ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​បេតុង​ទើបតែ​កសាង​រួចរាល់​ប្រវែង​៣២៥​ម៉ែត្រ បាន​សម្ពោធ​ដាក់ឲ្យ​​ប្រជាពលរដ្ឋ​ភូមិ​ឡ​ទឹកត្រី ប្រើ​ប្រាស់​ជា​ផ្លូវការ​

កំពង់ឆ្នាំង​ ៖ លោក ក្រូច ម៉ា​រ៉ា អភិបាលរងក្រុង​កំពង់ឆ្នាំង នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​បេតុង​ប្រវែង​៣២៥​ម៉ែត្រ ដាក់ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ប្រើប្រាស់​ជា​ផ្លូវការ បាន​ថ្លែង​ថា​ ៖ ផ្លូវ​បេតុង​នេះ​ គឺជា​ទ្រព្យសម្បត្តិ​សាធារណៈ និង​ក៏​ជា​ចំណែក​មួយ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឡ​ទឹកត្រី​ផង​ដែរ ព្រោះ​ប្រជាពលរដ្ឋ​យើង​បាន​ចេញ​ប្រាក់​បដិភាគ​គ្រប់​ក្រុមគ្រួសារ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ​ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​​​ថវិកា​កសាង​ផ្លូវ​មួយ​នេះ​ឡើង។ ដូច្នេះ​ដើម្បីឲ្យ​ផ្លូវ​បេតុង​នេះ​មានគុណ​ភាពល្អ​ប្រើប្រាស់​បានយូរ​អង្វែង ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ដែលជា​ម្ចាស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​រថយន្ត​ទំនិញ​ធ្ងន់ៗ​លើក​កំណត់​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​ឡើយ​។

ក្នុង​នោះ​ដែរ ​ក៏​ត្រូវ​ទប់ស្កាត់​គោយន្ត​កង់​ដែក​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​ កុំ​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​ ដែល​អាច​នឹង​បង្ក​ឲ្យ​ផ្លូវ​បេតុង​នេះ​បែកបាក់​ប្រេះស្រាំ​ខូចគុណភាព។

លោក​ស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ មាន​ប្រវែង​៣២៥​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​កម្ពស់​០,១៥​ម៉ែត្រ ចំណាយ​អស់​ថវិកា​ចំនួន​៩៦​លាន​រៀល ដែល​ជា​ថវិកា​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៩ និង​បាន​កសាង​ដោយ​ក្រុមហ៊ុន អ៊ុយ ប៊ុន​គឹមហុង ដោយ​មានគុណ​ភាពល្អ​ត្រឹមត្រូវ ដែលមាន​ការត្រួតពិនិត្យ​ច្បាស់លាស់​ពី​ក្រុមបច្ចេកទេស​ជំនាញ​របស់​ខេត្ត។

​លោកស្រី​ចៅសង្កាត់ បាន​បន្ត​ឲ្យ​ដឹងថា​ ការពិត​ថវិកា​របស់​ឃុំ​៩៦​លាន​រៀល អាច​ក​សាង​ផ្លូវ​បេតុង​នេះ​បានតែ​២៩៧​ម៉ែ​ត្រែ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយមាន​ការ​គាំ​ក្នុង​គម្រោង​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ សង្កាត់ និង​សប្បុរស បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៨​លាន​រៀល​ទៀត​ទើប​កសាង​ផ្លូវ​នេះ​រួចរាល់ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់ នៅ​ជំពាក់​ក្រុមហ៊ុន​នូវ​ថវិកា​ចំនួន​៣​លាន​រៀល​ទៀត ក្នុងការ​ទូទាត់​ផ្លូវ​នេះ ដែល​ខាង​មុខ​នេះ ​អាជ្ញាធរ​សង្កាត់​កំពង់ឆ្នាំង នឹង​រៀបចំ​ធ្វើបុណ្យ​ផ្កា​មួយ​ឆ្លង​ផ្លូវ​នេះ ដើម្បី​ប្រមូល​បច្ច័យ​សង​ក្រុមហ៊ុន។

នៅក្នុង​ពិធី​នេះដែរ លោក អ៊ុច ណុ​ច ប្រធាន​ផ្នែក​ការ​វិនិយោគ​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា​ ចាប់ពី​ឆ្នាំ​២០១៨​មក ផែនការ​វិនិយោគ​កសាង​ផ្លូវ​នៅក្នុង​មូលដ្ឋាន​ថ្នាក់លើ​មិន​អនុញ្ញាតឲ្យ​កសាង​ផ្លូវលំ​ក្រួស​ក្រហម​ទៀត​ទេ ព្រោះ​ផ្លូវ​ក្រួស​ក្រហម​មានគុណ​ភាព​យ៉ាងយូរ​បានតែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ ដែល​ត្រូវ​ខាត​ថវិកាជាតិ​ច្រើន។ ចំណែក​ការ​កសា​ង​ផ្លូវ​បេតុង​វិញ​នោះ វា​មាន​គុណភាព​៣០​ឆ្នាំ ដែល​យើង​អាច​ប្រើប្រាស់​បាន។​

​ចំពោះ​ការ​ក​សាង​ផ្លូវ​នេះ​វិញ គឺ​ក្រុមហ៊ុន​ត្រូវ​ធានា​ខុសត្រូវ​ជួសជុល​៦​ខែ តែ​ផុតពី​៦​ខែ​ទៅ ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​ភូមិ សង្កាត់ គឺជា​អ្នក​ម្ចាស់​ការថែទាំ និង​រក្សា​ការពារ​ដោយ​ខ្លួន​ឯង ទើប​យើង​អាច​ប្រើប្រាស់​ផ្លូវ​នេះ​បានយូរ​អង្វែង។​

​ដោយឡែក ​នៅក្នុង​ពិធី​នេះដែរ ប្រជាពលរដ្ឋ​ភូមិ​ឡ​ទឹកត្រី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាធរ សង្កាត់​កំពង់ឆ្នាំង ពិសេស​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​បានផ្តល់​ថវិកា​អនុវត្ត​គម្រោង​នេះ​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ និង​សហការ​ជាមួយ​អាជ្ញាធរ​ជួយ​ថែរក្សា​ការពារ​ផ្លូវ​នេះ ដើម្បី​ប្រយោជន៍​រួម​នៅក្នុង​មូលដ្ឋាន ព្រោះថា​ពេល​មាន​ផ្លូវ​ល្អ ជីវភាព​ប្រជាពលរដ្ឋ​នឹង​ប្រសើរ​ឡើង​៕

ដោយ ៖ ឈៀង ថា​រិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114