ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​និយាយ​ថា ខ្លួន​ឈ្នះ​អាមេរិក​លើ​ការប្រកួតប្រជែង​អាវុធ​ថ្វីបើ​មាន​ឧប្បត្តិហេតុ​រ៉ុក្កែត​ក៏ដោយ

វិមាន​ក្រឹម​ឡាំង​បាន​អួតអាង​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បានឈ្នះ​ការប្រកួតប្រជែង​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​បើទោះបី​ជាមាន​ឧប្បត្តិហេតុ​រ៉ុក្កែត​ដ៏​អាថ៌កំបាំង​មួយ​កាលពី​សប្តាហ៍​មុន​នៅ​ភាគ​ខាងជើង​ប្រទេស​រុស្ស៊ី​ដែល​បណ្តាល​ឲ្យ​មានការ​កើនឡើង​នៃ​កម្រិត​វិទ្យុសកម្ម​ក៏ដោយ​។​

​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​រដ្ឋ​របស់​រុស្ស៊ី Rosatom បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​កាលពី​ថ្ងៃទី​៨​ខែសីហា​បានកើត​ឡើង​អំឡុង​ការសាកល្បង​គ្រាប់​រ៉ុក្កែត​មួយ​នៅក្នុង​សមុទ្រ​.​ស​ដោយបាន​សម្លាប់​មនុ​ស្ស​យ៉ាងតិច​៥​នាក់​និង​រងរបួស​៣​នាក់​ទៀត​។​

​ទីភ្នាក់ងារ​នេះ​បាន​សន្យាថា​នឹង​បន្ត​អភិវឌ្ឍ​អាវុធ​ថ្មី​ដើម្បី​បង្ហាញថា​បុរស​ដែល​បាន​ស្លាប់​ក្នុងការ​សាកល្បង​នោះ​គឺជា​វីរបុរស​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​ការផ្ទុះ​នោះ​ដែល​លោក​អះអាងថា​បានកើត​ឡើង​ក្នុងអំឡុងពេល​នៃ​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដែល​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​អួតអាង​កាលពី​ឆ្នាំមុន​។​

​ប្រទេស​រុស្ស៊ី​បាន​និយាយថា មី​ស៊ី​ល​នេះ​នឹងមាន​រយៈ​ចម្ងាយ​គ្មាន​ដែន​កំណត់​ហើយ​អាច​យកឈ្នះ​លើ​ប្រព័ន្ធ​ការពារ​ទាំងអស់​។ រុស្ស៊ី​បាន​ហៅ​មី​ស៊ី​ល​នោះ​ថា 9M730 Burevestnik ឬ​ព្យុះ Petrel​។ យ៉ាងណាក្តី សម្ព័ន្ធភាព​ណា​តូ​បានចាត់ទុក​វា​ថា​ជា​មី​ស៊ី​ល SSC-X-9 Skyfall​។​

​លោក ត្រាំ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា សហរដ្ឋអាមេរិក​មាន​បច្ចេកវិទ្យា​ស្រដៀង​គ្នា​ប៉ុន្តែ​ជឿនលឿន​ជាង​នេះ​។​

​ប៉ុន្តែ​នៅពេល​ត្រូវបាន​គេ​សាកសួរ​អំពី​ការអត្ថាធិប្បាយ​របស់លោក​ត្រាំ​កាលពី​ថ្ងៃ​អង្គារ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា មិនមែន​សហរដ្ឋអាមេរិក​ទេ​ដែល​នៅមុខ​យើង​នោះ​នៅពេល​និយាយ​អំពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយថា “​ប្រធានាធិបតី​របស់​យើង​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា វិស្វកម្ម​រុស្ស៊ី​នៅក្នុង​វិស័យនេះ​មាន​កម្រិត​ខ្ពស់ជាង​កម្រិត​ដែល​ប្រទេស​ផ្សេងទៀត​ធ្វើបាន​ហើយ​មានតែ​មួយគត់​”៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114