ព័ត៍មានទាន់​ហេតុការណ៏
Search

ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្តារ​ទំនប់​ឲ្យ​កាន់តែ​ជ្រៅ​ដើម្បី​សង់​ទំនប់​បង្ហៀរ​និង​ស្ថានីយ​បញ្ជូន​ទឹក​សង្គ្រោះ​ផលប៉ះពាល់​ក្រោយ​រងគ្រោះ​ដោយ​ទឹកជំនន់

កំពត ៖ ស្រប​ពេល​ដែល​ដឹកនាំ​ក្រុមការងារ ​និង ​សហការី​ចុះ​ពិនិត្យមើល​ស្ថានភាព​ភាព​ទឹកជំនន់​នៅ​ខេត្តកំពត​ថ្មីៗ​នេះ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្តារ​ទំនប់​ឲ្យ​កាន់តែ​ជ្រៅ​ដើម្បី​សង់​ទំនប់​បង្ហៀរ និង​ការសាងសង់​ស្ថានីយ​បញ្ជូន​ទឹក​បន្ថែម​ទៀត​ ដើម្បី​ជួយសង្គ្រោះ​ការ​លិចលង់​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​រួម​នឹង​ផលដំណាំ​។ លោក​កិត្តិ​សេដ្ឋា​ប​ណ្ដិ​ត ទេស​រដ្ឋ​មន្ត្រី​ចម ប្រសិទ្ធ បាន​ថ្លែង​បែបនេះ​ខណៈ​ពេល​ដឹកនាំ​មន្ត្រី​ជំនាញ​និង​ថ្នាក់ដឹកនាំ​ខេត្ត រួម​នឹង​ក្រុមការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​នៅ​ទូទាំង​ខេត្តកំពត​នា​ថ្ងៃទី​១៣ ​សីហា​។

លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ​បន្ត​ថា ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​អត្ថប្រយោជន៍​និង​ផលដំណាំ​ពិសេស​អាយុជីវិត​ប្រជាពលរដ្ឋ​ដោយ​គ្រោះទឹកជំនន់​នោះ​ ក្រុមការងារ​និង​អាជ្ញាធរ​ត្រូវតែ​បន្ត​កិច្ច​ការងារ​ជីក​ស្តារ​ប្រឡាយ​ទំនប់ និង​សាងសង់​ស្ថានីយ​បូម​ទឹក​បន្ថែម​ទៀត ​ទើប​ជួយ​រំដោះ​ទឹក​ចេញ​បាន​ទាន់ពេល​។

លោក​កិត្តិ​សេដ្ឋ​បណ្ឌិត​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ជាពិសេស​សហការ​ជាមួយ​ក្រសួងធនធានទឹក​និង​ឧតុនិយម ដោយមាន​ការ​ជួយ​ពី​ក្រុមហ៊ុន​ឯកជន​ផងដែរ​ ដើម្បី​ដំណើរការ​ផែនការ​នោះ​បាន​ឆាប់រហ័ស​ និង​ មាន​ប្រសិទ្ធភាព​។ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​ក្រុមហ៊ុន​ផ្គត់​ផ្គត់​ទឹក​ស្អាត​របស់លោក​ឧកញ៉ា កុក​អាន និង​ក្រុមហ៊ុន​លី យ៉ុង​ណាំ ប្រើប្រាស់​រថយន្ត​បែន​និង​គ្រឿងចក្រ​រួមគ្នា ធ្វើ​ការទប់ស្កាត់​បាន​ដោយ​ជោគជ័យ​ទាន់​ពេល​វេលា​ ខណៈ​ពេលដែល​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ទឹកជំនន់​។ ម្យ៉ាងទៀត​ការពារ​ផលប្រយោជន៍​រួម​កុំ​ឲ្យ​ទឹក​ក្នុង​ទំនប់​ប្រទាក់​ក្រឡា​ហូរ​ចេញ​អស់ ដែល​នាំ​ឲ្យ​មាន​ផលវិបាក​យ៉ាងតិច​ពីរ​យ៉ាង គឺ​ការ​ជន​លេច និង​អស់​ទឹក​ពី​ក្នុង​ទំនប់​។

តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញ​ថា គ្រោះទឹកជំនន់​បាន​បំផ្លាញ​ទំនប់​ប្រទាក់​ក្រឡា​ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ត្រូវ​បាន​បាក់​ដាច់​ទំនប់​បង្ហៀរ​ទឹក​ប្រវែង​ប្រហែល​២០ ម៉ែត្រ បង្ក​ឲ្យ​ភូមិ​មួយចំនួន ដែល​នៅ​ខាងក្រោម​ទំនប់​ត្រូវបាន​ជន់​លិច​ទោះ​មានការ​ជួយ​អន្តរាគមន៍​ក៏​ដោយ។ ក្នុង​ហេតុ​ការណ៍​ដ៏​បន្ទាន់​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​កែប​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង ព្រមទាំង​ក្រុមការងារ​ចុះជួយ​ខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ទាំងពីរ បាន​អ​ញ្ជើ​ញ​ចុះ​ពិនិត្យ​ជាក់​ស្តែង នៅ​ទីតាំង​ខូចខាត​នោះ។

លោក​កិត្តិ​សេដ្ឋ​បណ្ឌិត​បន្ថែម​ថា ក្រោយពេល​ស្តារ​ និង សាងសង់​រួច​ទំនប់​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជា​ប្រភព​ទឹក​ឆៅ យក​មក​ផលិត​ជា​ទឹក​ស្អាត​ទៅ​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ និង​ក្នុង​តំបន់​គោលដៅ​នៃ​ខេត្ត​កំពត​និង​ខេត្ត​កែប ហើយ​ក៏​ជា​ប្រភពទឹក​ធ្វើ​ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នេះ​ផងដែរ។

សូម​បញ្ជាក់​ថា ដើម្បី​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​នានា ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ណែនាំ​ឲ្យ​បណ្តា​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ទូទាំង​ប្រទេស ធ្វើ​របាយការណ៍​មក​ក្រសួង​ពីរ​បាយទឹក​ភ្លៀង​ជាប្រចាំ​ថ្ងៃ​ដើម្បី​ក្តាប់​ឲ្យ​បាន​ភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើ​ប្រាស់​របស់​ពួកគាត់ ពេល​ជួប​គ្រោះទឹកជំនន់ ឬ ​គ្រោះរាំងស្ងួត​កើ​ត​ឡើង។ ក្នុង​នោះ​ក៏​មាន​ការ​ត្រៀម​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្បាលឆាយ​ខេត្ត​ព្រះសីហនុ និង​តំបន់​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ជាយថាហេតុ ផង​ដែរ​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114