ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រួសារ​អះអាងថា សាកសព​ដែល​ត្រូវបាន​រកឃើញ​ក្នុងព្រៃ​ម៉ាឡេស៊ី​គឺជា​ក្មេង​ជំទង់​អៀរ​ឡង់​ដែល​បាត់​ខ្លួន

សាកសព​អាក្រាតកាយ​របស់​ក្មេង​ជំទង់​បារាំង​កាត់​អៀរ​ឡង់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ពី​រមណីយដ្ឋាន​ម៉ាឡេស៊ី​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ជ្រោះ​ជ្រៅ​មួយ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការស្វែងរក​អស់​រយៈពេល​១០​ថ្ងៃ​ដោយមាន​ការចូលរួម​ពី​កងកម្លាំង​រាប់រយ​នាក់​។​

​ឧទ្ធម្ភាគចក្រ​បាន​យក​សាកសព​ចេញពី​ព្រៃ​និង​នាំទៅ​មន្ទីរពេទ្យ​ហើយ​ក្រោយមក​ឪពុកម្តាយ​របស់​នាង Nora Quoirin អាយុ​១៥​ឆ្នាំ​បាន​ស្គាល់​អត្តសញ្ញាណ​របស់​នា​ង​។​

​នាង​បាន​បាត់​ខ្លួន​ពី​រមណីយដ្ឋាន Dusun ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៅ​ថ្ងៃទី​៤ ខែសីហា​ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​បាន​ទៅដល់​ទីនោះ​សម្រាប់​ការសម្រាកលំហែ​កាយ​ជាមួយ​ក្រុមគ្រួសារ​របស់​នាង​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។​

​គ្រួសារ​របស់​នាង​ជឿថា ក្មេង​ជំទង់​រូបនេះ​ត្រូវបាន​គេ​ចាប់ពង្រត់​ប៉ុន្តែ​ប៉ូលិស​បាន​ចាត់ទុកថា​នេះ​ជា​ករណី​មនុស្ស​បាត់​ខ្លួន​។​

​មនុស្ស​ជាង​៣៥០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​តាម​ប្រមាញ់​ក្នុងព្រៃ​ដ៏​ក្រាស់​ដែលមាន​ការគាំទ្រ​ដោយ​ឧទ្ធម្ភាគចក្រ យន្តហោះ​ដ្រូ​ន សត្វ​ឆ្កែ​ហិតក្លិន​និង​អ្នក​មុជទឹក​ស្រប​ពេលដែល​គ្រូមន្តអាគម​បានធ្វើ​ពិធី​សាសនា​ដើម្បី​រក​ទីតាំង​របស់​នាង​។​

​លោក Mazlan Mansor អគ្គស្នងការ​រង​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា សាកសព​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រឡាយ​តូច​មួយ​នៅក្នុង​ជ្រោះ​ដែលមាន​ចម្ងាយ​ប្រហែល​២.៥​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​។​

​លោក​បាន​និយាយថា សាកសព​មិនមាន​សម្លៀកបំពាក់​ទេ​ប៉ុន្តែ​បាន​បដិសេធ​បង្ហាញថា​តើ​មាន​របួស​ដែរ​ឬក៏​អត់​។ លោក Mazlan និយាយថា រឿងនេះ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ករណី​មនុស្ស​បាត់​ខ្លួន​។​

​គួរ​បញ្ជាក់ថា អ្នកស្ម័គ្រចិត្ត​មួយក្រុម​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​ស្វែងរក​និង​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​នេះ​បន្ទាប់ពី​បានទទួល​តម្រុយ​ពី​សាធារណជន​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114