ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុករ​នៅ​អាកាសយានដ្ឋាន​ហុងកុង ​បាន​ដកថយ​ ប៉ុន្តែ​ទីក្រុង​នៅតែមាន​ភាព​ច្របូកច្របល់

ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ដកថយ​ពី​អាកាសយានដ្ឋាន​ហុងកុង​ហើយ​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​ការប្រមូលផ្តុំ​ដ៏​ធំ​រយៈពេល​២​ថ្ងៃ​ដែល​បាន​ក្លាយទៅជា​អំពើហិង្សា​និង​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​ធ្លាក់​ចូលទៅក្នុង​ភាពច្របូកច្របល់​បន្ថែម​ទៀត​។​

​ការតវ៉ា​បានបញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​ដែល​ក្នុងនោះ​ប៉ូលិស​ម្នាក់​បាន​ដក​កាំភ្លើង​របស់គាត់​ក្រោយពេល​ត្រូវបាន​វាយដំ​ដោយ​ក្រុមបាតុករ​ហើយ​មន្ត្រី​ផ្សេងទៀត​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

​ការប្រមូលផ្តុំ​គ្នា​នេះ​បានធ្វើ​ឲ្យ​ជាប់គាំង​ដល់​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​មមាញឹក​ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​ហើយ​ធ្វើ​ឲ្យ​វិបត្តិ​រយៈពេល​១០​សប្តាហ៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ដែលជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ការគ្រប់គ្រង​របស់​ចិន​លើ​ទីក្រុង​ហុងកុង​ចាប់តាំងពី​ការប្រគល់​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាន់តែ​មានការ​ភ័យខ្លាច​ថា​ក្រុង​ប៉េកាំង​អាច​នឹង​ត្រៀម​ធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​បញ្ចប់​ភាពវឹកវរ​នេះ​។ លោក​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់លោក​បានបញ្ជាក់​ពី​ចលនា​កងទ័ព​ចិន​ឆ្ពោះទៅ​ព្រំដែន​ហុងកុង​។​

​ភាពវឹកវរ​ដែល​ត្រូវបាន​គេ​មើលឃើញ​មនុស្ស​រាប់លាន​នាក់​ចេញមក​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ហុងកុង​គឺ​ត្រូវបាន​បង្កឡើង​ដោយ​ការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​។​

​កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ អ្នក​តវ៉ា​រាប់ពាន់នាក់​ដែល​ពាក់​អាវយឺត​ពណ៌​ខ្មៅ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រលានយន្តហោះ​ក្រុង​ហុងកុង​ដែលជា​ហេតុ​បង្ខំ​ឲ្យ​ជើងហោះហើរ​រាប់រយ​ត្រូវ​លុបចោល​។​

​ក្រុមអ្នកតវ៉ា​បាន​ប្រើ​វិធីសាស្ត្រ​ឈ្លានពាន​កាន់តែខ្លាំង​កាលពី​ថ្ងៃ​អង្គារ​និង​បាន​បង្កើត​រនាំង​ដើម្បី​រារាំង​អ្នកដំណើរ​នៅតាម​សាល​ចាកចេញ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ ការតវ៉ា​បាន​ឈានដល់​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស​ហើយ​ក្រុមបាតុករ​បាន​ប្រវាយប្រតប់​ជាមួយ​អ្នកដំណើរ​ដែល​អស់សង្ឃឹម​ក្នុងការ​ហោះហើរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114