ព័ត៍មានទាន់​ហេតុការណ៏
Search

បម្រាម​គោចរ​នៅ​តំបន់​កា​ស្មៀ​រ​ នឹងត្រូវ​បន្ធូរបន្ថយ​ ក្រោយ​ថ្ងៃ​ព្រហស្បតិ៍

អភិបាល​រដ្ឋ​បាន​និយាយថា ការ​រឹតត្បិត​លើ​សេរីភាព​ក្នុងការ​ធ្វើដំណើរ​នៅ​តំបន់​កា​ស្មៀ​រលើ​ផ្នែក​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា​នឹងត្រូវ​បន្ធូរបន្ថយ​បន្ទាប់ពី​ទិវា​ឯករាជ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថ្វីបើ​បណ្តាញទូរស័ព្ទ​និង​អ៊ី​ន​ធើ​ណែ​ត​នឹង​នៅតែ​ត្រូវបាន​កាត់ផ្តាច់​ក៏ដោយ​។​

​នៅ​ថ្ងៃ​ពុធ លោក Satya Pal Malik បាន​ប្រាប់​កាសែត Times of India ថា បណ្តាញ​ទំនាក់ទំនង​នឹង​នៅតែ​ត្រូវបាន​បិទ​ខណៈពេលដែល​រដ្ឋាភិបាល​ឥណ្ឌា​បន្ធូរបន្ថយ​ការគាបសង្កត់​របស់ខ្លួន​ចាប់តាំងពី​ប្រទេស​នេះ​បាន​ដកហូត​ឋានៈ​ស្វ័យភាព​របស់​តំបន់​នេះ​កាលពីដើម​ខែសីហា​។​

​លោក Malik បាន​ប្រាប់​កាសែត​នេះ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា “​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ឬ​១០​ថ្ងៃ អ្វីៗ​នឹង​ល្អប្រសើរ​ហើយ​យើង​នឹង​បើក​បណ្តាញ​ទំនាក់​ទំនងជា​បណ្តើរៗ​”​។​

​ដោយ​ភ័យខ្លាច​ភាពចលាចល ប្រទេស​ឥណ្ឌា​បាន​កាត់ផ្តាច់​បណ្តាញ​ទូរគមនាគមន៍​និង​ដាក់​បំរាម​គោចរ​នៅ​ផ្នែក​មួយ​នៃ​តំបន់​កា​ស្មៀ​រ​ដែល​ខ្លួន​គ្រប់គ្រង​កាលពី​ថ្ងៃទី​៤​ខែសីហា​ពោលគឺ​មួយថ្ងៃ​មុនពេល​ប្រធានាធិបតី​បានចេញ​អនុក្រឹត្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការដកហូត​ឋានៈ​ពិសេស​របស់​តំបន់​ដែលមាន​ប្រជាជន​កាន់សាសនា​ឥស្លាម​ភាគច្រើន​មួយ​នេះ​។​

​កងទ័ព​រាប់ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ទីក្រុង Srinagar និង​ទីប្រជុំជន​និង​ភូមិ​ដទៃទៀត​ដោយបាន​ប្រែក្លាយ​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​នេះ​ទៅជា​កន្លែង​ស្ងាត់ជ្រងំ​ជាមួយ​លួស​បន្លា​និង​រនាំង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការឡោមព័ទ្ធ​នេះ​មិនបាន​រារាំង​ការតវ៉ា​ទាំងស្រុង​នោះទេ​។​

​យោងតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ​៨,០០០​នាក់​បាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម​មួយ​បន្ទាប់ពី​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​ខណៈ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ការប្រមូល​ផ្តុំគ្នា​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ឥណ្ឌា​បានបញ្ជាក់​ជា​លើកដំបូង​ថា ការប៉ះទង្គិច​គ្នា​ពិតជា​បានកើត​ឡើង​មែន​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114