ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ឆាបឆេះ​កោះ Evia របស់​ប្រទេស​ក្រិ​ក​និង​គំរាមកំហែង​ដល់​ប្រជាជន

យន្តហោះ​បាន​បាញ់​ទឹក​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​គោលបំណង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​នៅលើ​កោះ Evia របស់​ប្រទេស​ក្រិ​ក​ដែល​បាន​ជំរុញ​ឲ្យ​មានការ​ជម្លៀស​ចេញពី​ភូមិ​នានា​និង​នាំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​អំពាវនាវ​សុំ​ជំនួយ​ពី​ដៃគូ​អឺរ៉ុប​។​

​ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​នៅក្នុង​តំបន់​នានា​នៃ​កោះ​ដែលមាន​ព្រៃឈើ​ក្រាស់​មួយ​នេះ​នៅ​ភាគ​ខាងកើត​ទីក្រុង​អា​តែ​ន​បន្ទាប់ពី​អគ្គិភ័យ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​អង្គា​រហើយ​ត្រូវបាន​រាលដាល​ដោយ​ខ្យល់​បក់​ខ្លាំង​និង​សីតុណ្ហភាព​ខ្ពស់​។​

​ប្រទេស​អ៊ីតាលី​បាន​បញ្ជូន​យន្តហោះ​ចំនួន​ពីរ​គ្រឿង​បន្ទាប់ពី​មានការ​អំពាវនាវ​ពី​អាជ្ញាធរ​ក្រិ​ក​។ ក្រុមមន្ត្រី​បាន​និយាយថា ស្ថានភាព​ហាក់​ល្អប្រសើរ​នៅពេល​ព្រឹក​បន្ទាប់ពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចំណាយពេល​ពេញ​មួយ​យប់​ដើម្បី​ប្រយុទ្ធ​នឹង​អណ្តាតភ្លើង​។​

​លោក Kostas Bakoyannis អភិបាល​ប្រចាំ​តំបន់​នៅ​ភាគ​កណ្តាល​ប្រទេស​ក្រិ​កបាន​ប្រាប់​ទូរទស្សន៍ Skai ថា “​ស្ថានការណ៍​មើលទៅ​ល្អប្រសើរ​ជាង​មុន​។ មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំ​មួយ​ដើម្បី​ទប់​ទល់នឹង​អគ្គិភ័យ​និង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​មនុស្ស​”​។​

​លោក Bakoyannis បាន​និយាយថា “​ការ​ស្រោច​ទឹក​ដោយ​យន្តហោះ​ដែល​បំពាក់​ដោយ​ឧបករណ៍​ពិសេស​បានចាប់ផ្តើម​។ វា​គឺជា​អគ្គិភ័យ​ដ៏​លំបាក​មួយ​ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ​ហើយ​នោះ​គឺជា​អ្វីដែល​សំខាន់​”​។​

​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ភូមិ​ចំនួន​៤​និង​ប្រជាជន​រាប់រយ​នាក់​ត្រូវបាន​ជម្លៀសចេញ​ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​ជាមុន​កាលពី​ថ្ងៃ​អង្គារ​។​

​ប្រទេស​ក្រិ​ក​ជារឿយៗ​ត្រូវ​ប្រឈម​នឹង​ភ្លើង​ឆេះ​ព្រៃ​អំឡុង​រដូវក្តៅ​ហើយ​អាជ្ញាធរ​បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​អគ្គិភ័យ​នៅ​សប្តាហ៍​នេះ​។​

​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​បរិស្ថាន​មើលឃើញថា ចំនួន​ភ្លើង​ឆេះ​ព្រៃ​ដែល​កើនឡើង​នៅ​ជុំវិញ​ពិភពលោក​គឺជា​សញ្ញា​នៃ​ការប្រែប្រួល​អាកាសធាតុ​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114