ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​វិទ្យាល័យ​ព្រែក​ថ្មី​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទទួលបាន​ថវិកា​ពី​លោក​ចៅសង្កាត់​ព្រែក​ថ្មី

ភ្នំ​ពេ​ញ ៖ សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រែក​ថ្មី​ចំនួន​៧៩​នាក់ ​ដែល​កំពុង​ត្រៀមប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃទី​១៩ ​ខែសីហា​ខាងមុខនេះ​ បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ឲ្យ​ប្អូនៗ​ក្នុង​ថ្ងៃ​ប្រឡង​។

លោក​លីវ វណ្ណ​ថេ​ង បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ ខ្ញុំ​បាន​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​មក​ឧបត្ថម្ភ​ដល់​ប្អូនៗ​សិស្សានុសិស្ស​វិទ្យាល័យ​ព្រែក​ថ្មី​ចំនួន​៧៩​នាក់ ​ដែល​កំពុង​ត្រៀមប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃទី​១៩ ​ខែសីហា​ ខាងមុខនេះ​ ដោយ​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥០,០០០​រៀល ហើយ​ក្នុង​នោះ​ព្រះ​គ្រូសូត្រស្តាំ​វត្ត​និគ្រោធ​វ័ន​ហៅ​គល់​ទទឹង​បាន​ឧបត្ថម្ភ​បន្ថែម​ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​២០,០០០​រៀល​សរុប​ទាំងអស់​៧០,០០០​រៀល​។

លោក​លីវ វណ្ណ​ថេ​ង បាន​បន្ត​ថា ​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​លោក​បាន​មក​ជួប​សំណេះសំណាល​ជាមួយ​ប្អូនៗ​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ថ្ងៃ​ទី​១៩​ខែសីហា​ខាងមុខនេះ​ដែល​ប្អូនៗ​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រែក​ថ្មី​។​ហើយ​លើក​ទី​១ ​គឺ​លោក​ចៅសង្កាត់​បាន​ផ្តល់​ថ​វិកា​លើកទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រ​ចិត្ត​បង្រៀន​បំប៉ន​ដល់​សិស្ស​រយៈពេល​មួយ​ខែ​មុន​ថ្ងៃ​ប្រលង​ចំនួន​៦​នាក់​ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៤០០,០០០​រៀល​សរុប​ចំនួន​២,៤០០,០០០​រៀល​។

លោក​ចៅសង្កាត់​ព្រែក​ថ្មី​បាន​បញ្ជាក់​ប្រាប់​ប្អូនៗ យុវ​សិស្ស​ទាំង​៧៩​នាក់​ថា ក្នុងនាម​រូបលោក​ជា​ចៅសង្កាត់​លោក​តែងតែ​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​មក​ផ្តល់​ដល់​សិស្ស​ដែល​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជា​រៀងរាល់​ឆ្នាំ ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្អូនៗ​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​ទទួល​បាន​សញ្ញាប័ត្រ​ទាំងអស់​គ្នា​។​ ហើយ​បើសិនជា​ប្អូនៗ​ប្រឡង​យក​សញ្ញាប័ត្រ​បាន​ទាំង​៧៩​នាក់​មែន​នោះ ​គឺ​លោក​ចៅសង្កាត់​និង​ធ្វើ​ពិធី​លើកទឹកចិត្ត​ដោយ​ឲ្យ​ប្អូន​ៗ​ជិះ​រថយន្ត​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដែល​ប្អូនៗ​ទទួល​បាន​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន​តែម្តង​។ អ្វី​ដែល​លោក​ចៅសង្កាត់​សន្យា​ហើយ​គឺ​លោក​មិន​បំភ្លេច​ឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114