ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជាប់ពន្ធនាគារ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​បដិសេធ​ការធ្វើ​ទារុណកម្ម​នៅក្នុង​កិច្ចព្រមព្រៀង​ដោះលែង

អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បានផ្តល់​ការដោះលែង​សកម្មជន​ឈ្មោះ Loujain al-Hathloul ជា​ថ្នូរ​នឹង​ការផ្តល់​វីដេអូ​សក្ខីកម្ម​របស់​នា​ង​ដែល​បដិសេធថា នាង​មិន​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​និង​រំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ពន្ធនាគារ​ទេ​។ នេះ​បើតាម​ការអះអាង​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមគ្រួសារ​របស់​នាង​។​

​បងប្រុស​របស់​នាង​ឈ្មោះ Walid al-Hathloul ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​បាន​និយាយ​លើ Twitter ថា “​សន្តិសុខ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទៅសួរសុខទុក្ខ​ប្អូនស្រី​របស់ខ្ញុំ​នៅក្នុង​ពន្ធនាគារ​នាពេល​ថ្មីៗ​នេះ​។ ពួកគេ​បានស្នើ​ឲ្យ​នាង​ចេញមុខ​ក្នុង​វីដេអូ​ដើម្បី​បដិសេធ​ការធ្វើ​ទារុណកម្ម​និង​ការយាយី​។ នោះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ក្នុងការ​ដោះលែង​នាង​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ប្រតិកម្ម​ភ្លាមៗ​ពី​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​ទេ​ហើយ​ក្រសួង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​នេះ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​ឡើយ​។​

​លោកស្រី Hathloul ដែល​ទើបតែ​ធ្វើ​ខួបកំណើត​គម្រប់​អាយុ​៣០​ឆ្នាំ​នៅក្នុង​ពន្ធនាគារ​គឺ​ស្ថិតក្នុង​ចំណោម​សកម្មជន​សិទ្ធិនារី​លេចធ្លោ​ជាង​១០​នាក់​ដែល​បច្ចុប្បន្នកំពុង​ប្រឈម​នឹង​ការកាត់ទោស​បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​កាលពី​ឆ្នាំមុន​នៅក្នុង​ការបង្ក្រាប​ដ៏​ធំធេង​លើ​ក្រុមប្រឆាំង​។​

​នាង​ស្ថិត​ក្នុងចំណោម​អ្នក​ជាប់ឃុំ​ពីរ​បីនាក់​ដែល​បាន​ចោទប្រកាន់​អ្នក​សួរចម្លើយ​ថា​បានធ្វើ​ទារុណកម្ម​ពួកគេ​រួមមាន​ទាំង​ការ​ឆក់​ខ្សែភ្លើង វាយ​នឹង​រំពាត់​និង​ការ​ស្ទាបអង្អែល​ផងដែរ​នៅក្នុង​មណ្ឌល​ឃុំឃាំង​ប៉ុន្តែ​ការចោទប្រកាន់​ទាំងនេះ​ត្រូវបាន​រដ្ឋាភិបាល​បដិសេធ​យ៉ាង​ដាច់អហង្ការ​។​

​យោងតាម​ក្រុមគ្រួសារ​របស់​នាង​បាន​ឲ្យ​ដឹងថា នាង Hathloul ក៏បាន​ចោទប្រកាន់​អតីត​ទីប្រឹក្សា​តុលាការ Saud al-Qahtani ពីបទ​គំរាម​ចាប់រំលោភ​និង​សម្លាប់​នាង​ផងដែរ​។​

​បងប្រុស​របស់​នាង​បាន​និយាយថា ដំបូង​ឡើយ​នាង​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ដែល​បដិសេធថា​នាង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​ដែលជា​លក្ខខណ្ឌ​សម្រាប់​ការដោះលែង​។​

​លោក​បាន​បន្ថែមថា ក្រុមគ្រួសារ​របស់​នាង​មាន​គោលបំណង​រក្សា​ការសម្ងាត់​នៃ​កិច្ចព្រមព្រៀង​នេះ​។ ប៉ុន្តែ​ថ្មីៗ​នេះ មន្ត្រី​សន្តិសុខ​រដ្ឋ​បាន​ទៅ​ជួប​នាង​ម្តងទៀត​នៅក្នុង​ពន្ធនាគារ​ដើម្បី​ទាមទារ​ឲ្យ​មាន​វីដេអូ​ផ្តល់​សក្ខីកម្ម​។​

​ទីក្រុង​រី​យ៉ា​ដ​បាន​ប្រឈម​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​លោកខាងលិច​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិនារី​ដែល​ភាគច្រើន​ត្រូវបាន​ដាក់ពន្ធនាគារ​កា​លពី​រដូវក្តៅ​មុន​មុនពេល​អារ៉ាប៊ីសាអ៊ូឌីត​ដក​បំរាម​ជា​ប្រវត្តិសាស្ត្រ​លើ​ស្ត្រី​បើកបរ​យានយន្ត​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114