ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្លើយតប EU លើ​បញ្ហា EBA៖ កម្ពុជា​បញ្ជូន​របាយ​ការ​ណ៏​ទៅ​គណៈកម្មការ​អឺរ៉ុប ទាក់ទង​ការអនុវត្ត​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ភ្នំពេញ​ ៖ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាង​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​នេះ កម្ពុជា​បាន​បញ្ជូន​របាយការណ៍​ទៅ​គណៈកម្មការ​អឺរ៉ុប (​លើ​បញ្ហា EBA) ហើយ​តាម​អ្វី​ដែល​គណៈកម្មការ​អឺរ៉ុប​សួរ​ជាច្រើន​ចំណុច (​កម្រាស់​៣០​ទំព័រ​) ទាក់ទង​ការអនុវត្ត​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​បញ្ជាក់​បែបនេះ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ សីហា និង​បន្ទាប់ពី​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ខណៈ​ដែល​លោក​ឯកអគ្គរាជទូត​បា​ន​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅ​កម្ពុជា និង​ចូលជួប​ជម្រាបលា​។

ក្រៅពី​បញ្ហា​ផ្សេងៗ នៅ​ក្នុង​ជំនួប​នោះ លោក កេ​ត សោ​ផាន់ បាន​អះអាង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ឯកអគ្គរាជទូត​ជប៉ុន​អំពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន នាទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា កម្ពុជា​ផ្ដល់​សារៈសំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប ដោយ​កម្ពុជា​បាន​បន្ត​សម្របសម្រួល​បេសកកម្ម​របស់​គណៈកម្មការ​អឺរ៉ុប នៅ​កម្ពុជា​គ្រប់​ពេល ហើយ​នឹង​បន្ត​សហការ​បន្ត​ទៀត ដោយហេតុថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ កម្មការិនី និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​ទទួលផល​។

លោក កេ​ត សោ​ផាន់ បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​របាយការណ៍​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅដល់​គណៈកម្មការ​អឺរ៉ុប ហើយ​ការ​បញ្ជូន​របាយការណ៍​នេះ បាន​ធ្វើឡើង​នៅក្នុង​រយៈពេល នៃ​ដំណើរការ​ពិនិត្យ​របស់​គណៈកម្មការ​អឺរ៉ុប​។

លោក កេ​ត សោ​ផាន់ បាន​អះអាង​ទៀត​ថា របាយការណ៍​ដែល​កម្ពុជា​បាន​បញ្ជូន​ទៅ​គណៈកម្មការ​អឺរ៉ុប​នេះ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ឯកសារ​មួយ​របស់​សហគមន៍​អឺរ៉ុប ដែល​មាន​កម្រាស់​៣០​ទំព័រ ហើយ​របាយការណ៍ ដែល​កម្ពុជា​ផ្ញើ​ទៅ​សភាព​អឺរ៉ុប​នោះ គឺ​ឆ្លើយតប​នូវ​រាល់​គ្រប់​ចំណុច​លម្អិត​ទាំងអស់ នៅ​ក្នុង​ឯកសារ​របស់​សភាព​អឺរ៉ុប​ទាំង​៣០​ទំព័រ​នោះ​។ លោក​បន្តថា ឯកសារ​ដែល​ផ្ញើ​ទៅកាន់​សភាព​អឺរ៉ុប​នោះ គឺ​បញ្ជាក់​អំពី​លទ្ធផល ដែល​កម្ពុជា​អនុវត្តបាន​នៅក្នុង​លំហ​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល ការគោរព​សិទ្ធិមនុស្ស និង​ដំណើរការ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។

តាម​លោក កេ​ត សោ​ផាន់ ចាប់ពី​ខែសីហា​នេះ​ទៅ មាន​រយៈពេល​៣​ខែ​ទៀត គឺជា​ការ​ឆ្លើយ​ឆ្លង​គ្នា រវាង​របាយការណ៍ ដែល​កម្ពុជា​បាន​បញ្ជូនទៅ​គណៈកម្មការ​អឺរ៉ុប ក៏ដូចជា​ការយល់ឃើញ​របស់​គណៈកម្មការ​អឺរ៉ុប លើ​ដំណើរការ​អនុវត្ត​របស់​កម្ពុជា​។

សូម​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប កាលពី​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ករណី​ដែល​មិន​មាន​ការ​កែសម្រួល​អ្វីមួយ​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែល​ជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើ​ជូន​លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការកំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ ហើយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍​ធ្លាប់បាន​ថ្លែង​ថា ប្រសិនបើ​មានការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន នឹង​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ ជា​ឧបករណ៍​នយោបាយ​បរទេស​របស់​ខ្លួន​សម្រាប់​កម្ពុជា​។

ទាក់ទង​បញ្ហា​នេះ កម្ពុជា​ធា្លប់​បាន​បញ្ជាក់​ជំហរ​រួចហើយ​ថា កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា មិន​ប្ដូរ​ជំនួយ​ជាមួយ​អធិបតេយ្យ​ជាតិ​នោះទេ​។

ចំណែក​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ធ្លាប់បាន​អះអាង​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប កំពុង​ធ្វើ​ការ​ប្រជុំ​គ្នា និង​ទំនាក់ទំនង​គ្នា​ជាប្រចាំ​ផង​ដែរ​។ លោក​បញ្ជាក់​ថា “ ខ្ញុំ​មិន​ចង់​ព្យាករណ៍​ថា តើ​អ្វី​ទៅជា​លទ្ធផល នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​នោះ​ទេ​…​ដំណើរការ​នេះ ជា​ដំណើរការ​មួយ​ដ៏​ស្មុគស្មាញ ដើម្បី​ធ្វើការ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​នោះ ហើយ​បច្ចុប្បន្ន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ខាង​គណៈកម្មការ​កំពុង​តែ​ដំណើរការ ក្នុង​ការ​ដក​យក​មក​វិញ​ជា​ផ្លូវ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)”។

តាម លោក George Edgar ដំណើរការ​ក្នុង​ចរចា​គ្នា​អំពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ដំណើរការ​ដ៏​ស្មុគស្មាញ​មួយ ហើយ​ដំណើរការ​ជា​លក្ខណៈ​ផ្លូវការ​នេះ វា​ត្រូវការ​ពេលវេលា​ច្រើន ជាពិសេស​ក្នុង​រយៈ​៦​ខែ​ដំបូង​នេះ វា​ត្រូវការ​ពិភាក្សា​គ្នា ចរចា​គ្នា​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បន្ទាប់មកទៀត បញ្ហា​ដទៃ​ទៀត នឹង​អាច​ដោះស្រាយ​បាន បន្ទាប់ពី​កិច្ចពិភាក្សា​រយៈពេល​៦​ខែ ទៅលើ​បញ្ហា ដែលមាន​នេះ​។ លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា ក្រោយពី​ដំណើរការ​មួយឆ្នាំ ទាក់ទង​ទៅនឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ទើប​មានការ​សម្រេច​ចិត្ត​ថា នឹងត្រូវ​ព្យួរ​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬក៏​អត់ គឺ​ត្រូវការ​រយៈពេល​មួយ​ឆ្នាំ​ហើយ​បច្ចុប្បន្ន​នេះ យើង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​កំពុង​រៀបចំ​នៅឡើយ ហើយ​ដំណាក់កាល​ជា​ផ្លូវការ​នោះ មិនទាន់​ចាប់ផ្ដើម​នៅឡើយ​ទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114