ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នងការ​រង​ខេត្តព្រះវិហារ​ម្នាក់ គំរាម​ប្តឹង​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ ដាក់​ពន្ធនាគារ និង​ទារ​សំណង​រាប់​ម៉ឺន​ដុល្លារ ក្រោយពី​ប្តឹង​អ្នកកាសែត​one news បាន​ជោគជ័យ​ ពីបទ​លួច​ច្រូត​ស្រូវ​

​ប៉ៃលិន ​៖​ លោក​ឧត្ដមសេនីយ៍​ត្រី រឿង រើ​ន ហៅ​សិទ្ធ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​លើកឡើង​ថា បាន​គំរាមកំហែង​ពួកគាត់ ដោយ​ប្តឹង​ដាក់​ពន្ធនាគារ និង​ទាមទារ​សំណង​រាប់​ម៉ឺន​ដុល្លារ ដែល​ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ឈឺចាប់​យ៉ាងខ្លាំង មិនអាច​ទទួល​យក​បាន។ ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​បន្តបន្ទាប់​គ្នា​ថា ​៖ ដំបូង​ឡើយ​ពួកគាត់ បាន​ទៅ​ស៊ី​ឈ្នួល​ដឹកស្រូវ និង​ច្រូតស្រូវ​ឲ្យ​ឈ្មោះ ឌឿ​រ និង​ឈ្មោះ​ធី​ម ដែលជា​ម្ចាស់​ស្រូវ ព្រោះ​ឈ្មោះ​ឌឿ​រ និង​ឈ្មោះ ធី​ម បាន​ជួល​ដី​ពី​ឈ្មោះ រឿង រើ​ន ហៅ​សិទ្ធ ជា​ស្នងការរង​ខេត្តព្រះវិហា ហើយ​ការដឹកជញ្ជូន និង​ច្រូតកាត់ មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ ស្រាប់តែ​នៅ​ថ្ងៃទី​៨ ខែសីហា ក៏​មាន​សមត្ថកិច្ច ចុះ​មក​ទីតាំង​ដែល​កំពុង​ប្រមូល​ផល​ស្រូវ​នោះ ដោយ​និយាយថា មាន​គេ​ប្តឹង ប៉ុន្តែ​ដល់​សួរនាំ​រក​ឯកសារ​ផ្សេងៗ និង​ពាក្យបណ្តឹង គឺ​មិនមាន​អ្វី​ទាំងអស់។​

ប្រភពព័ត៌មាន​បាន​បន្តថា​ ការចុះ​ច្រូតស្រូវ និង​ដឹកជញ្ជូន​ស្រូវ​នេះ គឺមាន​ការស្រុះស្រួល​ឯកភាពគ្នា​រវាង​អ្នកធ្វើ​ស្រូវ និង​ម្ចាស់​ដី ឈ្មោះ ហុង វ​ណ្ណី ដោយមាន​ការសម្របសម្រួល​ពី​លោក​មេភូមិ​ភ្នំ​កុយ ផងដែរ។​

ប្រភពព័ត៌មាន បន្តថា​ ស្រាប់តែ​នៅក្រោយ​ពេលដែល​ឈ្មោះ រឿង រើ​ន ហៅ​សិទ្ធ ប្តឹង​ម្ចាស់​ដី​ឈ្មោះ ហុង វ​ណ្ណី ទៅ​តុលាការ ក៏​ស្រាប់តែ​លោក​ស្នងការរង​ខេត្តព្រះវិហា ឈ្មោះ រឿង រើ​ន នេះ និយាយថា​នឹង​ប្តឹង​គំរាមកំហែង​ពួកគាត់​យក​ដាក់​ពន្ធនាគា​រ និង​ទាមទារ​សំណង ទើប​រួច​ខ្លួន ដែល​បញ្ហា​នេះ​ពួក​គាត់​មិនអាច​ទទួលយក​បានឡើយ សូមឲ្យ​អាជ្ញាធរ​​ខេត្ត មេត្តា​ជួយ​ពួកគាត់​ផង ព្រោះ​ពួកគាត់​មិន​បាន​លួច​ដូច​ការចោទប្រកាន់​របស់​ឈ្មោះ រឿង រើ​ន ហៅ សិទ្ធ ស្នងការរង​ខេត្តព្រះវិហា​នោះទេ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ ត្រូវបាន​លោក ឡិ​ញ ឡី អាយុ​៦០​ឆ្នាំ ជា​មេភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៣​សីហា​នេះ​ថា​ ៖ នៅ​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៩ លោក​បានធ្វើការ​សម្របសម្រួល រវាង​ម្ចាស់​ស្រែ​ និង ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ដែល​អះអាងថា​បាន​ជួល​ដី​ពី​ឈ្មោះ​រឿង រើ​ន ហៅ សិទ្ធ ស្នងការរង​ខេត្តព្រះវិហា ព្រោះតែ​ម្ចាស់​ស្រែ ចង់​ប្តឹង​ទៅ​តុលាការ ពេល​នោះ​លោក​ក៏​មិនឲ្យមានការ​ប្តឹងផ្តល់​គ្នា ដោយ​សម្របសម្រួល ចែក​ផល​ស្រូវ​ឲ្យ​មក​ខាង​ម្ចាស់​ស្រែ​៤០% ចំណែក​ពលរដ្ឋ​យក​៦០% ដើម្បី​បាន​លុយ​ខ្លះ​សង​ថ្លៃ​ជី​ និង​ពូជស្រូវ​ផងដែរ ប៉ុន្តែ​ក្រោយមក​នៅ​ថ្ងៃទី​៨ ស្រាប់​ចេញ​មុខរឿង រើ​ន បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់​ខ្លួន​ឈ្មោះ ហុង វ​ណ្ណី ដែល​ជា​ម្ចាស់​ស្រែ និង​ជា​អគ្គនាយក​សារព័ត៌មាន one news នៅវេលា​ម៉ោង​ប្រមាណ​១២​យប់ ឈានចូល​ថ្ងៃទី​៩ ខែ​សីហា រហូត​ចង់​ប្តឹង​ប្រជាពលរដ្ឋ​លោក​ទៅ​តុលាការ ពីបទ​លួច​ច្រូត​ស្រូវ​ផងដែរ។​

​ចំពោះ​បញ្ហា​នេះដែរ ភ្នាក់ងារ​យើង​មិនអាច់​ទំនាក់ទំនង ទៅ​លោក​ឧត្ដមសេនីយ៍​ត្រី រឿង រើ​ន ហៅ​សិទ្ធ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហា បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​ករណី​គំរាម​កំហែង​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន តែ​យើង​សង្ឃឹមថា​ លោក​នឹង​មានការ​បកស្រាយ​តាម​ក្រោយ​ផងដែរ។

​សូមបញ្ជាក់ថា​ បញ្ហា​ខាងលើ​ជា​រឿង​ទំនាស់​ដីធ្លី រវាង​ឈ្មោះ ហុង វ​ណ្ណី និង​ឈ្មោះ រឿង រើ​ន ហៅ​សិទ្ធ ហើយ​កំពុង​ស្ថិតនៅ​តុលាការ​នៅឡើយ ពុំ​ទាន់​ដឹងថា​ឈ្មោះ​ណាមួយ​ជា​អ្នកទទួល​សិទ្ធិ សម្រាប់​ធ្វើ​ដី​នេះ​នៅឡើយ​ទេ ព្រោះ​កន្លងមក​ធ្លាប់​ឃើញ​ឈ្មោះ​ហុង វ​ណ្ណី ទៅ​ទប់ស្កាត់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ស្រែ​នេះដែរ ប៉ុន្តែ​ក្រោយមក​មិនដឹងថា ​ឈ្មោះ​ឌឿ​រ ទៅទាក់ទង​ជាមួយ​ឈ្មោះ​សិទ្ធ ជា​ប៉ូលិស​នោះ​យ៉ាង​ម្តេច បានជា​ធ្វើស្រែ លើដី​ទំនាស់ បណ្តាល​ឲ្យ​មានរឿង​កើតឡើង​ដូច្នោះ​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114