ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​កីឡាហែលទឹក​ខេត្ត​បាត់ដំបង​ គ្រោង​ចំណាយ​ថវិកា​២០០​លាន​ដុល្លារ​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ពុធ ១៤​កើត ខែស្រា​ពណ៌ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អញ្ជើញ​អមដំណើរ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​កីឡា​ហែលទឹក​ខេត្តបាត់ដំបង ស្ថិតនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង​។​

កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល នៃ​គណៈ​អភិបាលខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា និង​និស្សិត​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ជាច្រើន​នាក់​ផងដែរ​។​

មណ្ឌល​កីឡាហែលទឹក​ខេត្តបាត់ដំបង​នេះ គ្រោង​នឹង​សាងសង់ឡើង​ដោយ​យក​គំរូ​ប្លង់​តាម “​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​ខេត្តកំពង់ចាម​” លើ​ផ្ទៃដី​ទំហំ ១១២ម៉ែត្រ គុណ​នឹង៦៥ម៉ែត្រ ចំណាយ​ពេល​សាងសង់២៤​ខែ និង​ថវិកា ២.០០០.០០០ ដុល្លារ (​ពីរលាន​ដុល្លារ​សហរដ្ឋអាមេរិក​) សម្រាប់​ការ​ហ្វឹកហាត់ និង​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ជាពិសេស​ការប្រកួត​ដណ្ដើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (SEA GAME) ឆ្នាំ​២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​។​

សូមបញ្ជាក់​ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដែល​ត្រូវ​សាងសង់​រួមមាន ​៖ អាង​សម្រាប់​ប្រកួត​ទំហំ២៥​ម គុណ៥០​ម ជម្រៅ២​ម អាង​លោតទឹក​ទំហំ២០​ម គុណ២៥​ម ជម្រៅ៤,៥​ម អាង​ហែល​កម្តៅ​សាច់ដុំ ទំហំ១០​ម គុណ១៥​ម ជម្រៅ១,៥​ម ប៉ម​លោតទឹក​កម្ពស់១០​ម ចែក​ជា​ថ្នាក់​លោត​កម្ពស់ ៣​ម​, ៥​ម​, ៧​ម និង​១០​ម​។

អាង​ទាំងបី និង​ប៉ម​លោតទឹក​ត្រូវ​សាងសង់​នៅលើ​ខឿន​ទំហំ ៤០​ម គុណ១១២​ម ខ្ពស់ជាង​ដី​កំណើត ១,៥​ម អាងទឹក​ក្នុង​ដី​សម្រាប់​រក្សា​តុល្យភាព​ទឹក​អាង​ទាំងបី ទំហំ១០​ម គុណ១៥​ម ជម្រៅ​២,៥​ម កន្លែង​អង្គុយ​ទស្សនា​ទំហំ៧​ម គុណ៨៣​ម ចំណុះ​៤០០​នាក់ ក្នុងនោះ​សម្រាប់​គណៈអធិបតី ចំនួន ៥០​នាក់ រួមទាំង​អគារ និង​បន្ទប់​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កីឡា​នេះ រួមទាំង​ទីធ្លា​សម្រាប់​ចត​រថយន្ត​ផងដែរ​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ បាន​ជំរុញ​ឲ្យ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់​កម្ពុជា​មានការ​រីក​ច្រើន​គួរឲ្យ​កត់សម្គាល់ បច្ចុប្បន្ន​យើង​បាន​ទាក់ទង​ជាមួយ​ភាគី​ថៃ ដើម្បី​បញ្ជូន​កីឡាករ កីឡាការិនី​ខ្មែរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ក៏ដូចជា​អញ្ជើញ​គ្រូបង្វឹក​ពី​ប្រទេស​ថៃ ដើម្បី​មក​បង្វឹក​កីឡាករ និង​កីឡា​ការិនី​ខ្មែរ​ផងដែរ។ កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព មិត្តភាព និង​ការរីកចម្រើន​វប្បធម៌ អរិយធម៌​របស់​ជាតិ​សាសន៍​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំ​ជួយ​អភិវឌ្ឍ និង​ពង្រឹង​សេដ្ឋកិច្ចជាតិ​ផងដែរ តាម​រយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​ទស្សនា​កាន់តែច្រើន​ឡើង​។​

ជាមួយគ្នា​នោះ​ផងដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍ឲ្យ​បង្កើត​ក្លឹប​កីឡា​ផ្សេងៗ​ទៀត​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដូចជា កីឡាបាល់ទាត់ បាល់ទះ និង​កីឡា​ប្រដាល់​ជាដើម និង​បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ជាពិសេស​សិស្ស​និស្សិត​ទាំងអស់​ដែលមាន​និស្ស័យ​នឹង​កីឡាហែលទឹក​ចូលរួម​ហ្វឹកហាត់​តាម​ក្រម​វិន័យ និង​ដំបូន្មាន​របស់​គ្រូបង្វឹក ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ និង​ពេញលេញ សម្រាប់​ត្រៀម​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​ការប្រកួត​ពា​ន់​រង្វាន់​កីឡា​ស៊ី​ហ្គែ​ម​ឆ្នាំ​២០២៣​ខាងមុខនេះ។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ខ្មែរ​ទាំងអស់​នៅ​សហរដ្ឋអាមេរិក ដែល​បាន​បរិច្ចាគ​ថវិកា ដើម្បី​ជួយ​ជ្រោមជ្រែង​សាងសង់​បណ្ណាល័យ​នៅក្នុង​សាកលវិទ្យាល័យ​បាត់ដំបង​នេះ៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114