ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ « ចង​មុង » កាត់ទោស​អតីត​ឧកញ៉ា​ហូរ ចំរើន

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៤​សីហា ឆ្នាំ​២០១៩​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស​អតីត​ឧកញ៉ា ហូរ ចំរើន ពីបទ​ឆបោក ប៉ុន្តែ​អ្វីដែល​ធ្វើអោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​សវនាការ​នេះ ​ត្រូវបាន​គេ​សម្រេច​បិទទ្វារ « ចង​មុង »​កាត់ទោស​តាម​រូបភាព​អសាធារណៈ​លើ​ទណ្ឌិត​ជន​ដែលជា​នីតិជន។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​អោយដឹងថា សវនាការ​លើ​សំណុំរឿង​ឆបោក​ដែលមាន​ជនជាប់ចោទ​ឈ្មោះ​ហូរ ចំរើន នេះ​ដឹកនាំ​ដោយ​លោក​ចៅក្រម ពេជ្រ វិជ្ជាធរ និង​លោក ស្រី ម៉ា​ក់នី ជា​តំណាង​អយ្យការ។​

ពាក់ព័ន្ធ​នឹង​ករណី​​​តុលាការ​បិទទ្វារ​កាត់ទោស​ជនជាប់ចោទ​ឈ្មោះ ហូរ ចំរើន នោះ ​ប្រភព​ព័ត៌មាន ​ដែល​ស្និទ្ធ​នឹង​លោក​ចៅក្រម​សវនាការ​បាន​បញ្ជាក់​អោយដឹងថា តុលាការ​មិនបាន​ហាមឃាត់​សាធារណជន​មិន​អោយចូល​ស្ដាប់​ការកាត់ទោស ឬ​សវនាការ​តាមបែប​អសាធារណៈ​ទេ ប៉ុន្តែ​បញ្ហា​នេះ​អាចមាន​ការឃុបឃិត​គ្នា​រវាង​ក្រុមគ្រួសារ​ជនជាប់ចោទ​ជាមួយនឹង​អ្នក​យាមកាម​សន្តិសុខ​បិទទ្វារ​បន្ទប់​សវនាការ​ហាម​មិនអោយ​សាធារណជន​និង​អ្នកកាសែត​ចូល​ស្ដាប់​ការសួរដេញដោល​ជនជាប់ចោទ។​

ទោះបីយ៉ាងណា ក្រោយពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃទី ១៤​សីហា ឆ្នាំ​២០១៩​នេះ ចៅក្រម​ជំនុំ​ជម្រះ​បានសម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ២៧​សីហា ឆ្នាំ​២០១៩​ខាងមុខ។​

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍ បានសម្រេច​មិន​ដោះលែង​អោយ​ជនជាប់ចោទ​ហូរ ចំរើន​នៅ​ក្រៅ​ឃុំ​ឡើយ រហូតដល់​តុលាការ​សម្រេច​ក្នុង​អង្គសេចក្ដី។

កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​ សភា​​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បាន​លើក​យក​សំណុំរឿង​មុន​អង្គសេចក្ដី​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ឧកញ៉ា​ហូរ ចំរើន មក​បើកសវនាការ​ស្ងាត់​ៗ​តាម​រូបភាព​អសាធារណៈ។

ជនជាប់ចោទ​ហូរ ចំរើន ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូនមក​នៅ​ចំពោះមុខ​សភា​ស៊ើបសួរ​អមដោយ​មេធាវី​គូក្ដី​នៃ​រឿង​ព្រហ្ម​ទណ្ឌ។​

ក្រោយពី​បញ្ចប់​នៃ​ការលើក​សំអាង​ហេតុ​របស់​ជនជាប់ចោទ​រួចមក ក្រុមប្រឹក្សាតុលាការ​បាន​សម្រេច​កំណត់​យក​ថ្ងៃទី ១៤​កុម្ភៈ​ឆ្នាំ​២០១៩​ខាងមុខ ដើម្បី​ប្រកាស​សាលដីកា។

មន្ត្រី​តុលាការ​បាន​បង្ហើប​អោយដឹងថា ជនជាប់ចោទ ហូរ ចំរើន មាន​រឿងក្ដី​ពាក់ព័ន្ធ​នឹង​រឿង​លួច​យក​ដី​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ​ទៅ​ដាក់បញ្ចាំ​ធនាគារ​យកប្រាក់​ចំនួន​៩​លាន​ដុល្លារ រឿង​ចេញ​សែក​ស្អុយ និង​ឆបោក។

​ដើមបណ្ដឹង​ក្នុង​រឿងក្ដី​នេះ ឈ្មោះ Kim Myungil ឆ្នាំ​កំណើត ១៩៥៨ ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោ​ធ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន KTC ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត​ បាន​ប្ដឹង​ឈ្មោះ​ហូរ ចំរើន ឆ្នាំ​កំណើត​១៩៨១ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៧២ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ពីបទ ឆបោក បទ​រំលោភ​លើ​ទំនុកចិត្ត បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៥។

​ប្រភព​បាន​បន្ត​អោយដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៥ លោក KIM YUNGIL បាន​លក់​ដី​របស់​ក្រុមហ៊ុន​KTC ដែលមាន​ទីតាំងនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​ពោ​ធ៍​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ អោយឈ្មោះ ហូរ ចំរើន តាមរយៈ​ការ​ចរចា​ពី​ឈ្មោះ លី ធុច ដែល​បាន​ណែនាំ​អោយ​ស្គាល់​ហូ ចំរើន ហើយ​បានធ្វើ​កិច្ចព្រមព្រៀង​ទិញ​លក់​ដី​ចុះ​ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ​២០១៥។

​ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​បាន​មួយខែ គូ​ភាគី​ទិញ លក់ បាន​កែប្រែ​កិច្ចព្រមព្រៀង​បន្ថែម​ចុះ​ថ្ងៃ​ទី ២២​ធ្នូ​​ ​ឆ្នាំ​២០១៥ និង​មាន​ធ្វើលិខិត​កិច្ចសន្យា​ចុះ​ថ្ងៃទី ២២​ធ្នូ ឆ្នាំ​២០១៥​ដោយ​ផ្ដិតមេដៃ​ផ្ទេរ​ក្រុមហ៊ុន​រួមទាំង​អចលនវត្ថុ​ទាំងអស់​អោយមក​ភាគី​លោក KIM YUNGIL វិញ​នៅមុខ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ធានា​ការ​ទូទាត់​ប្រាក់​ជា​បន្តបន្ទាប់​តាមរយៈ​មូលប្បទានប័ត្រ ប៉ុន្តែ​មូលប្បទានប័ត្រ​ទាំងអស់​សុទ្ធតែ​គ្មាន​ប្រាក់​សម្រាប់​ទូទាត់។ ហើយ​លោក​ហូរ ចំរើន​ចេះតែ​គេចវេះ​រហូត និង​ពន្យារពេល​រហូត​ដោយ​ការ​ពន្យារពេល​ម្ដងៗ​សុទ្ធ​ធ្វើឡើង​នៅ​ចំពោះមុខ​លោក​លី ធុច។ ទើប​នៅ​ថ្ងៃទី ១៨​មិថុនា ឆ្នាំ​២០១៧ ហូរ ចំរើន​បាន​ប្រើល្បិច​ថា​នឹង​បញ្ចប់​ការទិញ​លក់​ដោយ​ប្រគល់​ដី​ទាំងអស់​អោយមក​លោក​KIM YUNGIL វិញ​នៅ​ខែមិថុនា ឆ្នាំ​២០១៧។ ដោយសារ​មិន​ចង់​មានទំនាស់​តទៅទៀត​លោក​KIM ក៏​រង់ចាំ​ការផ្ទេរ​សិទ្ធ​មកវិញ ប៉ុន្តែ​លោក​ហូរ ចំរើន ចេះតែ​ថា​កំពុង​ដំណើរការ​ផ្ទេរ​សិទ្ធិ។ លុះ​ក្រោយមក​ទើប​លោក​KIM ដឹងថា​ហូរ ចំរើន កាត់ឈ្មោះ​ចេញពី​ដី​របស់​ក្រុមហ៊ុន​ដោយ​មិនអោយ​លោក​KIM ដឹង ហើយ​បាន​យក​ទ្រព្យ​ទាំងនោះ​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​យកប្រាក់​ចំនួន​៩​លាន​ដុល្លារ​ទៅ​បាត់​ហើយ ។​

ទង្វើ​ទាំងនេះ​បង្ហាញ​ពី​ភាព​ទុច្ចរិត​របស់​ឈ្មោះ​ហូរ ចំរើន ដែល​បានរៀបចំ​គម្រោង​បោក​បញ្ឆោតស៊ី​ដាច់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​KTC ។​

នៅក្នុង​ពាក្យបណ្ដឹង​របស់លោក​KIM YUNGIL បានទាមទារ​យក​ដីរបស់​ក្រុមហ៊ុន​មកវិញ សំណូមពរ​អោយ​តុលាការ​ចោទប្រកាន់​ផ្ដន្ទាទោស​ឈ្មោះ​ហូរ ចំរើន​តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត​ចំនួន​៥​សែន​ដុល្លារ ។​

​សូម​រំលឹកថា ​បច្ចុប្បន្ន​នេះ​ ទណ្ឌិត​ហូរ ចំរើន​ កំពុង​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពាក់ព័ន្ធ​ការបាញ់​កាំភ្លើង​គំរាមកំហែង​ម៉ែ​ឪ​ក្មេក​និង​ប្រពន្ធ​នៅក្នុង​ផ្ទះ៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114