ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​សំណង់​ម្នាក់​ដាច់​ជណ្ដើរ​យន្ត​សង្កត់​ស្លាប់ ​នៅ​ក្នុង​ការដ្ឋាន​សំណង់​កំពុង​ជួសជុល

ភ្នំពេញ​ ៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារតែ​ដាច់​ជណ្ដើរ​យន្ត​ធ្លាក់​សង្កត់​លើ​ ខណៈ​កំពុង​ធ្វើ​ការងារ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កំពុង​ជួសជុល​មួយ​កន្លែង​ដែល​មាន​កម្ពស់​ខ្ពស់​នៅ​ក្បែរ​បេនឡាន​ផ្សារ​ថ្មី​។

ហេតុការណ៍​នេះ​ដែរ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ០០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៤ ​ខែសីហា​ ឆ្នាំ២០១៩ នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ ដែល​មាន​ទីតាំង​ក្បែរ​បេនឡាន​ផ្សារ​ថ្មី ផ្ទះ​លេខ​២A​ផ្លូវ​លេខ​១១៨​កែង ១២០ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ​មានឈ្មោះ ប៊ូ សុ​ភ័​ណ្ឌ អាយុ ៣៩​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​សាំ​ផាន់ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សី​កែវ និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​បន្តថា​ មុន​ពេល​កើតហេតុ បុរស​ជា​កម្មករ​សំណង់​រងគ្រោះ រួម​ទាំង​មិត្ត​រួម​ការងារ​ជាមួយគ្នា​ម្នាក់ទៀត​បាន​នាំ​គ្នា​ធ្វើការ​ដោះ​ជណ្តើរយន្ត​ក៏​ស្រាប់តែ​ដាច់​ធ្លាក់​សង្កត់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​តែម្តង ចំណែកឯ​បុរស​ម្នាក់ទៀត​មិនមាន​រងរបួស​អ្វី​ឡើយ​។

ក្រោយពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ក៏បាន​ចុះ​មក​ធ្វើ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​កន្ត្រក​ជណ្តើរយន្ត​ធ្លាក់​សង្កត់ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114