ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជន​អាកាសធាតុ Greta Thunberg ធ្វើដំណើរ​តាម​ទូក​ទៅ​ទីក្រុង​ញូវយ៉ក

សកម្មជន​អាកាសធាតុ​វ័យ​ជំទង់​ឈ្មោះ Greta Thunberg នឹងធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ទៅកាន់​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ពុធ​ដោយ​ឆ្ពោះទៅកាន់​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​មួយ​តាម​ទូក​មិន​បញ្ចេញ​ឧស្ម័ន​មួយគ្រឿង​ដែល​កាន់កាប់​ដោយ​សមាជិក​ម្នាក់​នៃ​គ្រួសារ​កំពុងកាន់​អំណាច​របស់​ប្រទេស​ម៉ូ​ណា​កូ​។​

​ក្មេងស្រី​សញ្ជាតិ​ស៊ុយអែត​អាយុ​១៦​ឆ្នាំ​រូបនេះ​ដែល​ការធ្វើ​កូដកម្ម​របស់​នាង​នៅតាម​សាលារៀន​បាន​ជំរុញ​ឲ្យ​កុមារ​ទូទាំង​ពិភពលោក​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការឡើង​កម្តៅ​ផែនដី​គឺ​បាន​បដិសេធ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ដោយសារ​តែ​ការ​បំ​ភាយ​កាបូន​ដែល​បណ្តាលមកពី​យន្តហោះ​។​

​ប៉ុន្តែ​នាង​បាន​ស្នើសុំ​ការធ្វើដំណើរ​តាម​ទូក Malizia II រួមជាមួយ​ឪពុក​របស់​នាង​ឈ្មោះ Svante និង​អ្នក​ផលិត​ខ្សែភាពយន្ត​ម្នាក់​ដើម្បី​ចងក្រង​ឯកសារ​នៃ​ការធ្វើដំណើរ​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​នាង​ចូលរួម​ក្នុង​កិច្ចពិភាក្សា​របស់ UN នៅ​ខែកញ្ញា​ជាមួយ​មនសិការ​ច្បាស់លាស់​។​

​ទូក​ប្រវែង​៦០​ហ្វី​ត​នេះ​ត្រូវបាន​កាន់កាប់​ដោយ​លោក Pierre Casiraghi ដែលជា​អនុប្រធាន​ក្លិប Monaco Yacht និង​ជា​សមាជិក​នៃ​ក្រុមគ្រួសារ​កាន់អំណាច​រប​ស់​ម៉ូ​ណា​កូ​និង​អ្នក​បើកទូក​ជុំវិញ​ពិភពលោក​សញ្ជាតិ​អាល្លឺម៉ង់​ឈ្មោះ Boris Herrmann​។​

​ខណៈដែល​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​ប្រហែល​២​សប្តាហ៍ ទូក​នេះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប្រហែល​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុន្តែ​នឹងត្រូវ​ធ្វើដំណើរ​ប៉ះ​ខ្យល់​ខ្លាំង​ច្រើន​ដូច្នេះ​វា​នឹងមាន​ល្បឿន​យឺត​ជាង​នេះហើយ​កា​ពី​ទែន​ចង់​ធ្វើដំណើរ​ដោយ​រលូន​។​

​លោក Herrmann បាន​ប្រាប់ AFP ខណៈ​គាត់​ធ្វើ​ការរៀបចំ​ចុងក្រោយ​នៅ​កំពង់ផែ Plymouth របស់​ប្រទេស​អង់គ្លេស​ថា “​គោលបំណង​គឺ​ការ​ទៅដល់​ទីក្រុង​ញូវយ៉ក​ដោយ​សុវត្ថិភាព​”​។​

​គួរ​បញ្ជាក់ថា នាង Thunberg បាន​ក្លាយជា​បុគ្គល​ឈានមុខ​សម្រាប់​សកម្មភាព​អាកាសធាតុ​ជាមួយនឹង​ការព្រមាន​យ៉ាងខ្លាំង​របស់​នាង​អំពី​គ្រោះមហន្តរាយ​ប្រសិនបើ​ពិភពលោក​មិន​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​និង​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី​ទេនោះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114