ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ល្មូន​ជិត​១​តោន​ បបួលគ្នា​ឆ្លងដែន​ទៅ​លេង​វៀតណាម​ ត្រូវ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កណ្តាល​ក្របួច​ជាប់​

កណ្ដាល​ ៖​ សត្វ​ល្មូន​ជិត​១​តោន​ មាន​ពស់​ មាន​អន្ទង់ ​បបួលគ្នា​ឆ្លងដែន​ទៅលេង​វៀតណាម​ តែ​អត់​មាន​លិខិតឆ្លងដែន ​ត្រូវ​នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​ក្របួច​ជាប់។​

ការចាប់​សត្វ​ល្មូន​ឆ្លងដែន​នេះ​ ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ​១៤​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ឯកស័ក ​ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤​ ខែសីហា ឆ្នាំ​២០១៩​ វេលា​ម៉ោង​០២​និង​៣០​នាទី រំលង​អធ្រាត្រ ខណៈ​ពួកគេ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ 2z -3490 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​ផ្លូវ​លេខ ១១០ ភូមិ​លេខ ៣ ​ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល​។​

ជនសង្ស័យ​ និង​ជា​អ្នកបើកបរ​មានឈ្មោះ​ប្រាក់ ម៉ៅ​ ភេទ​ប្រុស ​អាយុ៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ​ដោយ​រឹបអូស​ដកហូត វត្ថុតាង​រួមមាន រថយន្ត​មួយគ្រឿង​ ម៉ាក​សាំ​យ៉ុង​ ពណ៌ ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z- 3490។​ សត្វ​អន្ទង់​រស់​ចំនួន​១១​ធុង ស្មើនឹង​៦០០​គីឡូក្រាម​ និង​សត្វ​ពស់​ព្រលិត​រស់​ចំនួន​២​ធុង​ ស្មើនឹង​៩០​គីឡូក្រាម សរុប​ចំនួន​១៣​ធុង​ ស្មើនឹង​៦៩០​គីឡូក្រាម។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា វត្ថុតាង​ខាងលើ ​និង​ជនសង្ស័យ​ បានប្រគល់​ឲ្យ​សង្កាត់រដ្ឋបាល​ជលផល​កោះធំ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ឆា​ខ្ញី​ និង​សម្លម្ជូរ​គ្រឿង។​

តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា ​មុខ​ជំនួញ​ខាងលើនេះ ​គេ​រកស៊ី​កាក់កប​យូរ​ហើយ​ ដោយមាន​មន្ត្រី​ជលផល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ពីក្រោយ​ខ្នង​ពួក​ឈ្មួញ​ទាំងនោះ​ទៀតផង តែ​លើក​នេះ​ភ្លាត់​ស្នៀត​ជាប់អន្ទាក់​របស់​ប៉ូលិស​តែម្ដង៕​

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114