ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ស្ថានីយ​បញ្ចូល​ហ្គាស​រថយន្ត​យីហោ​LPG 24​ម៉ោង បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​១២​នាក់​នៅ​កណ្តាល​ក្រុង​សៀមរាប

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទុះ​ស្ថានីយ​បញ្ចូល​ហ្គាស​រថយន្ត​LPG24​ម៉ោង​មួយកន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​រងរបួស​ក្នុងនោះ​មាន​មន្ត្រីនគរបាល​ម្នាក់​ផងដែរ​និង​រាលដាល​ផ្ទះ​ជិត​បន្តិច​ប​ន្ទួ​ច​។ ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ប​ណ្តា​ល​មកពី​ការផ្ទេរ​ហ្គាស​ពី​រថយន្ត​ដឹក​ហ្គាស​មក​ស្តុក​ក្នុង​ឃ្លាំង​ខ្វះ​ការប្រុងប្រយ័ត្ន​។

ហេ​តុ​ការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

​ប្រភព​បាន​ឲ្យ​ដឹង​ថា ដើមហេតុ​នៃ​អគ្គីភ័យ​ខាងលើនេះ​ដោយសារតែ​រថយន្ត​ដឹក​ស៊ី​តែ​ន​ដឹក​ហ្គាស ពេល​ផ្ទេរ​ចេញពី​ស៊ីទែន​រួច​សារ​ទុយោ​ទុក ក៏មាន​អណ្តាតភ្លើង​ឆាប​ចេះតែ​ម្តង​។ ករណីនេះ​មិនទាន់​អាច​សន្និដ្ឋានថា បណ្តាលមកពី​អ្វី​នៅឡើយ​ទេ ដោយ​ទី​១ អាច​បណ្តាលមកពី​ភ្លើងចង្ក្រាន​ដែល​នៅក្បែរនោះ​ដោយហេតុថា ចំហាយ​ហ្គាស​ក្នុង​ចម្ងាយ​២៥​ម៉ែត្រ​បួន​ជ្រុង ក៏​អាច​បណ្តាល​ឲ្យ​ឆាបឆេះ​ដែរ ឬ​អាច​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។​ ប្រភព​បន្តថា ម្ចាស់​ទីតាំង​ខាងលើ​មាន​ស្ថានីយ​សាំង​មួយទៀត​នៅ​ជិត​សណ្ឋាគារ រី ក្នុង​សង្កាត់​ស្វាយដង្គំ ហើយ​ទីតាំង​ខាងលើ​នេះ​មាន​បុគ្គលិក​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ផែន ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង ខ្លះៗ​ដែរ​។

លោក​បន្ត​ថា ករណី​នេះ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេល​វេលា​អស់​ជាច្រើន​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ធ្វើ​ឲ្យ​អគ្គិភ័យ​រលត់​ទាំងស្រុង​នៅ​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ដដែល​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ថា ប​ណ្តា​ល​មកពី​ការផ្ទេរ​ហ្គាស​ពី​រថយន្ត​ដឹក​ហ្គាស​មក​ស្តុក​ក្នុង​ឃ្លាំង​ខ្វះ​ការប្រុងប្រយ័ត្ន។ បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ រង​របួស​ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​អន្តរាគមន៍​ម្នាក់​រងរបួស​ផង​ដែរ​។

សមត្ថកិច្ច​បន្ត​ថា ខណៈ​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋាន​ឲ្យ​បាន​លម្អិត​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​កំពុង​អូស​យក​រថយន្ត​ដឹក​ហ្គាស​នោះ​ចេញ​សិន​។​ ហើយ​របាយការណ៍​យ៉ាងណា​នោះ​សមត្ថកិច្ច​កំពុង​សួរនាំ​សិន ព្រោះ​ទីតាំង​នោះ​ម្ចាស់​មិន​នៅ​ហើយ​មានតែ​បុគ្គលិក​ស្រី​ម្នាក់​កំពុង​របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114