ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ស្ថានីយ​បញ្ចូល​ហ្គាស៍​រថយន្ត​យីហោ​ LPG24​ម៉ោង នៅ​កណ្ដាល​ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ប្រុស/​ស្រី​រង​របួស​​១៣​នាក់​

សៀមរាប ​៖​ នគរបាល​ជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ស្ថានីយ​បញ្ចូល​ហ្គាស៍​រថយន្ត​LPG24​ម៉ោង ​មួយកន្លែង ​នៅ​កណ្តាល​ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ប្រុស​/ស្រី​រងរបួស​ធ្ងន់​ និង​ស្រាល​ កើនឡើង​ដល់​ចំនួន​១៣​នាក់ ​ក្នុងនោះ​មាន​ជនបរទេស​២​នាក់​ និង​មន្ត្រី​នគរបាល​ម្នាក់​ផងដែរ​។​ ចំពោះ​ករណីនេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា ប​ណ្តា​ល​មកពី​ការផ្ទេរ​ហ្គាស៍​ពី​រថយន្ត​ដឹក​ហ្គាស៍​មក​ស្តុក​ក្នុង​ឃ្លាំង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​១៥​នាទី ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​រលត់​ជា​ស្ថាពរ​ទៅវិញ​នៅ​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃ​ដដែល​។​

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មូលហេតុ​តាម​ការបំភ្លឺ​របស់​ឈ្មោះ ឃើញ សុ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ឲ្យ​ដឹងថា មាន​រថយន្ត​បញ្ចូល​ហ្គាស៍​០១​គ្រឿង កំពុង​បញ្ចូល​ហ្គាស៍ ស្រាប់តែ​ឮ​សំលេង​ផ្ទុះ​បែក​បំពង់​បញ្ចូល​ហ្គាស៍ ធ្លាយ​ហ្គាស៍​ចេញមកក្រៅ បន្ទាប់មក​មាន​សំលេង​ផ្ទុះ​ហ្គាស៍​ម្តង​ទៀត​យ៉ាងខ្លាំង ជាមួយ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រហូតដល់​ផ្ទុះ​ស្ទេ​ន​ផ្ទុក​ហ្គាស៍​។​

លោក​ឧត្ដមសេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ​ថា ម្ចាស់​ទីតាំង​ ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គាស៍ មាន​ទីលំនៅ​នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប​។​

​លោក​បន្តថា ករណីនេះ បណ្តាល​ឲ្យ​រង​ការខូចខាត​កន្លែង​បញ្ចូល​ហ្គាស៍​ជញ្ជាំង​ស័ង្កសី ​ប្រក់​ស័ង្កសី ប្រវែង ៨x១២ ម៉ែត្រ ម៉ូតូ​២​គ្រឿង​ឆេះ​ខ្ទេច​,​ឡាន​បញ្ចូល ហ្គាស៍​០១​គ្រឿង​, ឡាន​០១​គ្រឿង​បែក​កញ្ចក់​, មនុស្ស​របួស​១៣​នាក់ ស្រី​២​នាក់ របួសធ្ងន់​៧​នាក់​។ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​កង​រាជអាវុធហត្ថ​ខេត្ត​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៧​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​បូរី​ទេសចរណ៍​០១​គ្រឿង ​ប្រើប្រាស់​ទឹក​អស់​៣​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​ភូមិ​វប្បធម៌​០១​គ្រឿង ប្រើ​ទឹក​អស់​០២​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​បេតិកភណ្ឌ​០១​គ្រឿង ប្រើ​ទឹក​អស់​៣​ឡាន រថយន្ត​ពន្លត់​អគ្គិភ័យ​ព្រលាន​០១​គ្រឿង ប្រើ​ទឹក​អស់២​ឡាន សរុប​១២​គ្រឿង​ប្រើ​ទឹក​អស់៣២​ឡាន ពន្លត់​ចប់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១៥​និង​១០​នាទី។

​លោក​បញ្ជាក់ថា ករណីនេះ​បណ្តាលមកពី​ផ្ទុះ​ស្ទេ​ន​ផ្ទុក​ហ្គាស៍​។​ លោក​បញ្ជាក់ទៀតថា ករណីនេះ​ក្នុង​នាម​លោក​ឧត្ដមសេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​បាល​ខេត្ត​ និង ​រូបលោក​ផ្ទាល់​ សូម​សំណូមពរ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប ទាំងអស់​ដែល​បើក​ស្ថានីយ​លក់​សាំង ​និង​លក់​ហ្គាស៍ មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត និង​ត្រូវ​ទាក់ទង​មកកាន់​នគរបាល​ជំនាញ​ដើម្បី​បំពាក់​ឧបករណ៍​បង្ការ​និង​ការពារ​ទីតាំង​របស់​បងប្អូន​កុំ​ឲ្យ​រងគ្រោះ​តទៅទៀត​។

​លោក​បន្ថែមថា ចំពោះ​មន្ត្រីនគរបាល​អន្តរាគមន៍ និង​ពលរដ្ឋ​ដែល​រងរបួស​ធ្ងន់ ទាំងអស់នោះ​កំពុង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក្នុងប្រទេស​ និង​ក្រៅប្រទេស ហើយ​បច្ចុប្បន្ន​ពួកគាត់​បាន​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ​។ ​ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ខាង​សមត្ថកិច្ច បាន​ទាក់ទង​ទៅ​គាត់​រួចហើយ ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​នាំ​បុគ្គលិក​របស់​គាត់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​ពេល​ត្រលប់មក​ខេត្តសៀមរាប វិញ ម្ចាស់​ទីតាំង​ខាង​លើ​នឹង​សង​សំណង​ដល់​ការខូចខាត​ក្នុងករណី​គ្រោះថ្នាក់​នេះ​ផង​ដែរ ហើយ​ទីតាំង​បញ្ចូល​ហ្គាស៍​នេះ​នឹង​ត្រូវ​បិទ​ចោល​តែម្ដង​៕​

ដោយ ​៖ ​កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114