ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ិ​ក​ស៊ិ​ក​និង​អាមេរិក​ដោះដូរ​ព័ត៌មាន​គ្នា​ស្តីពី​ការបាញ់ប្រហារ​នៅ​ទីក្រុង El Paso

ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ក្នុងការ​ដោះដូរ​ព័ត៌មាន​ទាក់ទង​នឹង​ការបាញ់ប្រហារ​ដ៏​សាហាវ​នៅ​ទីក្រុង El Paso នៃ​រដ្ឋ Texas ដែល​បានសម្លាប់​មនុស្ស​ចំនួន​២២​នាក់​។​

​ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ចំនួន​៨​នាក់​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុងការ​វាយប្រហារ​រើសអើង​ពូជសាសន៍​នៅ​ទីក្រុង​ព្រំដែន​ដែលមាន​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​ភាគច្រើន​។​

​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​ការប្រជុំ​នៅ​ទីក្រុង Mexico City រវាង​តំណាង​នៃ​ប្រទេស​ទាំងពីរ​ថា “​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​ដោះដូរ​ព័ត៌មាន​គ្នា​ស្តីពី​ការស៊ើបអង្កេត​រៀងៗ​ខ្លួន​ដោយ​អនុលោម​តាម​ក្របខណ្ឌ​ច្បាប់​របស់​ប្រទេស​នីមួយៗ​”​។​

​ក្រសួង​បាន​និយាយថា ខ្លួន​បាន​ជូនដំណឹង​ដល់​មន្ត្រី​អាមេរិក​អំពី​ការព្រួយបារម្ភ​របស់ខ្លួន​ជុំវិញ​ការបាញ់ប្រហារ​និង​ទំនាក់ទំនង​របស់​ជន​ល្មើស​ជាមួយ​ជន​ជ្រុលនិយម​ស្បែ​កស​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​កលោក Marcelo Ebrard បាន​ថ្កោលទោស​ការបាញ់ប្រហារ​នេះ​ថា​ជា​អំពើ​ភេរវកម្ម​មួយ​ប្រឆាំងនឹង​ជនជាតិ​របស់លោក​កាលពី​ថ្ងៃទី​៥​ខែសីហា​។​

​កាលពី​ថ្ងៃ​ពុធ តំណាង​មកពី​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​ជួប​ជាមួយ​រដ្ឋអាជ្ញា​ដែល​កំពុង​ស៊ើបអង្កេត​ការវាយប្រហារ​នេះ​នៅក្នុង​ទីក្រុង El Paso​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​បានផ្តល់​កំណត់ហេតុ​ការទូត​មួយ​ទៅ​ឲ្យ​សហរដ្ឋអាមេរិក​ដោយ​ច្រានចោល​ការនិយាយ​ស្អប់ខ្ពើម​និង​ការ​ជ្រុលនិយម​ស្បែក​.​ស​ហើយ​ទាមទារ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ផ្តល់ព័ត៌មាន​អំពី​ថា​តើ​មាន​ជនល្មើស​ឬ​អង្គការ​មាន​សក្តានុពល​ណាមួយ​ផ្សេងទៀត​ដែល​កំពុង​ព្យាយាម​បង្ក​គ្រោះថ្នាក់​ដល់​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ដែរ​ឬក៏​អត់​។​

​គួរ​បញ្ជាក់ថា អ្នក​រដ្ឋ Texas អាយុ​២១​ឆ្នាំ​ម្នាក់​ដែល​បាន​បើក​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​៣​ខែសីហា​នៅឯ​ផ្សារ​ទំនើប Walmart គឺ​បាន​បង្ហោះ​កំណត់ហេតុ​ប្រកាន់​ជាតិ​សាសន៍​តាម​អន​ឡាញ​ដែល​បង្ហាញ​ពី​ការភ័យខ្លាច​នៃ​ការឈ្លានពាន​របស់​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។​

​គាត់​បាន​សារភាព​ចំពោះ​ប៉ូលិស​ថា គាត់​បាន​តម្រង់​គោលដៅ​ទៅលើ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114