ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​អះអាង​ថា ​ជំនន់​ទឹកភ្លៀង​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មណ្ឌល​ប្រឡង​បាក់​ឌុប​ទេ

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ គិត​មកដល់​ថ្ងៃ​ទី​១៤ ​សីហា​ ឆ្នាំ​២០១៩ នៅ​មិនទាន់​មាន​មណ្ឌល​ប្រឡង​ណាមួយ​ទទួលរង​ផលប៉ះពាល់​ខ្លាំង​គួរ​ឲ្យ​កត់សំគាល់រ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​កម្ពុ​ជាថ្មី ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែសីហា​ ឆ្នាំ​២០១៩​ឲ្យ​ដឹង​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឆ្នាំនេះ​គឺ​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ការ​គ្រោងទុក​ដដែល​ គឺ​ថ្ងៃ​ទី​១៩​និង​២០ ​ខែសីហា ​ឆ្នាំ​២០១៩ ​បើ​ទោះ​បី​ជា​មាន​បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏ដោយ​។ ​ព្រោះថា​ រហូតមកដល់​ថ្ងៃទី​១៤​ សីហា​ ឆ្នាំ២០១៩ នៅ​មិនទាន់​មាន​មណ្ឌល​ប្រឡង​ណាមួយ​ទទួល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នោះឡើយ​ទេ​។

លោក​បាន​បន្ត​ថា ​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ​បាន​ត្រៀម​មណ្ឌល​ប្រឡង​មួយ​ចំនួន​រួចជាស្រេច​នៅក្បែរ​មណ្ឌល​ប្រឡង​ប្រសិនបើ​មាន​ករណី​ចាំបាច់​ណាមួយ​កើតឡើង​ជាយថាហេតុ​ដើម្បី​ដោះដូរ​ទីតាំង​មណ្ឌល​ប្រឡង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មានការ​អាក់ខាន​ដំណើរការ​ប្រឡង​ឡើយ។

អ្នកនាំពាក្យ​រូប​នោះបាន​បន្ថែមទៀត​ថា ​ក្រសួង​អប់រំ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​តាមដាន​ទៅលើ​ស្ថានភាព​បរិយាកាស និង ​អាកាសធាតុ​ជាប្រចាំ​នៃ​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​ជា​ផ្លូវ​ផង​ដែរ​ ដើម្បី​ត្រៀមលក្ខណៈ​និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា។

ទន្ទឹម​នឹង​នេះ​ ក្រសួង​អប់រំ​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការ​អន្តរាគមន៍​ទៅលើ​កត្តា​ចាំបាច់​មួយ​ចំនួន​ក្នុង​នោះ​មាន​ការជួយ​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​របស់​បេក្ខជន​ប្រឡង​ពី​គេហដ្ឋាន​របស់​ពួកគាត់​មកកាន់​មណ្ឌល​ប្រឡង​ទៅតាម​លទ្ធភាព​ជាក់​ស្តែង​ដែល​អាចធ្វើ​ទៅ​បាន​។ ក្រៅ​ពី​នេះ​ ក្រសួង​ក៏​នៅតែ​បន្ត​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​ ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន​និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា ​ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង រតនគិរី មណ្ឌលគិរី កំពត កែប​និង​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក្រៅពី​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ ហើយ​ប៉ះពាល់​ដល់​ប្រជាជន​ចំនួន ៥៨៦៩​គ្រួសារ ប្រជាពលរដ្ឋ ១៣ ៤២​គ្រសារ ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន​ក៏មាន​សាលារៀន ១៩​កន្លែង រង​ប៉ះពាល់​ផងដែរ​។​

លោក រស់ សុ​វាចា​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ មាន​មណ្ឌល​ប្រឡង​សរុប​២០២​មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​វិទ្យាសាស្ត្រ​សង្គម​១២៧​មណ្ឌល មាន ៤៧២៥​បន្ទប់ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧០២៤​នាក់ ស្រី​៦០៤២១​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់​មាន​១៨១០​បន្ទប់​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់​មាន​២៩១៥​បន្ទប់​។

គួរ​បញ្ជាក់​ថា ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​ដាក់​អ្នកសង្កេតការណ៍​ដូច​បណ្តា​ឆ្នាំ​មុនៗ​នោះ​ទេ​ ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​អប់រំ​ជា​អ្នក​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង​វិញ​។

លោក រស់ សុ​វាចា បាន​បញ្ជាក់​ថា ​ក្រសួង​អប់រំ​បាន​ជ្រើសរើស​ជំនួយការ​អប្បមាទ​ជាង​២​ពាន់​នាក់​សម្រាប់ ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ដោយ​ក្នុង​អប្បមាទ​ម្នាក់​ត្រូវ​ទទួល​ខុសត្រូវ​បន្ទប់​ប្រឡង​ចំនួន​២​បន្ទប់​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក​បាន​បន្ត​ថា ​ក្រសួង​អប់រំ​នៅតែ​បន្ត​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​បន្តទៀត​ក្នុងករណី​មានការ​សូកប៉ាន់​លុ យ​កាក់​នៅពេល​ប្រឡង និង​អំពើពុករលួយ​ផ្សេងៗ​មួយចំនួនទៀត​ដែល​កើតឡើង​ក្នុងកំឡុងពេល​ប្រឡង​។

លោក​បាន​បន្ថែមទៀតថា​ ក្រសួង​អប់រំ​នៅតែ​ប្តេជ្ញា​ធានា​គុណភាព​ប្រឡង​ខ្ពស់​ដដែល ​ដោយ​ឈរលើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​ទាំងអស់គ្នា​បើទោះជា​មិនមាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ផ្សេងៗ​ក៏ដោយ៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114