ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករ​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ ប្រទះឃើញ​គ្រាប់មីន​សល់​កាលពី​សម័យ​សង្គ្រាម ក្នុង​ចំការ​មាន​ទំនាស់ នៅ​ជើងភ្នំ​កេះ

ប៉ៃលិន ​៖ ​មីន​មួយ​គ្រាប់ ដែល​សេសសល់​ពី​សង្គ្រាម ត្រូវបាន​ប្រជាពលរដ្ឋ ដែលជា​កម្មករ​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​ដំឡូង​មី​ឲ្យ​គេ ប្រទះឃើញ​នៅក្នុង​ចម្ការ​របស់​ឈ្មោះ ទេព វា​រី ភេទ​ស្រី កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​ចំណុច​ភ្នំ​កេះ ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

បុរស​ម្នាក់​ឈ្មោះ សួង ម៉ុក ជា​កម្មករ​ស៊ីឈ្នួល​បាញ់​ស្មៅ​ដំឡូង​មី បាន​ឲ្យ​ដឹងថា​ ៖ មុនពេល​ប្រទះ​ឃើញ​គ្រាប់មីន​នេះ គឺ​ពួកគាត់​មាន​គ្នា​៣​ទៅ​៤​នាក់ បាន​ទៅ​ស៊ីឈ្នួល​បាញ់ថ្នាំ​ស្មៅ​ដំឡូង​មី​ឲ្យ​ឈ្មោះ វ័រ រួម ដែល​ជួល​ដី​ពី​ឈ្មោះ ទេព វា​រី លុះ​កំពុងតែ​ចុះ​បាញ់ថ្នាំ​ស្មៅ បានជា​ច្រើន​ជួរ បម្រុង​នឹង​ត្រឡប់​ទៅ​សម្រាក ក៏​ស្រាប់តែ​ប្រទះឃើញ​គ្រាប់មីន ដែល​ផុស​លើដី ធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ព្រលឹង​ចុងសក់​តែម្តង។​

គាត់​បាន​បន្តថា ​៖ គ្រាន់តែ​ប្រទះឃើញ​គ្រាប់មីន​ភ្លាម រូបគាត់ ក៏​ផ្អាក​បាញ់ថ្នាំ​ស្មៅ រួច​រាយការណ៍​ប្រាប់​លោក វ័រ រួម ជា​មេឃុំ​ស្ទឹងត្រង់ ឲ្យ​ចុះមក​ពិនិត្យ និង​រាយការណ៍​បន្ត​។​

បើតាម​លោក វ័រ រួម មេឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ បាន​បញ្ជាក់​ថា​ ដីចម្ការ ដែល​គាត់​ជួ​ល​ពី​ឈ្មោះ ទេព វា​រី ជា​ដី​ធ្លាប់​ភ្ជួរ​រាស់​ជាង​១០​ឆ្នាំ​មកហើយ ពុំដែល​មាន​អ្វី​កើតឡើង​នោះទេ ព្រោះ​ទីតាំង​ដី​ម្តុំ​នេះ ក៏​មាន​ខាង​អាជ្ញាធរ​ស៊ីម៉ាក់​ចុះ​មក​ដោះ​ផងដែរ។

​លោក​មិនដឹងថា តើ​គ្រាប់មីន​នេះ ចេញ​មកពីណា​នោះដែរ ស្រាប់តែ​វា​បង្ហាញ​ខ្លួន​លើដី ដែល​លោក​កំពុង​ជួល​គេ​ដូច្នោះ។

លោក​មេឃុំ បាន​បន្តថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏​មាន​គ្រាប់មីន​៦៩​មួយ​គ្រាប់​ដែរ ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅ​គល់ឈើ ក្បែរ​ទីតាំង​ដី​របស់លោក​ដែរ ជាមួយគ្នានេះ​លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​គ្រាប់មីន​នេះ ព្រោះ​រាជរដ្ឋាភិបាល ក៏​កំពុង​យក​ចិត្ត​ទុកដាក់​ផងដែរ អំពី​គ្រាប់មីន។​

​ពាក់ព័ន្ធ​ករណីនេះ ត្រូវបាន​មន្ត្រី​ស៊ីម៉ាក់ ដែល​ចុះ​ដល់ទី​តាំង​ប្រទះឃើញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ គ្រាប់​មីន ដែល​ពលរដ្ឋ​ប្រទះឃើញ មាន​ពីរ​កន្លែង​ផ្សេងគ្នា ជា​ប្រភេទ​គ្រាប់មីន​៦៩ និង​គ្រាប់មីន​ស្គរ ដែល​គ្រាប់មីន​នេះ វា​ជា​ប្រភេទ​គ្រាប់មីន​សេសសល់​ពី​សម័យ​សង្គ្រាម ជាមួយគ្នានេះ​មន្ត្រី​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ធ្វើ​ចម្ការ​ស្រែ បើ​បាន​ប្រទះឃើញ​គ្រាប់មីន​ហើយ សូម​មក​រាយការណ៍ ដល់​សមត្ថកិច្ច​ជំនាញ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ ព្រមទាំង​យកទៅ​កម្ទេច​ចោល និង​កុំ​ប៉ះពាល់​គ្រាប់មីន​ឲ្យ​សោះ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​បងប្អូន​ផងដែរ៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114