ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​ត្រូវខិតខំ​រៀនសូត្រ​ពី​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​យកមក​អភិវឌ្ឍន៍​ប្រទេសជាតិ

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​ទាំងអស់​ ត្រូវ​ខិតខំ​រៀន​សូត្រ​ពី​បច្ចេកវិទ្យា​ថ្មីៗ​ពី​ប្រទេស​កូរ៉េ​ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​ជូន​ដំណើរ​ពលករ​ចំនួន ៣២​នាក់​ ចេញទៅ​ធ្វើការ​នៅ​កូរ៉េ​កាលពី​រសៀល​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​ បាន​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​និង​រោងចក្រ​ធំៗ​នៅ​កូរ៉េ​ត្រូវ​យក​ចិត្ត​ទុក ដាក់​រៀនសូត្រ​នូវ​ជំនាញ​បច្ចេកទេស​ថ្មីៗ​និង​បទពិសោធន៍​ល្អៗ​ពី​អ្នកជំនាញ​កូរ៉េ​ព្រោះថា ​កូរ៉េខាងត្បូង​ជា​ប្រទេសមួយ​ដែលមាន​ការ​រីកចំរើន​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​។

លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា​ នៅ​ពេល​ដែល​ពលករ​ខ្មែរ​មាន​ជំនាញ​បច្ចេកទេស​ថ្មីៗ​និង​បទពិសោធន៍​ល្អៗ​ពី​ប្រ​ទេស​កូរ៉េ​អាច​ឲ្យ​ពួកគេ​មានលទ្ធភាព​ក្នុង​ការរក​ការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯងបាន​នៅពេល​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ​។

លោក​ហេង​ សួរ​ បាន​ណែនាំ​ឲ្យ​ពលករ​ត្រូវ​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ ថែរក្សា​សុខភាព ឲ្យ​បានល្អ​និង​ខិតខំ​ធ្វើ​ការងារ​ប្រកប​ដោ យ​ទទួលខុសត្រូវ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​មួយ​សម្រាប់​ពលករ​កម្ពុ​ជា​និង​បង្កើត​ក្តី​ស្រ​លាញ់​ពី​ភាគី​និយោជក​កូរ៉េ​បន្ថែមទៀត​។

លោក​ហេង​សួរ​បាន​បន្ថែម​ថា ​ក្នុង​ករណី​ចង់​ផ្លាស់ប្ដូរ​ការងារ​ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ដែល​នៅ​ជិត​កន្លែង​ការងារ​ព្រោះ​ថាបើ​ផ្លាស់ប្ដូរ​ការងារ​ដោយ​ចិត្ត​ឯង​អាច​ប្រឈម​នឹង​បញ្ហា​នានា​ផងដែរ​។

លោក​ហេង​សួរ​ បាន​បញ្ជាក់​ថា ​ពលករ​ធ្វើការ​នៅ​កូរ៉េ​ទទួល​បានការ​គាំពារ​យ៉ាងខ្លាំង​ពី​សំណាក់​ភាគី​កូរ៉េ​ព្រោះ​នៅ​កូរ៉េ​មាន​កន្លែង​គាំពារ​ពលករ​បរទេស​មិន​តិច​ជាង​៤០​កន្លែង​ទេ​ដែល​នៅ​តាម​កន្លែង​នីមួយៗ​មាន​អ្នកចេះ​ភាសា​ទៅតាម​ប្រទេស​នីមួយៗ​រួម​ទាំង​ភាសា​ខ្មែរ​ផង​នៅពេលដែល​ពលករ​មាន​បញ្ហា​អ្វីមួយ​។ ក្រៅពី​នេះ​ក្រសួង​ក៏បាន​ដាក់​មន្ត្រី​ចំនួន​២​នាក់​ដោយមាន​ភ្ជាប់​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​នៅ​ស្ថាន​ទួត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ផងដែរ ​ដើម្បី​រង់ចាំ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​របស់​ពលករ​យើង​។

លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​ក្នុងចំណោម​ពលករ​បរ ទេស​ធ្វើការ​នៅ​កូរ៉េ ចំនួន​១៦​ប្រទេស ពលករ​ខ្មែរ​ត្រូវ​បាន​និយោជក​កូរ៉េ​មានការ​កោតសរសើរ​ថា ​មាន​ចរិត​ស្លូតបូត រួសរាយ​រាក់ទាក់ ឧស្សាហ៍​ព្យាយាម​ក្នុង​បំពេញការងារ​ដែល​ធ្វើ​ឲ្យ​និយោជក​កូរ៉េ​ទទួលយក​ពលក​រ​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត​។

ពលការ​នី អន​កែវ​មុនី​រ័ត្ន​មកពី​ខេត្តកំពង់ស្ពឺ​ធ្វើការ​នៅ​រោងចក្រ​ធ្វើ​សាច់​ទា​នៅ​ប្រទេស​កូរ៉េ​បាន​និយាយថា​ ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ពិតជា​ល្អ​ប្រសើរ​ណាស់​ពោលគឺ​មិន​ត្រឹមតែ​ទទួល​បាន​ប្រាក់ខែ​សមរម្យ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ការរស់នៅ​សណ្តាប់ធ្នាប់ គោរព​សិទ្ធិ​លក្ខខណ្ឌ​ការងារ​និង​ច្បាប់​ការងារ​បានល្អ​ប្រសើរ​ទៀតផង​ដែល​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរ​។

ប្អូនស្រី​បាន​បន្ត​ថា ​«​ខ្ញុំ​ចង់​ឲ្យ​យុវជន​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ច្រើន​យកមក​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​កម្ពុ​ជា​មាន​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម​និង​សំណង់​ខណៈ​ឆ្នាំ​២០១៩​នេះ​ភាគី​កូរ៉េ​បាន​ផ្តល់​កូតា​ដល់​កម្ពុជា​ប្រមាណ​ពី​៤​ពាន់​ទៅ​៤៥០០​នាក់​ ដែល​បាន​ជួយ​លើកស្ទួយ​ដល់​ជីវភាព​គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114