ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ច្រាំង​ចោត ស្ថិតនៅ​ស្រុក​បាណន់ និង​ស្ពាន​៤​ទៀត នៅ​ស្រុក​សំឡូត ស្រុក​បវិល ស្រុក​ឯក​ភ្នំ និង​ស្រុក​កំរៀង​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ពុធ ១៤​កើត ខែស្រា​ពណ៌ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ អម​ដំណើរ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ស្ពាន​ច្រាំង​ចោត ដែល​ស្ថិតនៅ​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ និង​ស្ពាន​ចំនួន​៤​ទៀត នៅ​ស្រុក​សំឡូត ស្រុក​ប​វិល ស្រុក​ឯក​ភ្នំ និង​ស្រុក​កំរៀង ដែល​ឆ្លង​កាត់​ស្ទឹង​សង្កែ និង​ស្ទឹង​ផ្សេៗ​ទៀត ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តបាត់ដំបង​។

ពិធី​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ នៃ​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជា​ពល​រដ្ឋ​ជាច្រើន​នាក់​។​

ស្ពាន​ច្រាំង​ចោត មាន​ប្រវែង សរុប១៦២​ម៉ែត្រ ទទឹង០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក បាណន់ ត្រូវបាន​អនុវត្ត​ការសាងសង់​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន ​នៃ​ក្រសួង ការពារ​ជាតិ និង​ត្រូវបាន​ត្រួតពិនិត្យ​ការសាងសង់​ដោយ​នាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ដោយ​ចំណាយ​ពេល​សាងសង់ ចំនួន​០២​ឆ្នាំ ចាប់ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ និង​ចំណាយ​ថវិកា រាជរដ្ឋា​ភិ​បាល​សរុប ប្រមាណ​ជា​៤ ៩៧១លាន​រៀល​។

ចំណែក​ស្ពាន ចំនួន៤​ផ្សេងទៀត​រួមមាន​ ៖ ស្ពាន​ប្រវែង​៤៥​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​ម៉ាក់​ឃ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វិល ស្ពាន​ប្រវែង ៧២​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ស្ពាន​ប្រវែង​៥៤​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​បឹង​អូរ​ជាង ឃុំ​កំរៀង ស្រុក​កំរៀង និង​ស្ពាន ប្រវែង​១០២​​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ក៏​ត្រូវបាន​អនុវត្ត ការសាងសង់​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន នៃ​ក្រសួង​ការ​ពារជាតិ និង​ត្រួតពិនិត្យ​ការ​សាង សង់​ដោយ​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម គម្រោង​ថវិកា​រាជរដ្ឋាភិបាល​ផង​ដែរ​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អាន​របាយការណ៍​ជូន​ សម្ដេច​ក្រឡាហោម ស ខេង អំពី សមិទ្ធ​ផល​នានា​ដែល​ប្រសូត​ចេញ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការអនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ គិត​ត្រឹម​ឆ្នាំ​២០១៨ កន្លងទៅនេះ រួមមាន ​៖ ការងារ​ស្តារ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត បាន​ប្រវែង ចំនួន​១៦ ២៩២ គ​.​ម បាន ក្រាល​កៅស៊ូ និង​បេតុង ប្រវែង​៨ ៦២០​គ​.​ម ស្មើនឹង​៥៣% ក្នុងនោះ​ផ្លូវជាតិ​កម្រិត​១​លេខ ក្រាល​កៅស៊ូ និង​បេតុង​បាន​១០០% ផ្លូវជាតិ​កម្រិត​២​លេខ បាន​៧២,៣០% និង​ផ្លូវ​ខេត្ត​បាន​៣០,៤០%​។

ដោយឡែក ផ្លូវជាតិ​ដែល​ត្រូវ​ពង្រីក​ជា​៤​គន្លង បាន​បញ្ចប់​មាន​ប្រវែង​១៥៧​គ​.​ម កំពុង​សាងសង់​ពង្រីក បន្ថែម​មាន​ប្រវែង​សរុប​៤៣១ គ​.​ម ស្ពាន​ធំៗ ដែល​បាន​សាងសង់​រួច​មាន ចំនួន​១៧ ស្ពាន ប្រវែង​សរុប​១៦ ០៦៧​ម៉ែត្រ និង​ស្ពាន​កំពុង​សាងសង់ ចំនួន​១ ប្រវែង​១ ១៣១​ម៉ែត្រ​។​

ស្ពាន​ទាំងអស់នេះ គឺជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​របស់​រាជរដ្ឋាភិបាល ដែល​ឆ្លើយតប​ទៅ​នឹង​សំណូមពរ និង​តម្រូវការ​ នៃ​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ស្រុក​ទាំង​០៥ របស់​ខេត្ត​បាត់ដំបង និង​ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ការ​ត.ភ្ជាប់​ ពេញលេញ ក្នុង​ភូមិ​សាស្ត្រ ខេត្ត​បាត់ដំបង​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ដងស្ទឹង​សង្កែ និង​ស្ទឹង​ផ្សេងៗ​ទៀត នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​

លោក​ទេសរដ្ឋមន្ត្រី​ បាន​សម្ដែង​នូវ​ការ​ថ្លែង​អំណរគុណ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែន ដី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ជួយ​ជ្រោមជ្រែង​សហការ​ឲ្យ​ដំណើរការ​សាងសង់​ស្ពាន​ទាំងនេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​បានបញ្ចប់​តាម​ពេលវេលា​កំណត់​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ស្ពាន​ទាំងនេះ ដោយ​ស្មារតី​ជា​ម្ចាស់ និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​ចងចាំ​ជានិច្ច​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី “​ថ្ងៃនេះ ថ្ងៃស្អែក សូម​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”។​

ជាមួយគ្នានេះ​ផងដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​សាទរ​ចំពោះ​លទ្ធផល​សម្រេច​បានល្អៗ នៅ​ក្នុង​វិស័យ សាធារណការ និង​ដឹក ជញ្ជូន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជការ និង ថ្នាក់ដឹកនាំ​ក្រសួង កង វិស្វកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​សាងសង់​ស្ពាន​ទាំងនេះ​ឲ្យ​សម្រេចបាន​ជោគជ័យ និង​បាន​បន្ថែម​ថា ​៖ សមិទ្ធផល​នេះ​ ជា​កាដូ​ពិសេស​សម្រាប់ សម្រាល​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង៕

​ដោយ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114