ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករសំណង់​ម្នាក់ ​ធ្លាក់​ពីលើ​សំយាប​មន្ទីរពេទ្យ​ជោ​រី ហើយ បាន​ស្លាប់ ​បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​

ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​រងរបួស​ធ្ងន់ ​និង​បាន​ស្លាប់ បន្ទាប់ពី​ធ្វើការ​បញ្ជូន​ទៅ​សង្គ្រោះ​ប្រមាណ​ជា​៦​ម៉ោង ​ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ជួសជុល​សំយាប​នៅ​មន្ទីរពេទ្យ​ជោ​រី​បឹង​ស្នោ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​២០​នាទី ​ព្រឹក​ថ្ងៃទី​១៣​សីហា ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​រហូតដល់​បាត់បង់​ជីវិត ​ឈ្មោះ​រី ដា​នី​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ស្រុក​ចេក​សង្កាត់​ជើងឯក ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ​ ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅវេលា​ថ្ងៃត្រង់​ទី​១៤​សីហា​នេះ​ថា​ មុន​ពេល​កើតហេតុ​ មេការ​សំណង់​បាន​ទទួល​ម៉ៅការ​ជួសជុល​សំយាប​អគារ​មន្ទីរពេទ្យ​ជោ​រៃ​(​ចំណុចកើតហេតុ​) ​រួច​ក៏បាន​ឲ្យ​ជនរងគ្រោះ​ និង​កម្មករ​ពីរ​នាក់​ទៀត​ទៅធ្វើ​ការជួសជុល​។​ ពេល​ឡើង​ទៅដល់​សំយាប ​ជនរងគ្រោះ​បាន​មួល​ខ្ចៅ​ចេញ​ ប៉ុន្តែ​មួល​មិន​ចេញ​ ក៏​យក​ម៉ាឡេត​ម​ក​វាយ​ខ្ចៅ​នោះ​ ស្រាប់តែ​ផុងជើង​ធ្លាក់​មក​ក្រោម​បោក​ក្បាល​នឹង​បេតុង​ ថែមទាំង​របួស​ពេញ​ខ្លួន​ ​ភ្លាមៗ​នោះ ​កម្មករ​រួមការ​ងារ​ ក៏​សែង​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​បន្ទប់​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​ជោរៃ​ ប៉ុន្តែ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៤​សីហា​នេះ​ទៅ​។​

​លោក​អធិការរង​បាន​បន្ត​ថា​ តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បច្ចេកទេស​រាជ​ធានី​ភ្នំពេញ​ និង​ លោក​វេជ្ជបណ្ឌិត នង សុ​វណ្ណារ​ត្ន័ គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ប៉ះទង្គិច​ក្បាល​ និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ន​ សព​ជនរងគ្រោះ ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ផ្ទះជួល​ដែល​ជនរង​គ្រោះ​ស្នាក់នៅ​នា​ព្រឹក​ថ្ងៃទី​១៤​សីហា​នេះ​ផងដែរ​៕

ដោយ ៖ ​ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114