ព័ត៍មានទាន់​ហេតុការណ៏
Search

មកពី​ភ្នំពេញ​ ​មកឆក់​ទូរស័ព្ទ​នៅ​ក្រុង​ប៉ោយប៉ែត​អស់លក្ខណ៍​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូនទៅ​ដេក​គុក

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​រួប​រាង​ស្អាតបាត​មិន​ប្រឹង​រក​ការងារ​ធ្វើ​បែកគំនិត ចេញពី​ក្រុងភ្នំពេញ​មក​នៅ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ស្ត្រី​ម្នាក់​តែ​អស់លក្ខណ៍​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​កន្លែង​លក់​រថយន្ត ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ហើយ​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​បញ្ជាក់​ទៀត​ថា ​បើ​តាម​ការអះអាង​របស់​ជន​រងគ្រោះ​ឈ្មោះ ពឿ​យ ស្រី​កែវ ភេទ ស្រី អាយុ ១៨​ឆ្នាំ​ស្នាក់នៅ​បណ្តោះអាសន្ន ស្ថិតក្នុង​ភូមិ​គីឡូត៍​ម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​និយាយថា ​នៅ​យប់កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវលំ​ម្តុំ​ស្តង់​តា​ងួន លុះ​ជិះ​ដល់​ចំណុច​កន្លែង​លក់​រថយន្ត ស្រាប់​តែ​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាក Dream C125 ពណ៌​ខ្មៅ តាម​ពីក្រោយ​ស្រប​ទិស​គ្នា ពេល​ជិះ​មក​ក្បែរ​ក៏​លូកដៃ​មក​ឆក់​យក​ទូរស័ព្ទ​ពី​ក្នុង​ហោប៉ៅ​ក្រោយ​របស់​ខ្លួន ហើយក៏​ជិះ​រត់គេច​ទៅ​ពេលនោះ​ខ្លួន​បាន​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​មួយសន្ទុះ​ក្រោយមក​ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ភ្លាមៗ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​មានឈ្មោះ​ទីន ប៊ុន​ថៃ ភេទប្រុស អាយុ២៣​ឆ្នាំ​រស់នៅ​បណ្តោះអាសន្ន ស្ថិតនៅ​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រួម​ជា​មួយ និង​ម៉ូតូ ១​គ្រឿង ម៉ាក Dream ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥​ ដែល​ជនសង្ស័យ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ឆក់​ទូរស័ព្ទ​តាម​ដង​ផ្លូវ​។

ក្នុង​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ស្ត្រី​នោះ​ពិតប្រាកដ​មែន​នេះ​ ជា​លើក​ចុង​ក្រោយ​ហើយ​ផ្អែកលើ​ចម្លើយ​សារភាព​របស់ជនស​ង្ស័​យ​ឃើញ​ថា មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ លួច​ទូរស័ព្ទ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ចំណែក​ទូរស័ព្ទ​កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ប្រគល់​ជូន​ដល់​ជនរងគ្រោះ​វិញ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114