ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី​ រេ​ចង្កូត​បំពាន​ផ្លូវ​ម៉ូតូ ​ស្លាប់​ម្នាក់ និង​បាក់ជើង​ពីរ​នាក់​

​បាត់ដំបង ៖ ក្មេងៗ​ប្រុស/ស្រី ចំនួន៣នាក់ បាន​ស្លាប់ និង រងរបួស​បាក់ជើង រដូករណែល​ពេញ​ផ្លូវ ខណៈដែល​ពួកគេ​កំពុង​បើកបរ​ម៉ូតូ ក៏​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​មកពី​មុខ រេ​មក​បុក​ទាំង​កម្រោល​តែម្តង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧និង១០នាទីយប់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅ​ចំណុចភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង រវាង​រថយន្ត​ដឹក​ដី ជាមួយនឹងម៉ូតូ។​

តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ទាំងយប់​បាន​និយាយថា ទី​តាំង​កើតហេតុ​ គឺ​ផ្លូវ​មាន​សភាព​តូច ហើយ​នៅត្រង់​ភ្លើង​ស៊ីញ៉ូ​ខាងឆ្វេង​របស់​រថយន្ត មាន​ស្នាម​ប៉ះទង្គិច ដែល​សបញ្ជាក់​ឲ្យ​ឃើញថា រថយន្ត​បាន​បំពាន​ទៅលើ​ផ្លូវ​របស់​ភាគី​ម៉ូតូ ដែល​បង្កឲ្យមាន​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ចំនួន២​នាក់​បន្ថែមទៀត។​

រថយន្ត​បង្ក​នោះ​ម៉ាក នីសា​ន់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​BB.0298 រីឯ ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក លេខ​1AG6173 ជិះ​គ្នា ៣នាក់ ដែល​បើកបរ​ដោយ​ឈ្មោះ ចាន់ គឹម​ឡាង ភេទ​ស្រី អាយុ១៧ឆ្នាំ ( ស្លាប់ ) និង​អ្នករួមដំណើរ​ឈ្មោះ ណាំង ផា​រ៉េត ភេទ​ស្រី អាយុ១៧ឆ្នាំ ( បាក់ជើង​ឆ្វេង​ម្ខាង ) និង ឈ្មោះ ណេ ណៃ ភេទ​ប្រុស អាយុ១០ឆ្នាំ ( បាក់ជើង​ទាំងពីរ ) ដោយ​អ្នក​ទាំង​៣ រស់​នៅ​ភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតនៈមណ្ឌល ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ស្រមោល មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់។

បច្ចុប្បន្ន កម្លាំង​ បាន​នាំយក​មធ្យោបាយ​ទាំង២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន រង់​ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​អោយចូល​ខ្លួន​មក​បំភ្លឺ​នៅ​ចំពោះមុខ​ច្បាប់៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114