ព័ត៍មានទាន់​ហេតុការណ៏
Search

លោកប៉ា សុជាតិ​វង្ស​ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ចងចាំ កត្តា​៤​យ៉ាង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជំនះ​រហូតមក

ភ្នំពេញ ​៖ លោកប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ទាំងអស់ ត្រូវ​ចងចាំ កត្តា​៤​យ៉ាង​ដែលនាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​ជ័យជំនះ​រហូត​មក នោះ​គឺ​កត្តា​គោលនយោបាយ កត្តា​មន្ត្រី កត្តា​ប្រជាពលរដ្ឋ​និង​កត្តា​សាមគ្គីភាព​ឯកភាព​។

លោកប៉ា សុជាតិ​វង្ស​បាន​បន្ត​ថា កត្តា​នយោបាយ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំណត់​នូវ​គោល​នយោបាយ​ត្រឹមត្រូវ ហើយ​អ្វី​ដែល​យើង​ត្រូវ​បង្ក​ទៀត​ គឺ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ទី​២ កត្តា​មន្ត្រី​ គឺ​មន្ត្រី​របស់​យើង​មាន​លក្ខណៈសម្បត្តិ​ល្អ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ទី​៣ កត្តា​ប្រជាជន គឺ យើង​មាន​គោលនយោបាយ​ជួយ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​និង​គាំទ្រ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ថា ធ្វើ​ការងារ​អ្វី​ក៏ដោយ អោយ​តែមាន​ប្រជាពលរដ្ឋ​ចូលរួម ការងារ​នោះ​ទោះ​ធំ​ប៉ុណ្ណា​ក៏​សម្រេច​ដែរ​។ កត្តា​ទី​៤ គឺ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោយ​យើង​បាន​សា​ម្គី​ភាព​គ្នា​ល្អប្រសើរ​ក្នុង​ជួរ​បក្ស រួមបញ្ចូល​គ្នា​ធ្វើការ​ជាមួយគ្នា​ជាមួយ​សមាជិក​បក្ស​ចាស់ៗ និង​សមាជិក​វ័យក្មេងៗ​។

លោកប៉ា​សុជាតិ​វង្ស បាន​លើក​ឡើង​បែបនេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​សមាជិកភាព​គណៈ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ ២០១៩ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល​។

ក្នុង​ពិធី​នោះ ​គឺ​ត្រូវ​បាន​តែង​តាំង​លោក​នៅ សារឿន​ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល​និង​លោក​ប្រាក់ សុផាត​ ជា​អនុប្រធាន​ប្រចាំការ ជាមួយនឹង​ការតែងតាំង​ជា​សមាជិក សមាជិកា​ចំនួន​ជាង​២០​នាក់​ថែមទៀត​។

លោកប៉ា សុជាតិ​វង្ស ​បាន​បញ្ជាក់​ទៀត​ថា ការតែងតាំង​ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល​នេះ គឺ​ដើម្បី​បំពេញ​នូវ​បេសកកម្ម ដឹកនាំ​ការងារ​គណបក្ស​ក្នុងការ​ពង្រឹង​មូលដ្ឋាន​ខណ្ឌ​សង្កាត់​របស់​យើង​ត​ទៅមុខទៀត​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

លោក​នៅ សារឿន ដែល​ត្រូវ​បានប្រកាស​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​កំបូល​នេះ បានធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ចុះ​ចលនា​មហាជន ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ដឹកនាំ​និង​រំឭក​សមាជិក​សមាជិកា​គណបក្ស​ឲ្យ​អនុវត្ត​តួនាទី​ភារកិច្ច​អនុវត្តតាម​គោលនយោបាយ​គណបក្ស ឲ្យ​បាន​ខ្ជាប់ខ្ជួន រក្សា សមិទ្ធផល​នានា​របស់​គណបក្ស។ យក​ចិត្ត​ទុកដាក់​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។ អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​ឲ្យ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អនុវត្ត​ផែនការ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ចុះ ឲ្យ​ទទួល​បាន​ជោគជ័យ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114