ព័ត៍មានទាន់​ហេតុការណ៏
Search

Facebook ត្រូវ​រាយការណ៍​ថា​ លួច​ស្ដាប់​ការសន្ទនា​របស់​អ្នកប្រើប្រាស់

សារព័ត៌មាន​អាមេរិក ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គា​រថា​ក្រុមហ៊ុន Facebook បាន​ជួល​អ្នកម៉ៅការ​រាប់រយ​នាក់​ឱ្យ​ស្ដាប់​និង​ចម្លង​អត្ថបទ​ការសន្ទនា​របស់​អ្នកប្រើប្រាស់។

​ជាមួយគ្នានេះ​ក្រុមហ៊ុន Facebook បានទទួល​ស្គាល់​ការលួចចម្លង​ទាំងនេះ​ដែល​ត្រូវបាន​ចុះផ្សាយ​ដំបូង​ដោយសារ​ព័ត៌មាន Bloomberg និង​បាន​ប្រាប់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការលួចចម្លង​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការអនុញ្ញាត​ពី​អ្នកប្រើប្រាស់​ប៉ុន្តែ​ការអនុវត្ត​នេះ​ត្រូវបាន​បញ្ឈប់​។​

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​បាន​ថ្លែងថា “​ដូចគ្នា​ជាមួយ​ក្រុមហ៊ុន Apple និង Google ដែរ​យើង​បាន​ផ្អាក​ការត្រួតពិនិត្យ​សំឡេង​ជាង​១​សប្ដាហ៍​មកហើយ​។​”

​ក្រុម​អ្នកម៉ៅការ​ទាំងនោះ​បាន​សាកល្បង​សមត្ថភាព​បច្ចេកវិទ្យា AI របស់​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​ក្នុង​ការបកប្រែ​សារ​ហើយ​អ្នកប្រើប្រាស់​ដែល​ត្រូវ​រង​ផលប៉ះពាល់​បំផុត​នោះ​គឺ​អ្នក​ដែល​នៅលើ​កម្មវិធី Facebook Messenger ដែល​បានជ្រើសរើស​ឱ្យមាន​ការផ្ញើ​សារ​ជា​សំឡេង​។​

​សារព័ត៌មាន Bloomberg បាន​បន្ថែមថា​ក្រុម​អ្នកម៉ៅការ​ទាំងនោះ​ធ្វើការ​លើ​គម្រោង​ដែល​ត្រូវ​ស្ដាប់​សំឡេង​ឆ្លើយឆ្លង​ជា​ឯកជន​របស់​អ្នកប្រើប្រាស់​ដែល​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​ហើយ​ដែល​ពេលខ្លះ​មាន​ភាពមិន​សមរម្យ​។​

Facebook បានផ្ដល់​ការឆ្លើយតប​ខុសៗ​គ្នា​ចំពោះ​ការរាយការណ៍​ទាំងនោះ​ថា​ខ្លួន​បាន​ប្រើ​ការថត​សំឡេង​ទាំងនោះ​ដើម្បី​កំណត់​គោលដៅ​នៃ​ការផ្សាយពាណិជ្ជកម្ម​កាន់​តែ​ល្អ​ក៏ដូចជា​ដើម្បី​ធ្វើឱ្យ​ទំព័រ​របស់ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ​៕ REUTERS

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114