ​ការប្រកួត។

​សរុបមក ពីរ​នាក់​នេះ ទោះ​ភួង ណាំ​ហង ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ហើយ​ស៊ឹម ប៊ុនឆៃ ជា​អ្នក​ប្រដាល់​ជើងចាស់​ក៏ដោយ ក៏​មិនអាច​ធ្វើការ​វាយតម្លៃ​និង​សន្និដ្ឋាន​មុន​បាន​ថា នរណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​ក្នុង​ជម្រុះ​ជុំ​ទី​១ ​នៃ​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cem ent ទម្ងន់​៦០​គីឡូក្រាម​នេះ​បានដែរ។ ចាំមើល តើ ​ស៊ឹម ប៊ុនឆៃ អាច​យកឈ្នះ​ភួង ណាំ​ហង បាន​ដែរ​ឬ​អត់ ?។

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង ស៊ន រ៉ា​គីម អ្នក​ប្រដាល់​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ដោយ​សារ​ពួកគេ​ទាំងពីរ មាន​កម្រិត​ទីតាំង​សមត្ថភាព​ខុសគ្នា គឺ ពុទ្ធ សំបូរ ជា​អ្នក​ប្រដាល់​ស្រករ​មុន ឯ ស៊ន រ៉ា​គីម ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​ស៊ន រ៉ា​គីម អាចទៅរួច​ជាមួយ​ពុទ្ធ សំបូរ បាន​ឬ​អត់​នោះទេ? ព្រោះថា ពុទ្ធ សំបូរ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​កម្លាំង​កាយសម្បទា​ខ្លាំង ហើយ​ណាមួយ​លើក​នេះ ជាការ​ប្រកួត​ដែល​មិនអាច​ធ្វេសប្រហែស​បាន គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើង​ទៅ​ប្រកួត​បន្តទៀត​នោះទេ?​។​

​សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន៣២នាក់​ចូលរួម ហើយ​ចែកចេញជា៤ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។

​មកដល់ពេលនេះ គឺមាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ហើយ​ដែល​បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​២ គឺ​ រ៉ែ​ន រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប , លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ខេត្តកណ្តាល , សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក , ចិត្រ សុ​ភី ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , ភួង ពិសិដ្ឋ ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី , ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ និង ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង។

​ជាមួយនេះ ក៏មាន​អ្នក​ប្រដាល់​៨​រូប​ដែរ ដែល​បាន​ជ្រុះ​ធ្លាក់​ពី​ព្រឹត្តិការណ៍​នេះ រួមមាន ឡូញ វ៉ាន់ឌី ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ, នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ , ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា , លីន សុ​ចាន់ទី ក្លិប​កងទ័ពជើងទឹក , ឆាយ មាស ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង , លីន វិ​រៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ , អេ​លី​ត សាន់ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ និង សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114