ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​ពន្ធនាគារ​ពីរ​នាក់ ​ត្រូវ​ព្យួរ​ការងារ ​ខណៈ​មេ​ឆ្មាំ​ត្រូវ​ប្តូរ​មុខតំណែង​ក្រោយ​ការ​ស្លាប់​របស់​លោក

ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា មេ​ឆ្មាំ​ពន្ធនាគារ​សន្តិសុខ​កម្រិត​ខ្ពស់​ក្រុង​ញូវយ៉ក​ដែលជា​កន្លែង​លោក Jeffrey Epstein ត្រូវបាន​គេ​អះអាងថា​បានធ្វើ​អត្តឃាត​គឺ​ត្រូវបាន​ប្តូរ​មុខតំណែង​ហើយ​ឆ្មាំ​ពីរ​នាក់​ត្រូវបាន​ព្យួរការងារ​ជា​បណ្តោះអាសន្ន។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោកស្រី Kerri Kupec បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ឆ្មាំ​ពីរ​នាក់​ត្រូវបាន​ព្យួរការងារ​ដោយ​ការិយាល័យ​ពន្ធនាគារ​ដែល​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​អង្គភាព​របស់លោក Epstein នៅឯ​មជ្ឈមណ្ឌល​កែប្រែ​ក្រុង (MCC)​។​

​លោកស្រី Kupec បាន​និយាយថា អគ្គ​រដ្ឋអាជ្ញា​លោក Bill Barr បាន​បញ្ជា​ឲ្យ​ការិយាល័យ​ពន្ធនាគារ​ចាត់តាំង​ជា​បណ្តោះអាសន្ន​នូវ​ឆ្មាំ MCC ទៅកាន់​ការិយាល័យ​ប្រចាំ​តំបន់​មួយ​រង់ចាំ​ការស៊ើបអង្កេត​របស់ FBI និង​ក្រសួងយុត្តិធម៌​ចំពោះ​ការស្លាប់​របស់​អ្នកទោស​ដ៏​ល្បីឈ្មោះ​។​

​លោកស្រី​និយាយថា “​សកម្មភាព​បន្ថែម​អាច​ត្រូវបាន​អនុវត្តតាម​កាលៈទេសៈ​”​។​

​លោក Epstein អាយុ​៦៦​ឆ្នាំ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់​របស់គាត់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ហើយ FBI និង​ក្រសួងយុត្តិធម៌​កំពុងធ្វើការ​ស៊ើបអង្កេត​មួយ​ទៅលើ​ការស្លាប់​របស់គាត់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ធ្វើអត្តឃាត​យ៉ាង​ជាក់ស្តែង​។​

​មហាសេដ្ឋី​រូបនេះ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ​និង​តារា​ល្បីៗ​ជាច្រើន​ឆ្នាំ​មកហើយ​គឺ​កំពុង​រង់ចាំ​ការជំនុំជម្រះ​លើ​បទចោទប្រកាន់​សហព័ន្ធ​ដែលថា គាត់​បាន​ជួញដូរ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​សម្រាប់​ការរួម​ភេទ​។​

​លោក Barr ដែល​មើល​ការខុសត្រូវ​ពន្ធនាគារ​សហព័ន្ធ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ត្រូវបាន​គេ​រកឃើញ​នៅឯ​ពន្ធនាគារ​ដែល​ជាក​ន្លែ​ង​អ្នក​ហិរញ្ញវត្ថុ​បាន​ស្លាប់​។ លោក​និយាយថា “​យើង​នឹង​ដឹង​ច្បាស់​ពីអ្វី​ដែល​បាន​កើតឡើង​ហើយ​វា​នឹងមាន​ការទទួលខុសត្រូវ​”​។​

​លោក Epstein បាន​ព្យាយាម​បន្តជីវិត​រស់នៅ​របស់​គាត់​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​ហើយ​មាន​ស្នាម​នៅលើ​កញ្ចឹងក​របស់គាត់​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើអត្តឃាត​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114