ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ​ក្នុង​ភូមិ​ប​តាំង​ស៊ូ ចាប់ផ្តើម​នាំគ្នា​ដាំ​ក្រវាញ​លក់ ព្រោះ​ជា​បន្លែ​ព្រៃ​មួយ​ប្រភេទ ដែល​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​

​ប៉ៃលិន ​៖ ​​ក្រវាញ​ជា​បន្លែ​មួយ​ប្រភេទ ដែល​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​នៅក្នុង​ខេត្ត​ប៉ៃលិន​នោះទេ ស្ទើរ​ទូទាំងប្រទេស កំពុង​ពេញនិយម ព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ សូម្បីតែ​អ្នកធ្វើដំណើរ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ដែល​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​កុម្ម៉ង់​បន្លែ​ឆា​ក្រវាញ អន្លក់​ក្រវាញ ឬ​សម្ល​ក្រវាញ​ផ្សេងទៀត សម្រាប់​ពេល​អាហារ​របស់​ពួកគាត់ ហើយ​អ្នកខ្លះ​ក៏បាន​ទិញ​ទៅ​ពិសា​នៅផ្ទះ​បន្ថែម​ទៀត​ដែរ​ផង​។

​បើតាម​បងស្រី​ម្នាក់​ឈ្មោះ ឡុយ គឹមអេង អាយុ​៣៨​ឆ្នាំ ជា​ប្រជាកសិករ រស់នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន បាន​រៀបរាប់​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ​៖ គាត់​បាន​ប្រកប​របរ​ដាំ​ក្រវាញ​នេះ​រយៈពេល​៣​ឆ្នាំ​មកហើយ នៅលើ​ផ្ទាំង​ដី​ចំនួន​១​រ៉ៃ ព្រោះ​ជា​បន្លែ​មួយ​ប្រភេទ ដែល​គេ​និយម​ហូប មិន​ថា​នៅផ្ទះ ឬ​នៅ​កន្លែង​ផ្សេងៗ​នោះទេ ជាពិសេស​បន្លែ​ប្រភេទ​នេះ ភាគច្រើន​មាន​នៅ​តាម​រមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋាន ជាដើម។

បងស្រី បាន​បន្តថា​ មាន​មនុស្ស​ច្រើន តែងតែ​មក​កុម្ម៉ង់​គម​ក្រវាញ​របស់គាត់ យកទៅ​កន្លែង​ផ្សេងៗ ជួន​កាល​សូម្បីតែ​អ្នក​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត ​ក៏​ស្វែងរក​ក្រវាញ​របស់​គាត់​ដែរ ដូច្នេះ បន្លែ​ក្រវាញ កំពុងតែ​មានការ​ពេញនិយម សម្រាប់​មនុស្ស​ទូទៅ ហើយ​បន្លែ​គម​ក្រវាញ​នេះ គេ​អាច​យកមក​ធ្វើ​អា​អន្លក់ ឆា ឬ​សម្ល ប្រកបដោយ​រសជាតិ​ឆ្ងាញ់ ក្លិនប្រហើរ វា​អាច​ជួយ​កាត់បន្ថយ​ការ​តឹង​ច្រមុះ​ផងដែរ។

បងស្រី បាន​បន្តទៀតថា​ បន្លែ​ក្រវាញ មាន​ដុះ​នៅតាម​ព្រៃភ្នំ ឬ​ដី​ដែលមាន​ដើមឈើ​ធំៗ ដុះ​ជុំជិត ពោល​គឺ​ដំណាំ​នេះ ត្រូវការ​ពន្លឺ​ថ្ងៃ​តិច ហើយ​វា​រើស​ប្រភេទ​ដី ដើម្បី​ដុះ​លូតលាស់​ល្អ។ បងស្រី ឡុយ គឹមអេង ក៏បាន​បញ្ជាក់ដែរថា ​៖ ក្នុង​ដី​មួយ​រ៉ៃ​នេះ បងស្រី អាច​ប្រមូល​ផល​ក្រវាញ​បាន ពី​២០ ទៅ​៣០​គីឡូក្រាម ដោយ​គាត់​អាច​លក់​នៅ​លើ​ទីផ្សារ បាន​ក្នុងតម្លៃ​៨០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ ចំណែក​ពូជ​ក្រវាញ ដែល​គាត់​យកមក​ដាំ​នេះ គឺ​បានមកពី​ព្រៃភ្នំ ហើយ​ក្រវាញ​នេះ អាចឲ្យ​ផល ក្នុង​អាយុ​កាលពី​៥​ទៅ​៦​ខែ​ប៉ុណ្ណោះ ចំពោះ​ការ​ប្រមូល​ផល​ក្រវាញ គឺ​នៅពេល​វា​មាន​ចេញ​ស្លឹក​២ ឬ​៣ សន្លឹក ទើប​ក្រវ៉ា​ញ​ខ្ចី​ល្អ ដែល​យើង​យកមក​ធ្វើ​អាហារ​ឆ្ងាញ់​បាន​ផងដែរ។

​ពាក់ព័ន្ធ​ដំណាំ​មួយ​ប្រភេទ​នេះ​ ត្រូវបាន​លោក ម៉ម សុ​ផានី ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន មានប្រសាសន៍​បញ្ជាក់ថា ​៖ កន្លងមក មន្ទីរ​បាន​យកចិត្តទុកដាក់ និង​ជំរុញ ដល់​ប្រជាកសិករ ឲ្យ​ដាំ​ដំណាំ​ក្រវាញ ប្រសិនបើ​មាន​ដី ដែល​អាច​សមស្រប​ជាមួយ​ដំណាំ​នេះ ព្រោះ​ក្រវាញ ក៏​អាច​រកចំណូលបាន​ច្រើន​គួរសម សម្រាប់​ប្រជាកសិករ​យើង ដែល​ក្រៅពី​ការដាំ​ពោត ដាំ​ដំឡូង​ប្រចាំ​រដូវ ហើយ​បច្ចុប្បន្ន​នេះ ក្រវាញ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាំ​ដុះ​ផង​ដែរ ដែល​ទទួល​បាន​លទ្ធផល​គួរ​គាប់​ប្រសើ​ផង​ដែរ​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114