ព័ត៍មានទាន់​ហេតុការណ៏
Search

វី​តា​ល់​ ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន ​ក្នុង​មួយឆ្នាំៗ​ រយៈពេល​៣​ឆ្នាំ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​

​សៀមរាប ​៖ ក្រុមហ៊ុន វី​តា​ល់ ​បាន​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន ​ក្នុង​មួយឆ្នាំៗ រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។

​កម្មវិធី​ចុះ​កិច្ច​ព្រមព្រៀង ​ឧបត្ថម្ភ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប ខេត្តសៀមរាប​ដោយមាន​វត្តមាន​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​វី​តា​ល និង អ្នកតំណាង​ឲ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាច្រើន​នាក់​ផងដែរ​។

លោក ទេព ណាវី នាយក​ប្រតិបត្តិការ ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ស្ងើច​សរសើរ​ដល់​ក្រុមហ៊ុន វី​តា​ល់​ ដែលជា​ក្រុមហ៊ុន​ជាតិ​គំរូ ផ្តោត​សំខាន់ ​និង​យកចិត្តទុកដាក់​ដល់​កម្មវិធី​មនុស្សធម៌ ជាពិសេស​ការ​ផ្តល់ជំនួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ដែល​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​មន្ទីរពេទ្យ​ និង​ក្រុម​ការងារ​ឲ្យ​កាន់​តែមាន​ទឹកចិត្ត​បម្រើ​សេវាកម្ម​ពិនិត្យ​ព្យាបាល​កាន់តែ​ល្អប្រសើរ​ដល់​កុមារ​កម្ពុជា​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មាន ប្រសាសន៍​ផងដែរ​ថា ក្រុមហ៊ុន​វី​តា​ល់ គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​លើ​សកម្មភាព​ភាព​មនុស្សធម៌ ក្រុមការងារ​យើង​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បានធ្វើការ​យ៉ាងសកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ក្នុង​មួយថ្ងៃៗ​រាប់រយ​រាបពាន់នាក់​។ ដូច្នេះហើយ​ទើប ក្រុមហ៊ុន​ទឹក​សុទ្ធ​វី​តា​ល់​តែងតែ​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដោយបាន​ផ្តល់​ជា​អំណោយ​អង្ករ​១០​តោនៗ និង ផលិតផល​វី​តា​ល់​នៅ​ឆ្នាំ​២០១៦​កន្លងមក​។ ជាមួយគ្នា​នោះ ថវិការ​ជិត​១​ម៉ឺន​ដុល្លារ​ទទួលបាន​មកពី​គម្រោង «​អ្នកជា​វីរ​:​បុរស​» ដែល​បាន​បិទ​បញ្ចប់​កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លង​ទៅនោះ​។

​ជាងនេះទៅទៀត​វី​តា​ល់​ក៏បាន​បន្ត​គាំទ្រ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​១០​តោន​ក្នុង​មួយឆ្នាំៗ​រយៈពេល​រហូតដល់​ទៅ​៣​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​នេះ​ដល់​ឆ្នាំ​២០២១​ជាដើម​។

​ជាមួយនឹង​មូលនិធិ​២៥៛ របស់​វី​តា​ល់ យើង​នឹង​បន្ត​ពង្រឹង​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌​ជាច្រើន​រូបភាព​បន្ថែមទៀត​ដើម្បី​អតិថិជន សង្គម និង​ការអភិវឌ្ឍ​ជា​និរន្តរភាព​សម្រាប់​ទៅ​ថ្ងៃ​អនាគត ៕​

ដោយ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114