ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចំនួន ១០ ឡើងទៅ​វគ្គ​ជម្រុះ​ពូ​ល​ដំណាក់កាល​ទី​២ ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ២០១៩

ក្រោយ​ចប់​ការប្រកួត​សប្តាហ៍​ទី​៥ នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ( National Futsal Cup 2019 ) បាន​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃអាទិត្យ ទី​១១ ខែសីហា ឆ្នាំ ២០១៩ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន ផ្គូផ្គង​ក្រុម​ចំណាត់ថ្នាក់​លេខ ១ និង​លេខ ២ នៃ​ពូ​ល​ទាំង ៥ ចូល​ទៅ​កាន់​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​ពីរ ដោយ​បែង​ចែកជា​ពីរ ពូ​ល មាន ១០​ក្រុម​។​

សរុប​លទ្ធផល​នៃ​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៥ មានដូច​ជា ថ្ងៃ​សៅរ៍ ក្រុម Chanteak Keyla FT ឈ្នះ ក្រុម Emerald FT ៥ ទល់នឹង ២ ក្រុម Down Town Sport ឈ្នះ ក្រុម Young Gun FT ៧-៣ ក្រុម Youngchester FC ឈ្នះ​ក្រុម Avatar FC លទ្ធផល ៨-៦ ក្រុម Panda FC ឈ្នះ​ក្រុម Neak Asia ។ ថ្ងៃអាទិត្យ ក្រុម Panda FC ឈ្នះ ក្រុម Loading FC ៧-១ ក្រុម Home Sport FC ឈ្នះ ក្រុម Daniel FC ៦-៣ និង​គូ​ចុងក្រោយ Ov Mal FC ឈ្នះ ISI Group United ៩-៥​។

នៅ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​ដំណាក់កាល​ទី​២ ពូ​ល A មានដូចជា UYFC Komchaymear, Home Sport FC, Chanteak Keyla FT, Anachak Baitong FC និង Loading FC រីឯ​ពូ​ល B មាន​ដូច​ជា Ov Mal FC, Down Town Sport, Young Gun FT, Panda FC និង B.A United ។ ក្នុង​ពូ​ល​និ​មួយៗ ក្រុម​ទាំង ៥ ត្រូវ​ប្រកួត​តទល់​គ្នា សន្សំ​ពិន្ទុ ហើយ​នៅ​ចុងក្រោយ ក្រុម​ចំណាត់ថ្នាក់​លេខ ១ និង លេខ ២ តាម​ពូ​ល​នីមួយៗ នឹងត្រូវ​បាន​ជ្រើសរើស​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ នា​ពេល​បន្តបន្ទាប់​។

គ្រា​ដែល​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Futsal Championship 2019 ) នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២១ ខែ តុលា ខាងមុខ​តទៅ នៅ​ប្រទេស​វៀតណាម ជឿជាក់​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា នឹង​ត្រូវ​ជ្រើសរើស​ចេញពី​ក្លិប​នីមួយៗ​ខាងលើ ដែល​បាន​បង្ហាញ​សមត្ថភាព​ល្អ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​នេះ​។

គួរ​រំលឹក​ថា ក្រុម​ជើងឯក​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ រដូវ​កាល ២០១៩​នេះ នឹង​ទទួលបាន​ពានរង្វាន់ អម​ជាមួយ​ប្រាក់​រង្វាន់ ៣០​លាន​រៀល ព្រមទាំង​កៅអី​ទៅលេង​ពានរង្វាន់ AFF Club Futsal Championship 2020 ផងដែរ ហើយ Down Town Sport គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក កាលពី​ឆ្នាំ ២០១៨៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114