ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន ចំណង​ស្នេហា​ដើរ​ដល់​ផ្លូវ​បញ្ចប់​ ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា

​ភ្នំពេញ ​៖​ ដូច​អ្វីដែល​មហាជន​គិត​មិន​ខុស​មែន ​នៅ​ទីបំផុត​រឿងរ៉ាវ​ស្នេហា​បាក់​បែក​គ្នា​របស់​តារា​ចម្រៀង​យ៉េៗ​វ័យ​ជ្រេ ​អ្នកនាង ឆៃ លីដា​ឡែ​ន និង​ ស្វាមី​ពេលនេះ ​ត្រូវ​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ហើយ​។​នេះ​បើតាម​ប្រភព​មួយចំនួន​បានបញ្ជាក់​មុននេះ​។​

​ជាការ​កត់​សម្គាល់​កន្លង​តារា​ស្រី​ អ្នកនាង ឆៃ លីដា​ឡែ​ន ត្រូវបាន​ទស្សនិកជន​សង្កេតឃើញ​ថា ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាង​ជារឿយៗ ​ ​ តែងតែ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ភ្ជាប់​លាយឡំ​មក​ជា​មួយ​ទឹកមុខ​ក្រៀមក្រំ ​និង​ថ្លែង​សារ​រៀបរាប់​ពី​ទុក្ខសោក​មួយចំនួន​ជុំវិញ​ជីវិត​បច្ចុប្បន្ន​។​ ប៉ុន្តែ​កាលនោះ​ ពុំ​ត្រូវ​បាន​ប្រភព​ណាមួយ​បញ្ជាក់​ទេ​ថា ​តារា​ស្រី ឆៃ លីដា​ឡែ​ន កំពុងមាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​ធ្ងន់ធ្ងរ​មិនអាច​ដោះស្រាយបាន​នោះឡើយ​។​

​ទន្ទឹមគ្នា​ នៃ​រឿងរ៉ាវ​នេះ​កំពុង​បាន​ក្លាយជា​ចម្ងល់​របស់​មហាជន​កាន់តែច្រើន​ទើប​ធ្វើ​ឲ្យ​សាមីខ្លួន​ កញ្ញា ឆៃ លីដា​ឡែ​ន បាន​ចេញមុខ​សារភាព​ដោយ​ពុំ​មានការ​លាក់បាំង​ថា ​ពេលនេះ​ចំណង​ស្នេហា​រវាង​នាង​ និង​ស្វាមី​ បាន​ដើរ​ដល់​ផ្លូវបែក​បាក់​គ្នា​ហើយ​។​ នាង​ថា​ចំពោះ​ការសម្រេចចិត្ត​ចែកផ្លូវ​ដើរ​ផ្សេងគ្នា​នេះ គឺ​កើតចេញពី​ការព្រមព្រៀង​ និង​ស្រុះស្រួល​រវាង​នាង​ និង​ស្វាមី​ដោយ​ពុំ​មាន​ភាគី​ណា​ម្នាក់​ខុស​ ឬ​ត្រូវ​នោះឡើយ​។​

​អ្នកនាង ឆៃ លីដា​ឡែ​ន​ បាន​បញ្ជាក់ថា ​មូលហេតុ​ដែល​ពួកគេ​ត្រូវ​បញ្ចប់​ផ្លូវ​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​នោះ ​គឺ​ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ​ឬ​អាច​និយាយបានថា​អស់​និស្ស័យ​គ្នា​ត្រឹមនេះ​។​ម្យ៉ាងទៀត ​ចំពោះ​កូន​ គឺ​ពួក​យើង​មាន​សិទ្ធិ​មើលថែ​រួមគ្នា​រហូតដល់​ធំ​ពេញវ័យ​ហើយ​រវាង​នាង ​និង​ស្វាមី​ក៏​ទទួល​ការ​រាប់អាន​គ្នា​ដូច​ធម្មតា​។​

​សូម​បញ្ជាក់​ថា​ តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន និង ​ស្វាមី​ក្មេង​ លោក រិទ្ធី ឧ​ត្ត​ម​ស៊ី​ដា​រ៉ា បន្ទាប់ពី​សម្រេច​ចូល​រោងការ​ស្រលាញ់​គ្នា​ជា​ប្តី​-​ប្រពន្ធ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ គឺ​ពួកគេ​ទាំងពីរ​ក៏​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​ដែល​ជា​តំណក់​ឈាម​រួមគ្នា​។ ​ប៉ុន្តែ​ដោយសារ​ហេតុផល​ខាងលើ​ពេលនេះ​ជីវិត​ស្នេហា​ប្តី​-​ប្រពន្ធ​ធ្លាប់​តែ​មាន​ភាព​ល្អូកល្អឺន ​និង​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​ ក៏​ត្រូវបាន​កាត់ផ្ដាច់​ទៅវិញ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114