ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស ណ​យ សាក​កណ្ដាប់ដៃ​ជាមួយ ក្វាន់ អេក

​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅ​សង្វៀន​TV5 ព្រែកកំពឹស យប់​ថ្ងៃទី​១៧​ ខែ​សីហា ឆ្នាំ​២០១៩​ខាងមុខនេះ វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ខ្វាន់​អេក ស​.​សុ​ផាប (Kvan Ek Sor.Sophab)។​​

​វង្ស​ណ​យ និង ខ្វាន់​អេក ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ ខ្វាន់​អេក រូប​នេះ គេ​ជា​អ្នក​ប្រដាល់​ចាស់​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ ហើយ​ជា​ជើង​ខ្លាំង​ដោយ​គេ​មាន​កម្ពស់​ខ្ពស់​ដល់​ទៅ​១,៨៣​ម៉ែត្រ​ឯណោះ តែ​គេ​មិន​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​វង្ស ណ​យ​នៅ ឡើយ​ទេ ។ នេះ​បើតាម​ប្រវត្តិ​របស់​កីឡាករ​ថៃ​រូបនេះ ដែល​មក​ប្រកួត​នៅ​កម្ពុជា​កន្លងមក​នោះ។ វង្ស ណ​យ មិន​អាច​ធ្វេសប្រហែស​ឬ​មើលងាយ​ខ្វាន់ អេក នេះ​បានឡើយ ត្បិត​ថាវ​ង្ស ណ​យ អាច​ចាញ់​កម្លាំង​ស៊ុ​ហ្វ​របស់​ខ្វាន់​អេក និង​ចាញ់​កម្ពស់​ថែមទៀត។ ហើយ​វង្ស ណ​យ​ពេលនេះ ប្រៀបដូចជា​ខ្លា​ដែលមាន​ចង្កូម​រិល​តែប៉ុណ្ណោះ មិន​ដូច​ពីមុន​នោះឡើយ ។​កាលពី​ចុង​សប្ដាហ៍​កន្លងមក វង្ស ណ​យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជនជាតិ​ជប៉ុន ដែល​ទើបតែ​ប្រកួត​បាន​១២​លើក ក្នុង​ទឹក​ទី​៤ ដោយ​ត្រូវ​ជប៉ុន​បុក​កែង​ត្រូវចំ​ភ្នែក បណ្តាល​ឲ្យ​ប្រកួត​លែងកើត។

​ខ្វាន់ អេក ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​យើង​ប៉ុន្មាន​នាក់​ហើយ​កន្លងមក ដែល​ការប្រកួត​លើកចុងក្រោយ​របស់គេ​នៅ​កម្ពុជា​នោះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ២០១៩។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៩១ លើក ឈ្នះ ៦៨ លើក ចាញ់ ២៣ លើក។

យ៉ាងណា វង្ស ណ​យ គេ​ក៏​ធ្លាប់​ជួប ​និង​ផ្តួល​អ្នក​ប្រដាល់​បរទេស​រាប់មិនអស់​នោះទេ។ វង្ស ណ​យ​មាន​កំនត់​ត្រា​ប្រកួត​ចំនួន​២១៣​លើក ឈ្នះ​១៥៩​លើក ចាញ់​៥១​លើក និង​ស្មើ​០៣​លើក និង ធ្លាប់​ផ្តួល​ដៃគូ​ឲ្យសន្លប់​ជាច្រើន​នាក់។

​វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​ និង​កលល្បិច​ក្នុងការ​ប្រកួត​យ៉ាងច្រើន​នោះ ជឿថា​ការប្រកួត​ជាមួយ​ខ្វាន់ អេក លើក​នេះ គេ​មិន​ចាញ់​នោះឡើយ ។ ព្រោះថា ខ្វាន់ អេក វាយ​មិនមាន​ផ្លែ​ល្អ​ដូចជា​វង្ស ណ​យ ​នោះទេ និង មួយទៀត​ខ្វាន់ អេក​វាយ​ចេញ​យឺត​ជាង​វង្ស ណ​យ។​

​ប៉ុន្តែ​វង្ស ណ​យ ក៏​ពិបាក​ចូល​ជិត​ខ្វាន់ អេក​ដែរ។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ ភាគច្រើន​ទាត់​លើ ​និង​ធាក់ ហើយ​ពេល​ចូល​កៀក ​គឺ​មិន​ឈ្នះ​ជង្គង់​ខ្វាន់ អេក​នោះឡើយ។​ វង្ស ណ​យ អាច​យកឈ្នះ​ខ្វាន់ អេក​បាន គឺ​មានតែ​ប្រើ​ស្នៀត​កែង​ប្រចាំត្រកូល​របស់គេ​ទេ ហើយ​មួយទៀត ​គឺ​ព្យាយាម​ទាត់​ជើង​ក្រោម ធ្វើយ៉ាងណា​ឲ្យ​ខ្វាន់​អេក​ខូច​ជើង ទើប​សង្ឃឹម​ឈ្នះ​បាន។​

​ទោះជា​យ៉ាងណា រវាង វង្ស ណ​យ និង ខ្វាន់ អេក មិនដឹងថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការជួប​គ្នា​នេះ?។ ព្រោះថា អ្នក​ប្រដាល់​ខ្វាន់ អេក នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ​និង​វាយ​ខ្លាំង ដែល​វង្ស ណ​យ មិន​អាច​មើលស្រាល​គេ​បានឡើយ៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114