ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​សមត្ថកិច្ច ពង្រឹង​កិច្ច ការពារ​សន្តិសុខ នៅតាម​បុរី ខុន​ដូ និង ផ្ទះ​សំណាក់ ខណៈ​មាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន មួយចំនួន​មិន​សហការ ផ្តល់ព័ត៌មាន​

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ពង្រឹង​កិច្ចការងារ ការពារ​សន្តិសុខ នៅ​តាម​បុរី ខុន​ដូ​ និង​ផ្ទះសំណាក់ ខណៈ​ដែល​មាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន តាម​បុរី និង ខុន​ដូ មួយ​ចំនួន​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លើ​ការ​ផ្តល់ព័ត៌មាន​។​

ការ​ជំរុញ​បែបនេះ​របស់ លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​សីហា ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ ទាក់ទិន​នឹង​ការគ្រប់គ្រង​ជនបរទេស ការ​ស្នាក់នៅ ពិសេស ​គឺ​បញ្ហា​សន្តិសុខ នៅ​តាម​បណ្ដា​បុរី និង ខុន​ដូ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ មន្ទីរជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​

លោក ឃួ​ង ស្រេង បានលើកឡើង​ផ្ដោត ទៅលើ​បញ្ហា នៃ​ការមិន​ចូលរួម​ពី​ខាង​សន្តិសុខ​ឯកជន តាម​បុរី និង ខុន​ដូ មួយចំនួន មិនបាន​សហការ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដូចជា មិន​ផ្ដល់​ព័ត៌មាន​នានា មក​ជំនាញ​សមត្ថកិច្ច មិន​អនុញ្ញាតឲ្យ​សមត្ថកិច្ច ឬ​អាជ្ញាធរ ចេញចូល បុរី ឬ ខុន​ដូ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ការគ្រប់គ្រង​ការ​ស្នាក់ នៅ​របស់​ពលរដ្ឋ ការរក្សាសន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន និង​ក្ដាប់​សភាពការណ៍ មិន​គ្រប់​ជ្រុងជ្រោយ​។​

ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល ក៏បាន​បញ្ជា​ឲ្យ​ខណ្ឌ​ទាំងអស់ ផ្តល់នូវ​របាយការណ៍​ប្រចាំខែ អំពី​ការងារ​ត្រួតពិនិត្យ ការគ្រប់គ្រង​ជនបរទេស រស់នៅ​តាម​ខុន​ដូរ សណ្ឋាគារ បុរី និង​ក្នុង​ផ្ទះសំណាក់ និង​ការងារ​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន គ្រប់គ្រង​តាម​ខណ្ឌ​នីមួយ ដែល​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​បាន​ប្រជុំ​ដាក់​ចេញ​នូវ​ផែនការ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ជាពិសេស​លទ្ធផល ​នៃ​ការ​អនុវត្ត​នូវ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​តម្រូវឲ្យ​មានការ​បង្កើន​ប្រជា​កា​ពារ​ឡើងវិញ នៅ​តាម​សង្កាត់​និ​មួយ ថា​តើ​មកដល់ពេលនេះ​ទទួល​បាន​លទ្ធផល​បែប​ណា​ហើយ​។​

សូម​រំលឹក​ផងដែរ​ថា កន្លងមកនេះ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ ស្តីពី​ការគ្រប់គ្រង​វត្ត​មាន​ជនបរទេស​ក្នុងប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។ ក្រសួងមហាផ្ទៃ​ក៏បាន​ពិនិត្យឃើញថា មាន​ម្ចាស់ ​ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ជាច្រើន បាន​អនុវត្តតាម​សេចក្ដីណែនាំ​ដោយ​ស្មារតី​ភ្ញាក់រឭក​រួសរាន់ ​និង​ការទទួលខុសត្រូវ​ខ្ពស់ ​ប៉ុន្តែ​នៅមាន​ម្ចាស់ ​ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​មួយចំនួន ពុំ​ទាន់​យល់​អំពី​កាតព្វកិច្ច​ និង​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​កំណត់​ នៃ​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នៅឡើយ​។​

ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​អន្តោប្រវេសន៍ សំដៅ​បង្កើន​ការគ្រប់គ្រង​វត្ត​មាន នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​សុវត្ថិភាព​ផ្ទាល់​របស់​ជនបរទេស​គ្រប់រូប ដែល​ស្នាក់​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ក្រសួងមហាផ្ទៃ​ បានធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់ ​ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ ត្រូវ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស ដែល​បាន​ចូលមក​ស្នាក់​នៅក្នុង​ទីតាំង​របស់ខ្លួន​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​នៅក្នុង​មូលដ្ឋាន ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​កិច្ចសហការ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​ផ្តល់​របាយការណ៍​ឲ្យ​បាន​ទៀងទាត់​។ ចំពោះ​ម្ចាស់ ឬ​អ្នកកាន់​កាប់​លំនៅដ្ឋាន​ណា​ដែល​មិនបាន​រាយការណ៍ ពី​វត្តមាន នៃ​ការ​ស្នាក់នៅ​របស់​ជនបរទេស តាម​ការកំណត់​នៃ​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​នានា នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ច្បាប់ ស្ដីពី​អន្តោប្រវេសន៍ និង​ច្បាប់​ផ្សេងៗ​ទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114