ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​ម៉ូតូ​អ្នក​លាង​សណ្តែកបណ្តុះ​មិនបាន​កន្លះ​ម៉ោងផង​ ត្រូវ​ប៉ូលិស​តាម​ក្របួច​យក​មក​វិញ​

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចោរកម្ម ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន នគរបាល​ស្រុក​មោងឬស្សី តាម​ចាប់ខ្លួន​យកមក​វិញ​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ ហើយ​ជិះ​គេចខ្លួន​មិនបាន​កន្លះ​ម៉ោង​ផង។​

ជុំវិញ​កិច្ចប្រតិបត្តិការ​ដ៏​ប្រពៃ​នេះដែរ លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការ​នគរបាល​ស្រុក​មោងឬស្សី​បាន​លើកឡើងថា ករណី​ចោរ​កម្មនេះ​បានកើត​ឡើង នៅ​ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង៣និង៥០នាទី​ទៀបភ្លឺ នៅ​ចំណុច ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឬស្សី ខេត្ត​បាត់​ដំបង។​

លោក​អធិការ​បាន​បន្តថា នៅពេល​កើតហេតុ លោក​បាន​ទទួល​ពាក្យបណ្ដឹង​តាមរយៈ​ទូរស័ព្ទ ពី​ឈ្មោះ សៀង ឃីម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​មោង ស្រុក​មោងឬស្សី ដែល​បាន​អះអាង​ថា មាន​ជន​មិន​ស្គាល់មុខ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់ខ្លួន ម៉ាក dream 125 ​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2005 ពាក់​ស្លាក​លេខ បាត់ដំបង 1f 1247 ខណៈពេលដែល​ខ្លួន​បាន ទុក​នៅក្បែរ​ចិញ្ចើមផ្លូវ​ដោយ​រវល់ ចុះ​ក្នុង​ស្ទឹង​យក​សណ្ដែកបណ្ដុះ​ទៅ​លាង​ទឹក។​

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម លោក​អធិការ បាន​ចាត់​កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជ្រៃ​ចេញ​អន្តរាគមន៍ និង ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​ម៉ូតូ​បាន​នៅ​ចំណុច​បរិវេណ​វត្ត​ជ្រៃ ក្នុងភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ ដោយ​ប្រើពេល​មិនបាន​កន្លះ​ម៉ោង​ផង។​

បច្ចុប្បន្ន​ ជនសង្ស័យ​រូបនេះ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឬស្សី ធ្វើ​ការ​សាកសួរ ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ក្នុងការ​ចាត់​វិធានកា​រ​ប​ន្ត​៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114