ព័ត៍មានទាន់​ហេតុការណ៏
Search

សហគមន៍ ជីន ប៉ី ផ្តល់​អំណោយ​ដល់​ក្មេង​ក្រីក្រ នៅ​មណ្ឌល​តា​សៅ​ថ្មដា​

ព្រះសីហនុ ៖ សប្បុរសជន សហគមន៍ ជីន ប៉ី បាន​នាំយក​អំណោយ​អង្ករ គ្រឿង​ឧបភោគ​បរិភោគ ប៊ិច សៀវភៅ សម្ភារៈប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ទៀត ផ្តល់ជូន​ដល់​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពី​មើលឃើញ​ពី​ការលំបាក​ខ្វះខាត ជាច្រើន​របស់​ក្មេង​ក្រីក្រ​សម្រាប់​រៀនសូត្រ​នៅក្នុង​សមាគម។

​លោក ANSON CHAN ប្រធាន​សហគមន៍ ជីន ប៉ី រួម​ដំណើរ​ជាមួយ​លោក ANDREWអ្នកគ្រប់គ្រង​គ្រូ​សហគម ជីន ប៉ី បាន​នាំយក​នូវ​អំណោយ​របស់ សហគមន៍ ជីន ប៉ី ប្រគល់ជូន​ដោយផ្ទាល់​នៅ​មណ្ឌល​តា​សៅ​ថ្មដា ដោយមាន​លោក ថន ថា​រិ​ទ្ធ ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ ជា​អ្នកទទួល​រួមទាំង​ក្មេង​នៅក្នុង​មណ្ឌល​ជាច្រើន​ផងដែរ​។​

​អំណោយ​ដែល​សប្បុរសជន សហគមន៍ ជីន ប៉ី បាន​ឧបត្ថម្ភ​នាពេលនោះ​រួមមាន អង្ករ​ចំនួន​៤០​បាវ គ្រឿងឧបភោគ​បរិភោគ ប៊ិច សៀវភៅ សម្ភារៈប្រើប្រាស់​ផ្សេងៗ​សរុប​ថវិកា​ចំនួន​៣០០០​ដុល្លារ និង​ថវិកា​ជួសជុល​បង្អួច ទ្វា ពិតាន សរុប​ជា​ទឹកប្រាក់​ចំនួន ៦២៩៣​ដុល្លារ​អាមេរិក​ដើម្បី​ជាការ​រួមចំណែក​មួយ​ជួយ​ទ្រទ្រង់​ដល់​មណ្ឌល​សម្រាប់​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

​លោក ANSON CHAN ប្រធាន​សហគមន៍ ជីន ប៉ី បានបញ្ជាក់​ឲ្យ​ដឹងថា ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ខ្វះខាត​មួយចំនួនធំ​ដល់​ក្មេង​ក្រីក្រ​សម្រាប់​រៀនសូត្រ​នៅក្នុង សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទើប​សប្បុរសជន សហគមន៍ ជីន ប៉ី តែងតែបាន​ឧបត្ថម្ភ នូវ​អង្ករ​ចំនួន​៤០​បាវ​និង​គ្រឿងឧបភោគ បរិភោគ​និង​សម្ភារៈ​សិក្សា និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ ជាច្រើន​ទៀត ជា​រៀងរាល់ខែ ចាប់តាំងពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៧​មក។ បន្ថែម​ពីលើ​នេះ​សម្រាប់​ខែសីហា​នេះ បានផ្តល់​ថវិកា​ចំនួន​៦២៩៣​ដើម្បី​ធ្វើការ​ជួសជុល​បង្អួច ទ្វា ពិ​ដាន​កុំ ឲ្យ​លិច ទឹក​ក្នុង​រដូវវស្សា​នេះ​។​

លោក ថន ថា​រិ​ទ្ធ ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​និង​ជា​ដំណក់ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​សហគមន៍​ជីន ប៉ី ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឲ្យ​ដំណើរការ ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែលជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​ប្រទេសជាតិ​នាពេល​អនាគត​៕

ដោយ ៖ វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114