ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​កាំកុងត្រូល ​ចុះ​ត្រួត​ពិនិត្យ​២​ក្រុង​ស្រុក ​រក​ឃើញ​ម្ហូបអាហារ​គ្មាន​សុវត្ថិភាព​ជាច្រើន​មុខ

បន្ទាយមានជ័យ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​​បន្ទាយ​មានជ័យ​ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​អង្កេត​នៅ​លើ​ទីផ្សារ ក្រុង ស្រុក​២ គឺ​ក្រុង​សិរីសោភ័ណ និង​ស្រុក​ព្រះនេត្រព្រះ​​ ពិសេស​មន្ត្រី​កាំកុងត្រូល ផ្តោត​លើ​ផ្ទះ​តៀម ​និង​ហាង​ទំនិញ​ ដើម្បី​រក​នូវ​គុណភាព សុវត្ថិភាព ផល​ផលិតផល​ម្ហូបអាហារ។

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះមក​ពិនិត្យ​ទៅលើ​សុវត្ថិភាព​ផលិតផល​ម្ហូប​អាហារ​ ដែ​ល​ប្រជាពលរដ្ឋ​ទិញ​ទទួលទាន ធានាបាន​គុណភាព​ល្អ​ ហើយ​ព្រឹក​នេះ ​មន្ត្រី​ជំនាញ​បាន​ចុះមក​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការ​ចេះ​មើលថែរក្សា​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព​ប្រើប្រាស់​ និង​ការ​ហាមឃាត់​លក់ទំនិញ​គ្មាន​ស្លាក​សញ្ញា​ និង​គ្មាន​ប្រភព​ច្បាស់លាស់​។​

លោក សាន ​វិជ្ជា​សា​រ៉ាវុធ បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មន្ត្រី​របស់​លោក​ចុះមក​ណែនាំ​ពី​ផ្លូវច្បាប់ ​និង​នីតិ​វិធី​រួចហើយ​ អាជីវករ​នៅ​មិន​រាងចាល​ទៀត ​មន្ត្រី​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​ច្បាប់​។​

នៅ​ក្នុងពេល​ការចុះ​ត្រួត​អង្កេត​នេះ ​មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ ផលិតផល​ម្ហូបអាហារ​គ្មាន​សុវត្ថិភាព​ចំនួន​៧​ប្រភេទ ជា​មុខសញ្ញា​ផលិតផល​ម្ហូបអាហារ​មាន​ហានិភ័យ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស ហើយ​ត្រូវ​រឹបអូស​ដើម្បី​យកទៅ​ដុត​បំផ្លាញ​ចោល។​

លោក​សាន វិជ្ជា​សា​រ៉ាវុធ ​បាន​ណែនាំ​អាជីវករ​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មុនគេ​ទំនិញ​ដែល​ងាយ​នឹង​ហួស​សុពលភាព​ប្រើប្រាស់​រួមមាន ៖ ​ប្រភេទ​ទឹកក្រូច ស្រ​សា​បៀរ ស្ករ​គ្រាប់ ទឹក​ដោះ​គោ​ជូរ គឺជា​ប្រភេទ​ទំនិញ​ដែលមាន​អាយុកាល​ប្រើប្រាស់​រយៈពេល​ខ្លី​។​

លោក​ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ ​បាន​ណែនាំ​អាជីវករ​ដាក់លក់​ទំនិញ​ជា​ទំនិញ​ផលិត​នៅក្នុង​ស្រុក ក៏ត្រូវ​មើល​ការ​វេច​ខ្ចប់ មើល​ស្លាក​សញ្ញា​ត្រឹមត្រូវ​ និង​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​សហគ្រាស អ្នកលក់​បោះ​ដុំ​ឲ្យ​បិទ​ស្លាក​សញ្ញា​ត្រឹមត្រូវ​តាម​គោលការណ៍​ការធ្វើ​ពាណិជ្ជកម្ម ដូច​ដូចជា​បិទ​ស្លាក​សញ្ញា​ជាដើម៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114