ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​អម​ដង​ទន្លេមេគង្គ​រួសរាន់​ប្រមូល​ផលដំណាំ ដើម្បី​ជៀសវាង​រង​ការខូចខាត​ដោយ​ការ​ជន់​លិច ខ​ណៈ​កម្ពស់​ទឹក​កំពុង​ហក់​ឡើង

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល ស្ថានភាព ទឹកទន្លេ​មេគង្គ កំពុង ហក់​ឡើងជា​បន្តបន្ទាប់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អម​ដង​ទន្លេ​រួសរាន់​ប្រមូល​ផលដំណាំ ដើម្បី​ជៀសវាង​រង​ការខូចខាត​ដោយ​ការ​ជន់​លិច​ជាយថាហេតុ ខណៈ​ដែល​កម្ពស់​ទឹកទន្លេ​មេគង្គ​កំពុង​ចាប់ផ្ដើម​ហក់​ឡើង​។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ថ្លែង​កាសែត​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​សីហា​នេះ ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើម​ហក់​ឡើងដល់​ជិត​៦​ម៉ែត្រ​ហើយ ខណៈ​កម្ពស់​ទឹក​ឡើងដល់​៨​ម៉ែត្រ នឹង​ហូរ​ចូល​តាម​បណ្ដា​ព្រែក និង​បឹងបួរ ដែល​មាន​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។ ការ​កើនឡើង​ទឹកទន្លេ​មេគង្គ​នេះ អាច​បង្ក​ផលប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាកសិករ ដែល​រស់នៅ​តាម​ដង​ទន្លេ​។

លោក​បញ្ជាក់​ថា ដើម្បី​ជៀសវាង ផល​ប៉ះពាល់ ដោយ​ទឹក​ទន្លេមេគង្គ ជន់​ឡើង ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​អម​ដង​ទន្លេ​រួសរាន់​ប្រមូល​ផលដំណាំ ដើម្បី​ជៀសវាង​រង​ការខូចខាត​ដោយ​ការ​ជន់​លិច​ជាយថាហេតុ។

យោងតាម ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​នៅ​ខេត្តកំពង់ចាម បាន​ស្រក​ចុះ បើ​ធៀប​នឹង​ថ្ងៃ​ទី​១៣​សីហា​។ ចំណែក​កម្ពស់​ទឹក​នៅ​ទន្លេបាសាក់​-​ចតុមុខ ទឹក​ឡើង ០,០១ ម៉ែត្រ នៅ​អ្នក​លឿង ទឹកនឹង ហើយ​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​ឡើង​តិចតួច នៅ​ថ្ងៃ​ទី​១៤​សីហា​នេះ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏បាន​ព្យាករណ៍​កម្ពស់​ទឹក សម្រាប់​ថ្ងៃ​ទី​១៥-១៦​សីហា ឆ្នាំ​២០១៩ គឺ​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប នឹង​ស្រក​ចុះ រហូតដល់​ថ្ងៃ​ទី​១៧​សីហា លើកលែងតែ​នៅ​ទន្លេមេគង្គ​-​ស្ទឹងត្រែង នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក​ឡើង​តិចតួច​។​ ជា​ការ​កត់សម្គាល់ ទឹកទន្លេ នៅ​ឆ្នាំនេះ ស្ថិតនៅ​កម្រិត​ទាប​បំផុត បើ​ធៀប​នឹង​ឆ្នាំមុន​។ ពោលគឺ​ទឹក​តូច មិនទាន់​ចូល​ព្រែក បឹង និង​មិនទាន់​សាយ​វាល​នៅឡើយ​ទេ មកដល់​ខែ​នេះ​ទៅហើយ​៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114